បណ្តាញព្រះសង្ឃ ប្រកាសធ្វើធម្មយាត្រា ដាក់ញត្តិថ្វាយព្រះមហាក្សត្រ និងរដ្ឋសភា ដើម្បីរក្សាដីពុទ្ធសាសនបណ្ឌិត្យ
ចុះផ្សាយនៅថ្ងៃ៖
បណ្តាញព្រះសង្ឃ និងពុទ្ធបរិស័ទ គ្រោងនឹងជួបជុំ ធ្វើធម្មយាត្រា នៅរាជធានីភ្នំពេញ នាដើមខែតុលា ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ និងរដ្ឋសភា ក្នុងបំណង ទាមទារឲ្យបញ្ឈប់ការដ្ឋានរបស់ក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូ ណាហ្គា វើល លើទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាប់នឹងវិមានរដ្ឋសភា។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ក៏បានស្នើដល់គណៈកម្មការជំនាញរដ្ឋសភា កោះអញ្ជើញរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមទាំងមន្ត្រីសង្ឃ ចូលឆ្លើយបំភ្លឺ ជុំវិញការដ្ឋានរបស់ ណាហ្គា វើល លើទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ផងដែរ។
ជាការផ្តួចផ្តើមថ្មីមួយទៀត ក្នុងបំណងរក្សាឲ្យខានតែបាននូវទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅជាប់របងខាងជើងរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។ នោះគឺព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម តាមរយៈវីដេអូ ខ្លីប បានអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ជួបជុំ ធ្វើធម្មយាត្រា នៅភ្នំពេញ នាថ្ងៃទី២ ឬថ្ងៃទី៣តុលា។ ជាធម្មយាត្រា ដាក់ញត្តិទូលថ្វាយព្រះមហាក្សត្រ និងដាក់ញត្តិនៅរដ្ឋសភា។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា ក្នុងញត្តិដាក់ទៅកាន់រដ្ឋសភា បណ្តាញព្រះសង្ឃឯករាជ្យ នឹងស្នើដល់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ កោះហៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន ព្រមទាំងមន្ត្រីសង្ឃ ចូលរួម ជជែកគ្នា ក្នុងមហាគ្រួសារខ្មែរ លើករណីក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើល បើកការដ្ឋានលើដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ជាមួយគ្នានោះ បណ្តាញព្រះសង្ឃ ក៏ទូលស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដែលជាម្ចាស់ទ្រព្យរបស់ពុទ្ធសាសនបណ្ឌិត្យ ដើម្បីឲ្យព្រះអង្គ ចេញព្រះរាជសារ ទៅរដ្ឋាភិបាល និងរដ្ឋសភា ឲ្យពិនិត្យលើការដ្ឋានរបស់ណាហ្គាវើល។
ការផ្តួចផ្តើមយុទ្ធនាការជាថ្មី ដើម្បីរក្សាទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកាសែត បានផ្សាយកាលពីថ្ងៃទី១៧កញ្ញា ដោយស្រង់សម្តីប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ណាហ្គា ខប មកចុះផ្សាយថា ក្រុមហ៊ុន ណាហ្គា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ ដើម្បីយកដីពុទ្ធសាសនបណ្ឌិត សាងសង់ ណាហ្គា ៣ ធ្វើជាសណ្ឋាគារ។
ប៉ុន្តែភ្លាមៗនោះ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មភ្លាមៗដែរ ដោយបដិសេធយ៉ាងដាច់ខាតថា ក្រសួងពុំដែលមានគោលការណ៍គិតគូរ ដល់ការវិនិយោគ ឬលក់វិទ្យាស្ថានពុទ្ធសានបណ្ឌិត ឲ្យក្រុមហ៊ុនឯកជនណាឡើយ រាប់ទាំងក្រុមហ៊ុនណាហ្គាវ៉ើល។ ក្រសួងធម្មការ បានបញ្ជាក់ថា ការចុះផ្សាយរបស់កាសែតនោះ គឺផ្ទុយនឹងការពិត ដោយសារបច្ចុប្បន្នវិទ្យាស្ថានពុទ្ធសានបណ្ឌិត កំពុងតែដំណើរការងាររបស់ខ្លួនជាប្រក្រតី រួមទាំងបានលើកគម្រោងថវិការជាតិ ដើម្បីជួសជុល កែលម្អ និងសាងសង់អាគារថ្មីបួន ឬប្រាំជាន់ទៀត ក្នុងទីតាំងវិទ្យាស្ថាននោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីពាក់កណ្តាលឆ្នាំនេះ ណាហ្គា វើល បានព័ទ្ធរបង និងបើកការដ្ឋាន លើដីមួយផ្នែករបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ទំហំ ៣០ ម៉ែត្រ គុណនឹង ១០០ ម៉ែត្រ ក្រោមកិច្ចសន្យាជួល។ របង និងក្លោងទ្វារ ផ្នែកខាងជើងរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ក៏ត្រូវក្រុមហ៊ុន ណាហ្គា វើល វាយចោល ដើម្បីសាងសង់ផ្លូវ និងផ្សារក្រោមដី។
យ៉ាងណាក៏ដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា បើសិនជាព្រះមហាក្សត្រ និងរដ្ឋសភា មិនអាចដោះស្រាយការរំលោភបំពានលើទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបាននោះទេ គឺជម្រើសចុងក្រោយ ព្រះតេជគុណនឹងសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតកូនសិស្សលោក ដើម្បីសុំបិណ្ឌបាត រក្សាទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលជាគ្រឹះនៃព្រះពុទ្ធសាសនា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ