កម្ពុជា

ព្រះ​សង្ឃ​២​អង្គ​រង​ការ​ចោទ​ប្រកាន់​ទាក់​ទង​ទៅ​នឹង អំពើ​ហិង្សា​ត្រូវ​បាន​ដោះ​លែង

ភិក្ខុសង្ឃព្រះនាម ពេជ្រ ដេវីដ ត្រូវបានដោះលែងឲ្យចេញពីពន្ធនាគារ។
ភិក្ខុសង្ឃព្រះនាម ពេជ្រ ដេវីដ ត្រូវបានដោះលែងឲ្យចេញពីពន្ធនាគារ។ អង្គការធម្មទានសង្គម

ព្រះ​សង្ឃ​ពីរ​អង្គ​ព្រះ​នាម​ពេជ្រ ដា​វីដ និង ចាន់ សំបូរ ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​កាល​ពី​ខែ​មុន ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​ព្រះសង្ឃ​ក្នុង​អង្គការ​ធម្មទាន​សង្គម និង​ប្រជា​ពលរដ្ឋ។ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​សៀមរាប​បាន​ហៅ​ការ​ដោះលែង​ព្រះសង្ឃ​ទាំងពីរ​អង្គ​ថា ជាការ​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ។

ផ្សាយពាណិជ្ជកម្ម

ភិក្ខុ​សង្ឃ​ព្រះ​នាម ពេជ្រ ដេវីដ ត្រូវ​បាន​ដោះលែង​ឲ្យ​ចេញពី​ពន្ធនាគារ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ ពុធ ទី ០៨តុលា​នេះ បន្ទាប់​ពី​ការ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨​ខែកញ្ញា​កន្លង​ទៅ​នេះ បន្ទាប់​ពី​មានការ​ចោទ​ប្រកាន់​មួយ​នៅក្នុង​វត្ត​ពោធិ​លង្កា ក្នុង​ក្រុង​សៀមរាប​ថា​ព្រះសង្ឃ​អង្គ​នេះ​បាន​តដៃ ព្រម​ទាំង​ធ្វើ​ឲ្យ​របួសស្នាម​នៅ​ក្នុង​ប្រតិ​បត្តិការ​មួយ​របស់​អាជ្ញាធរ។

នៅ​ព្រឹក​មិញ​នេះដែរ​ពិធី​សូត្រមន្ត​លាង​គ្រោះ និង​ជយនតោ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​មុខ​ពន្ធនាគារ​ខេត្ត​ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះ​សង្ឃ​ជិត​១០០​អង្គ និង​ពុទ្ធ​បរិស័ទ ដើម្បី​ឲ្យ​ព្រះ​តេជគុណ​ដេវីដ គ្រង​ស្បង់ ចីវរ ឡើង​វិញ តែ​មិន​មែន​បួស​ឡើង​វិញ​នោះ​ទេ ដោយសារ​តែ​លោក មិនបាន​លា​ចាក​សិក្ខា​បទ​អ្វី​ឡើយ នេះ​បើ​តាម​ភិក្ខុ ងិន សៅរ៍​សំខាន់ ប្រធាន​អង្គការ​ធម្មទាន​សង្គម។

ខណៈ​ដែល​មាន​ពិធី​ដង្ហែរ​ភិក្ខុ​សង្ឃ ពេជ្រ ដេវីដ ទៅ​កាន់​វត្ត​ពោធិ​លង្កា ជា​វត្ត​ដើម​ដែល​ព្រះសង្ឃ​អង្គ​នេះ​គង់​នៅ​វិញ​នោះ ព្រះ​តេជគុណ ងិន សៅរ៍​សំខាន់ មាន​សង្ឃដីកា​រថា​ព្រះអ​ង្គ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​សូម​កុំ​ឲ្យ​មាន​ការ​ប្រមាថ​ទៅ​លើ​សាសនា ព្រម​ទាំង​ធ្វើ​យុទ្ធនា​ការសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ព្រះ​សង្ឃ។ ព្រះ​សង្ឃ ចាន់ សំបូរ ដែល​បាន​ជាប់​ឃុំ​ដែរ​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង​បន្ទាប់​គ្នា​ដែរ។

លោក ពេជ្រ កែវ​និមល អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប បាន​បញ្ជាក់​ថា​ពិតជា​មាន​ការ​ដោះលែង​ដោយ​សម្រប​សម្រួល​ពី​តុលាការ​ឲ្យ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។

លោក នូ ពុទ្ធិ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពា​រ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ថា ការ​ដោះ​លែង​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នា​ពេល​នេះ បន្ទាប់ពី​មាន​ការ​បិណ្ឌ​បាត​ពី​ព្រះ​សង្ឃ​និង​សំណូមពរ​ពី​ប្រជា​ពលរដ្ឋ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ចាត់ទុក​ថា នេះ​គឺជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​ក្នុងការ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​បង្ហាញ​ពី​ការ​រួបរួមគ្នា​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​។

ព្រះសង្ឃ ពេជ្រ ដេវីដ និង​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត​ព្រះនាម ចាន់ សំបូរ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សៀមរាប​ឃាត់​ខ្លួន​ដំណាល​គ្នា​នៅ​ក្នុង​វត្ត​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រ​ព្រឹត្តិ​អំពើ​មិន​គប្បី​នៅ​ក្នុង​វត្ត​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ដូច​ជា​ក្រេប​គ្រឿង​ស្រវឹង និង​ទាក់ទង​ស្រី​ញី​ជាដើម។ ក៏​ប៉ុន្តែ​ព្រះសង្ឃ​ទាំងពីរ​អង្គ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ព្រម​ទាំង​បញ្ជាក់​ថា អ្វី​ៗ​ត្រូវ​កូន​សិស្ស​លោក​ជា​អ្នក​ធ្វើ​ឡើង​ក្រោម​ការ​រៀប​ចំ​មួយ​។

ប៉ុន្តែ​ព្រះ​សង្ឃ​នៅក្នុង​អង្គការ​ធម្មទាន​សង្គម ក៏​ដូចជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ពោធិ​លង្កា​បានធ្វើ​ការ​ទាមទារ ឲ្យ​មានការ​ដោះលែង​ព្រះ​សង្ឃ​ទាំងពីរ​អង្គ ព្រម​ទាំង​កំណត់​ពេល​ធ្វើ​បាតុ​កម្ម​ធំ​នៅ​ថ្ងៃ​ទី​១០​តុលា​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI