ក្រសួងព័ត៌មានបើកចំហការបញ្ចេញមតិលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន តាមអ៊ីនធឺណិត
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៨មករានេះ បានរៀបចំសន្និសីទសារព័ត៌មាន នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រមួយ ដែលជាប្រយោជន៍ដល់សាធារណជន ក្នុងការចូលទៅបញ្ចេញមតិយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ រដ្ឋាភិបាល សង្ឃឹមថា គេហទំព័រនេះ នឹងជួយឲ្យសេចក្តីព្រាងច្បាប់នេះ ទទួលបានផលវិជ្ជមាន និងមិនមានភាពចម្រូងចម្រាស ពេលត្រូវបានអនុម័តរួច។ ចំណែកសង្គមស៊ីវិល បានសាទរ តែក៏ចង់ឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់ពីមាត្រានីមួយៗនៃច្បាប់ ដើម្បីចៀសវាងការភាន់ច្រលំ។
គេហទំព័រដែលក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា បានរួមគ្នាបង្កើតនេះ មានអាស័យដ្ឋាន www.a2i.info.gov.kh។ គេហទំព័រនេះ នឹងជាសារៈសំខាន់មួយសម្រាប់សាធារណជន ចូលទៅបញ្ចេញមតិយោបល់ លើមាត្រា នៃជំពូកនីមួយៗ របស់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងព័ត៌មានរៀបចំ តាំងពីក្រោយការបោះឆ្នោត កាលពីឆ្នាំ ២០១៣ ហើយកាលពីខែឧសភា ឆ្នាំ ២០១៤ ក្រសួងព័ត៌មាន សហការជាមួយស្ថានទូតនៃប្រទេសស៊ុយអែត និងអង្គការយូណេស្គូប្រចាំកម្ពុជា ក៏បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ។
លោកហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា ការរៀបចំបង្កើតគេហទំព័រនេះ មានបំណងចង់ឲ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចូលរួមផ្តល់មតិយោបល់ ដើម្បីឲ្យច្បាប់នេះ ស្របតាមស្តង់ដារអន្តរជាតិ។
លោកហ៊ុយ សារ៉ាវុធ បានបន្ថែមថា ទម្រាំរៀបចំបានសេចក្តីព្រាងច្បាប់មួយនេះ ក្រសួង ក្រោមកិច្ចឧបត្ថម្ភពីអង្គការយូណេស្កូ បានបង្កើតក្រុមការងារបច្ចេកទេស។ បង្កើតកិច្ចប្រជុំគណៈកម្មការមួយ ដែលធ្វើឡើង ១២ដងក្នុងមួយឆ្នាំ ។ បង្កើតកិច្ចប្រជុំអនុគណៈកម្មការតាក់តែង ដែលធ្វើឡើង ៥២ដង ក្នុង១ឆ្នាំ។ និងមានវគ្គបណ្តុះបណ្តាល ចំនួន ៤លើកក្នុង ១ឆ្នាំ ដើម្បីពង្រឹងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ បានថ្លែងក្នុងឱកាសនោះថា ការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ គឺក្នុងចក្ខុវិស័យឆ្ពោះទៅរកច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា ដែលផ្សារភ្ជាប់រាជរដ្ឋាភិបាល ជាមួយពលរដ្ឋក្នុងការចូលរួមបង្កើតច្បាប់។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សិទ្ធិទទួលព័ត៌មាន ជាឧបករណ៍ដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តម្លាភាព អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
សង្គមស៊ីវិល ដែលតាមដានលើសេចក្តីព្រាងច្បាប់នេះ បានសាទរចំពោះការដាក់ឲ្យដំណើរការនូវគេហទំព័រ www.a2i.info.gov.kh ដើម្បីឲ្យសាធារណជនបញ្ចេញមតិយោបល់។ ប៉ុន្តែសង្គមស៊ីវិល ក៏ចង់ឲ្យរដ្ឋាភិបាល ទទួលយក ទស្សនៈមតិរបស់សាធារណជន និងសង្គមស៊ីវិល យកទៅពិចារណាផងដែរ។ ហើយសង្គមស៊ីវិល ថែមទាំងចង់ឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់លើមាត្រានីមួយៗនៃច្បាប់ ដើម្បីកុំឲ្យមានការយល់ច្រលំ។
សូមបញ្ជាក់ថា គេហទំព័រនេះ នឹងបើកឲ្យដំណើរការរហូត បើទោះបីជាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានអនុម័តក៏ដោយ។ ហើយគេហទំព័រនេះ ក៏មិនលាក់បាំងពីមតិរបស់អ្នកបញ្ចេញយោបល់នោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ