សោកនាដកម្មដែលកើតឡើងដោយឥរិយាបថមិនគោរពច្បាប់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៨
ជារៀងរាល់ឆ្នាំ នៅក្រោយពេលមានពិធីបុណ្យធំៗម្តងៗ ជាពិសេសនៅពេលដំណាច់ឆ្នាំ តុល្យការស្តីពីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺជាព័ត៌មានមួយគួរឲ្យព្រឺខ្លាច។ ជាក់ស្តែង របាយការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល១១ខែឆ្នាំ២០១១ បានបង្ហាញថា មានមនុស្សស្លាប់ជាង ១៧០០នាក់និងរបួសជាង៧០០០នាក់។ តួលេខនេះ បានបង្ហាញពីសោកនាដកម្មដ៏គួរឲ្យរន្ធត់ ដែលបានបង្កការខាតបង់សង្គមដ៏ធំធេង។ មូលហេតុចម្បងនៃសោកនាដកម្មនេះ ជាទូទៅ បណ្តាលមកពីឥរិយាបថមិនគោរពច្បាប់របស់អ្នកបើកបរនេះឯង។
វាពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ ហើយក៏ជារឿងអកុសលមួយដែរចំពោះប្រជាពលរដ្ឋខ្មែរនៅពេលដែលប្រទេសជាតិស្គាល់សុខសន្តិភាព និងការអភិវឌ្ឍន៍ ពលរដ្ឋជាច្រើនបែរជាស្លាប់ឬរបួសពិការដោយសារគ្រោះថ្នាក់នៅតាមដងផ្លូវទៅវិញ។
មនុស្សស្លាប់ជិត២០០០នាក់ក្នុង១ឆ្នាំ គឺជាតួលេខមួយខ្ពស់ជាងការស្លាប់ដោយសារជំងឺអេដស៍ និងដោយសារគ្រាប់មីនដែលជាសំណល់ពីសម័យសង្គ្រាមទៅទៀត។ និយាយឲ្យចំគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករសម្លាប់មនុស្សច្រើនជាងគេបង្អស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ នេះនៅមិនទាន់រាប់បញ្ចូលការខូចខាតផ្នែកសង្គម និងសេដ្ឋកិច្ចដ៏សន្ធឹកសន្ធាប់ផងទេ។
និយាយពីគ្រោះថ្នាក់ចរាចរណ៍ គេមិនអាចនឹងមិននិយាយដល់មូលហេតុរបស់វាបានឡើយ។ យោងតាមការសិក្សា ជាទូទៅ ឥរិយាបថមិនគោរពច្បាប់គឺជាមូលហេតុចម្បងជាងគេដែលបង្កឲ្យមានសោកនាដកម្មដែលមិនគួរនឹងកើតនេះ។
ឥរិយាបថមិនគោរពច្បាប់មានច្រើនសណ្ឋានដូចជា ការបើកបរហួសល្បឿនកំណត់ បើកបរដោយមិនពាក់មួកសុវត្ថិភាព បើកបរដោយមិនគោរពសិទ្ធិអាទិភាព មិនគោរពស្លាកសញ្ញាចរាចរណ៍ ឬបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ និយាយាឲ្យចំគឺ ឥរិយាបថមិនគោរពច្បាប់
នេះគឺជាប្រភពនៃសោកនាដកម្ម និងជាប្រភពនៃបញ្ហាច្រើនយ៉ាងនៅក្នុងសង្គម។
ជាការពិតណាស់ ភាពអនាធិបតេយ្យក្នុងការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈគឺជាបញ្ហាធំធេងដែលគេងាយនឹងមើលឃើញ និងបានជួបប្រទះជារៀងរាល់ថ្ងៃ។ មិនថាតែនៅជនបទឬទីក្រុងឡើយ ជាទូទៅ អ្នកបើកបរមិនសូវគិតគូរពីស្លាកសញ្ញាចរាចរណ៍ឬគំនូសបែងចែកទ្រូងផ្លូវឡើយ ពោលគឺ របៀបបើកបរនៅកម្ពុជាគឺឲ្យតែមានចន្លោះត្រង់ណា គេត្រូវរុលចូលទៅកន្លែងនោះដោយមិនខ្វាយខ្វល់ពីសិទ្ធិអាទិភាព ឬក៏ឧបសគ្គនៅខាងមុខនោះឡើយ។
ប្រសិនបើទីកន្លែងរាងស្ងាត់វិញ អ្នកកាន់ចង្កូតយានយន្តនឹងបន្ថែមល្បឿនតាមចិត្តចង់ដោយមិនគិតពីល្បឿនកំណត់ឬក៏គ្រោះថ្នាក់ជាយថាហេតុអ្វីទាំងអស់។ ជាទូទៅ អ្នកធ្វើដំណើរសម្លឹងរកមើលភ្នាក់ងារប៉ូលិសច្រើនជាងមើលភ្លើងក្រហម ឬស្លាកសញ្ញាចរាចរណ៍ មានន័យថា ប្រសិនបើគ្មានប៉ូលិសឈរនៅតាមផ្លូវទេ ពួកគេនឹងបន្តដំណើរបើទោះបីជាភ្លើងក្រហមបានឆេះឡើង ឬក៏បត់ឆ្វេងទោះបីជាមានស្លាកសញ្ញាហាមឃាត់ក៏ដោយ។
អាក្រក់ជាងនេះទៅទៀត អ្នកបើកបរខ្លះ បំពានច្បាប់ចរាចរណ៍នៅចំពោះមុខសមត្ថកិច្ចប៉ូលិសពីព្រោះតែពួកគេយល់ថា ប៉ូលិសគ្មានម៉ូតូប្រដេញសម្រាប់ដេញតាមពួកគេឡើយ។ និយាយពីអ្នកបើកបរម៉ូតូវិញ ជាទូទៅ ពួកគេមិនចេះប្រើប្រាស់កញ្ចក់មើលក្រោយឡើយហើយក៏មិនចង់ពាក់មួកសុវត្ថិភាពដែរ។ ការបំពាក់កញ្ចក់មើលក្រោយ ឬពាក់មួកសុវត្ថិភាព គឺដោយសារតែខ្លាចប៉ូលិសតែប៉ុណ្ណោះ តែមិនមែនដើម្បីសុវត្ថិភាពខ្លួនឯងទេ។
កញ្ចក់ម៉ូតូភាគច្រើនត្រូវបានគេដាក់ដើម្បីមើលមុខខ្លួនឯងជាជាងសម្រាប់មើលក្រោយ។ អ្នករត់ម៉ូតូឌុប ជាទូទៅ ចូលចិត្តចតនៅត្រង់ផ្លូវកែង និងចតចូលជ្រៅមកលើទ្រូងផ្លូវដោយមិនខ្វល់ខ្វាយពីការរំខានអ្នកធ្វើដំណើរផ្សេងទៀតឡើយ។ អ្នកមានឡានទំនើបមួយចំនួនចូលចិត្តតសម្ញែង ហើយមិនញញើតនឹងបំពានច្បាប់ពីព្រោះតែពួកគេគិតថា ប៉ូលិសមិនសូវហ៊ានរំខានឡើយ។ អ្នកលក់ដូរចូលចិត្តយកចិញ្ចើមផ្លូវ ឬទ្រូងផ្លូវតែម្តងធ្វើជាទីផ្សារខណៈដែលយានយន្តបើកទៅមកយ៉ាងលឿន។ទាំងនេះជាការពិពណ៌នាត្រួសៗអំពីឥរិយាបថរបស់អ្នកប្រើប្រាស់ដងផ្លូវសាធារណៈនៅក្នុងប្រទេសកម្ពុជា។
និយាយពីភ្នាក់ងារប៉ូលិសវិញ ប៉ូលិស និងអ្នកបើកបរ ប្រៀបដូចជារឿងឆ្មា និងកណ្តុរ ពោលគឺប៉ូលិសចូលចិត្តពួននៅកន្លែងស្ងាត់ដើម្បីចាំស្ទាក់ចាប់អ្នកបើកបរល្មើសច្បាប់។ នៅពេលចាប់បាន ប៉ូលិសនឹងទារប្រាក់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដោយមិនគោរពតាមតម្លៃដែលច្បាប់បានកំណត់ឡើយ។ ការផាកពិន័យភាគច្រើនមិនបានផ្តល់វិក័្កយបត្រដល់អ្នកបើកបរឡើយ។
នេះក៏បង្ហាញពីឥរិយាបថមិនគោរពច្បាប់របស់ភ្នាក់ងារមានសមត្ថកិច្ចផងដែរ។ នៅពេលដែលគ្រប់គ្នាមិនគោរពច្បាប់ ភាពអនាធិបតេយ្យនឹងកើតឡើងជាស្វ័យប្រវត្តិ។ សោកនាដកម្ម កើតឡើងស្របពេលគ្នានោះដែរ។ ដូច្នេះ ដំណោះស្រាយគ្មានអ្វីក្រៅពីការងាកមកគោរពច្បាប់ទាំងអស់គ្នានោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ