អានតួអត្ថបទ
កម្ពុជា

ការតវ៉ា​ជំទាស់​នឹង​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ​មក​រស់នៅ​កម្ពុជា នៅតែបន្ត

ពលរដ្ឋកម្ពុជាចេញធ្វើបាតុកម្មប្រឆាំងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី របស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។
ពលរដ្ឋកម្ពុជាចេញធ្វើបាតុកម្មប្រឆាំងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី របស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។ បណ្តាញសង្គម
ដោយ៖ លី ម៉េងហួរ
១៣ នាទី

ជា​ថ្មី​ម្តង​ទៀត​ ក្រុម​យុវជន​ ព្រះសង្ឃ​ និង​ប្រជា​សហគមន៍​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​ បាន​បន្ត ​ជំទាស់​នឹង​គម្រោង​បញ្ជូន​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ​មក​រស់នៅ​កម្ពុជា។ ​ក្នុង​សន្និសីទ​កាសែត​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ក្រុម​អ្នក​តវ៉ា ​បាន​អះអាង​ថា​ កម្ពុជា​ មិន​ទាន់​មាន​សមត្ថភាព​ពេញ​លេញ​ ដើម្បី​ទទួល​ជន​អន្តោប្រវេសន៍ ​ចូល​មក​រស់នៅ​ទេ​ ព្រោះ​សព្វថ្ងៃ ​មិន​ទាន់​មាន​ការ​គោរព​ច្បាប់​ទម្លាប់ ​ហើយ​បញ្ហា​ដី​ធ្លី ​ក៏​នៅ​តែ​កើត​មាន​ ដោះស្រាយ​មិន​ទាន់​ចេញ​ នៅ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ក្រុមយុវជន ព្រះសង្ឃ និង​ប្រជា​សហគមន៍ តំណាង​អ្នកមាន​បញ្ហាដីធ្លី បាន​ជួបជុំ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១៣តុលា​នេះ ក្នុង​សន្និសីទកាសែត​មួយ នៅ​សាកលវិទ្យាល័យ​ខេមរៈ ក្នុង​រាជធានី​ភ្នំពេញ និយាយ​ពី​គម្រោង​បញ្ជូន និង​ទទួលយក​ជនអន្តោប្រវេសន៍ ពី​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា។ ជា​គម្រោង ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ជំទាស់។

ព្រះ​តេជគុណ កែវ សុ​ម៉ាលី បាន​មាន​ថេរ​ដិ​កា​ថា ការបញ្ជូន និង​ការទទួល​ជនអន្តោប្រវេសន៍ ពី​អូស្ត្រាលី មក​កម្ពុជា នឹង​ជាការ​មិន​គោរព​សិទ្ធិមនុស្ស ហើយនឹង​ក្លាយជា​អំពើ​អមនុស្សធម៌ ព្រោះថា ជនអន្តោប្រវេសន៍​ទាំងនោះ មិន​ចង់​មក​រស់នៅ​កម្ពុជា​ទេ។ កម្ពុជា ដែល​ក្រុម​អ្នក​ចូល​រួម​សន្និសីទ លើកឡើងថា កំពុងមាន​បញ្ហា​សង្គម ដូចជា ភាពក្រីក្រ ការអប់រំ និង​ជា​ពិសេស​បញ្ហាដីធ្លី។

ប៉ុន្តែ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី នឹងធ្វើ​ដោយ​ស្ម័គ្រចិត្ត ហើយ​ជា​លាយលក្ខណ៍​ថែមទៀត។ ចំណែក​ចំនួន គឺ​អប្បបរមា តិចជាង ១០០ នាក់។

កាលពី​ថ្ងៃទី២៦កញ្ញា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចុះ​ហត្ថ​​​លេខា​រួមគ្នា លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការបញ្ជូន និង​ទទួល​ជន​អន្តោ​ប្រវេសន៍​ ពី​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា។ កិច្ចព្រមព្រៀង​នោះ មាន​សុពលភាព​រយៈ​ពេល ៤ ឆ្នាំ។

លោក​ឧ​ត្ត​ម​សេនីយ៍​ខៀវ​សុភ័គ បាន​បញ្ជាក់ថា រដ្ឋាភិបាល នឹង​បញ្ជូន​មន្ត្រី​ទៅ​ជំរុំ​ភៀសខ្លួន ណៅ​រុ នៅក្នុង​ខែតុលា​នេះ ដើម្បី​ពន្យល់​ពី​ស្ថានភាព​កម្ពុជា។ សព្វថ្ងៃ កម្ពុជា​បានទទួល​ជន​ភៀសខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន ចំនួន ៩១ នាក់ មកពី ៨ ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ