ចិន

អតីតនាយករដ្ឋមន្ត្រីចិន លី ប៉េង និមិត្តរូបនៃការ​បង្ក្រាប​នៅទីលាន​ធាន​អានមែន ស្លាប់​នៅអាយុ​៩០ឆ្នាំ​

លោក លី ប៉េង កាន់មុខតំណែង ជានាយករដ្ឋមន្ត្រីចិន ពីឆ្នាំ១៩៨៧ ដល់១៩៩៨។
លោក លី ប៉េង កាន់មុខតំណែង ជានាយករដ្ឋមន្ត្រីចិន ពីឆ្នាំ១៩៨៧ ដល់១៩៩៨។ Reuters

លោក លី ប៉េង អតីតនាយករដ្ឋមន្ត្រីនិងជាអតីតប្រធាន​សភាចិន ទទួល​មរណភាព​នៅ​ជន្មាយុ​​៩០ឆ្នាំ​ ដោយសារ​រោគាពាធ​។ លោកផុត​ដង្ហើម​នៅ​ថ្ងៃចន្ទ ម៉ោង​២៣និង​១៥នាទី តែ​កាសែត​ផ្លូវការ​របស់​រដ្ឋចិន ទើបតែ​ប្រកាស​ដំណឹង​មរណ​ទុក្ខ ​នៅ​ថ្ងៃអង្គារ​ ទី​២៣កក្កដា។ ចំពោះ​កាសែតរដ្ឋ​ចិន, លោក លី ប៉េង គឺជា​កម្មាភិបាល​ដ៏ពិសេស​​ និង​ជាមនុស្សដ៏​​​ស្មោះស្មគ្រ​​របស់​បក្សកុម្មុយនីស្ត​ចិន​។ ក៏ប៉ុន្តែ​ ចំពោះ​អ្ន​កការពារ​សិទ្ធិមនុស្ស, ​លោក លី ប៉េង គឺ​ជា​និមិត្តរូបនៃការ​បង្ក្រាបកាប់​សម្លាប់​ដ៏​ឃោរ​ឃៅ​របស់​​រដ្ឋអំណា​ច​ចិន​ ​នៅទីលាន​ធាន​អានមែន​។

ផ្សាយពាណិជ្ជកម្ម

លោក លី ប៉េង កាន់​មុខ​តំណែង​ ជា​នាយករដ្ឋមន្ត្រីចិន​ ពីឆ្នាំ​១៩៨៧ ដល់​១៩៩៨​។ នៅ​ក្នុង​តួនាទីនេះ​ហើយ ដែល​ត្រូវ​គេ​ចងចាំ​ឈ្មោះ​ ថាគាត់​ជា​មេខ្លោង​នៅពីក្រោយ​ការ​បង្ក្រាប​ដ៏​សាហាវ​ ចំពោះ​បាតុកម្ម​របស់​ក្រុម​និស្សិត​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ធាន​អាន​មែន។ ព្រឹត្តិការណ៍​នេះ​ កើតឡើង​ក្នុង​ឆ្នាំ​១៩៨៩​  ​សម្លាប់​មនុស្ស​អស់​​ជាង​៤០០​រយនាក់​ ឬ​ច្រើន​ជាង​នេះ​។

​ក្នុង​កំណត់​ហេតុ​ផ្ទាល់​ខ្លួន ​ផ្សាយ​ជា​​សៀវភៅនៅ​ឆ្នាំ​២០១០ លោក លី ប៉េង បាន​សរសេរថា​រូប​លោក​ កាលណោះ គ្រាន់តែ​ជាអ្នក​អនុវត្ត​តាម​បញ្ជា​របស់​ប្រធានាធិបតី​ តេង ស៊ាវភីង ​តែប៉ុណ្ណោះ​។ អ្នក​ខ្លះមិន​ជឿទេ ហើយ​គេ​​យល់ថា សម្តី​នេះ គ្រាន់តែ​ជាការ​ឆ្លើយ​យក​រួចខ្លួន​។ តែបើ​តាម​ឯកសារ​សម្ងាត់​របស់​បក្ស​កុម្មុយនីស​ ស្តី​សំណុំ​រឿងធាន​អាន​មែន ​ ដែលត្រូវ​ភ្នាក់ងារ​អាមេរិក ផ្សាយ​នៅ​ឆ្នាំ​២០០១ គឺ​បង្ហាញថា លី ប៉េង គឺជា​មេគំនិត​ធំ​ ដែ​ល​ចេញ​បញ្ជា​ឱ្យ​វាយ​បង្ក្រាប​ក្រុម​បាតុករ​។​

ក្រៅពីភាព​ចម្រូង​​ចម្រាស​ក្នុង​​តួនាទីជានាយករដ្ឋមន្ត្រី, ​ លោក លី ប៉េង ធ្លាប់​ធ្វើ​ជា​ប្រធាន​សភា​ប្រជាជន​ចិន ពី​ឆ្នាំ​១៩៩៨ រហូត​ដល់​ឆ្នាំ​២០០៣។ ពី​កុមារភាព លោក​ជា​ក្មេង​កំព្រា​ឪពុក ហើយ​បាន​ទទួល​ការ​ចិញ្ចឹម​បីបាច់ ពីប្រធានាធិបតី​ ជូ អេនឡាយ។ យុវជន​ លី ប៉េង ចូល​បម្រើ​បក្ស​កុម្មុយនីស្ត​ចិន ក្នុង​វ័យ​១៧ឆ្នាំ ហើយ​បាន​ទៅ​រៀន​នៅ​ក្នុង​ម៉ូស្កូ រហូត​ក្លាយ​ជា​ វិស្វករ​ខាង​ទំនប់​វារីអគ្គិស​​នី។ នៅពេល​ដែល​ចិនគោល​នយោបាយ​​បដិវត្តវប្បធម៌​, លី ប៉េង បាន​ចូល​កាន់តំ​ណែង​សំខាន់​នៅក្នុង​ជួរ​បក្សកុម្មុយនីស្ត​ ដែល​គេ​សង្ស័យថា ដោយសារតែ​ឥទ្ធិពល​ពីគ្រួសារ​​​ ជូ អេនឡាយ។ នៅ​ឆ្នាំ១៩៧៩ លី ប៉េង បា​នក្លាយ​ជា​រដ្ឋមន្ត្រី​​ផ្នែក​ថាមពល មុន​នឹង​ក្លាយ​ជា ​នាយករដ្ឋមន្ត្រី​ចិន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI