បណ្តាជនម៉ូស្គូប្រឆាំងនឹងការសង់វិហារអ៊ីស្លាម
គឺពេញមួយយប់មិញ ដែលបណ្តាជនក្នុងសង្កាត់មួយ នៅប៉ែកខាងលិចក្រុងម៉ូស្គូ ឈ្មោះ សង្កាត់ Mitino បានធ្វើមិទ្ទិញយ៉ាងគគ្រឹកគគ្រេង ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាក្រុងម៉ូស្គូ ដែលអនុញ្ញាតឲ្យសហគមន៍អ៊ីស្លាម សង់នៅក្នុងសង្កាត់នេះ ជាវិហារអ៊ីស្លាម សម្រាប់តម្រូវការរបស់គេ។
ចុះផ្សាយនៅថ្ងៃ៖
មុនដំបូង នៅវេលាម៉ោង៨យប់ មានប្រជាពលរដ្ឋប្រមាណ៥០០នាក់ ដែលរស់នៅ តាមអគារលំនៅ នៅជុំវិញ បានទៅជួបជុំគ្នានៅលើទីលាន ដែលទុកសម្រាប់សង់វិហារនេះ។ ប៉ុន្តែ កន្លះម៉ោងក្រោយមក ចំនួនអ្នកដែលចូលរួមក្នុងមិទ្ទិញតវ៉ានោះ ស្រាប់តែកើនឡើងដល់ទៅ ជាង៣ដង លុះរហូតដល់២.០០០នាក់ ទាល់តែបំពេញណែនក្តន់ ទីលានដែលស្ថិតនៅត្រង់ចន្លោះរវាងអគារលំនៅ និងវិថីនានា។ ក្នុងមិទ្ទិញនេះ គេសង្កេតឃើញ ទាំងយាយតាចាស់ៗ ដែលចូលរ៉ឺត្រែតទៅហើយ ទាំងអ្នកស្រុកវ័យក្មេងជាង នាំទាំងប្រពន្ធនិងកូនៗទៅជាមួយផង ទាំងយុវជនដែលប្រើទូរសព្ទដៃខ្លួន ថតគ្មានឈប់ព្រឹត្តិការណ៍នោះ។
ការទាមទាររបស់គេ កុំឲ្យសង់នៅលើទីលាននេះ ជាវិហារអ៊ីស្លាម គឺមកពីគេព្រួយបារម្ភថា វិហារនេះ មុខជានឹងទាក់ទាញសាសនិកអ៊ីស្លាមទាំងពាន់ៗនាក់ ឲ្យសម្រុកគ្នាមកកាន់ទីនេះ ហេតុ ដែលនឹង រំខានដល់ចរាចរណ៍ ហើយនឹងបង្កជាស្ថានការណ៍ អាចពាំនាំមកទាំង ជម្ងឺឆ្លង ទៅផង ព្រមទាំងនឹងបង្ខូចដល់សន្តិសុខ និងសណ្តាប់ធ្នាប់ អ្នកដែលរស់នៅទីនេះ។
តាមការកត់សម្គាល់នៃកាសែតមួយ លេខថ្ងៃនេះ ពួកអ្នកចូលរួម ក្នុងមិទ្ទិញ ចេះទប់ខ្លួន មិនបន្លឺ ឡើយ នូវឃ្លាដែលបង្កប់ដោយន័យស្អប់សាសនាអ៊ីស្លាម។ គេថែមទាំង គូសបញ្ជាក់ថា ៖ “អ្នកកាន់សាសនាអ៊ីស្លាម ជាបងប្អូនរបស់គេ” ទេតើ ប៉ុន្តែ សង្កាត់ Mitino របស់គេ មានបញ្ហាផ្សេងៗជាច្រើន ដែលត្រូវដោះស្រាយជាបន្ទាន់ មិនមែនបញ្ហាសង់វិហារនោះឡើយ។
ស្របនឹងការស្ទង់មតិ បណ្តាជនសង្កាត់ Mitino នៃរដ្ឋធានីម៉ូស្គូ ក្នុងចំនួនដល់ទៅ៩០% នាំគ្នា ប្រឆាំងនឹងការសង់វិហារអ៊ីស្លាម នៅក្នុងសង្កាត់នេះ។
សាច់រឿងនៃសេចក្តីសម្រេចរបស់សាលាក្រុងម៉ូស្គូ គឺសុខចិត្តយល់ព្រម ប្រគល់ដី មានផ្ទៃក្រឡា ៣.៥០០ម៉ែត្រការ៉េ ក្នុង សង្កាត់ Mitino ទៅសហគមន៍អ៊ីស្លាម សម្រាប់សង់ឡើងជា “មជ្ឈមណ្ឌលមនុស្សធម៌អ៊ីស្លាម” ប្រកបទៅដោយ វិហារមូស្លីម ដែលមិនត្រូវមានកម្ពស់ លើសពី ៣៥ម៉ែត្រឡើយ។ ៣៥ ម៉ែត្រនេះ គឺស្មើនឹងអគារដែលមាន ១៣ជាន់។
បច្ចុប្បន្ន ក្នុងក្រុងម៉ូស្គូ មានវិហារមូស្លីម ចំនួនទើបតែ៥ប៉ុណ្ណោះ ដំណើរការ សម្រាប់បំពេញដល់ តម្រូវការ នៃសាសនិកអ៊ីស្លាម ចំនួន២លាន៦សែននាក់ ឬសឹង ១/៤ នៃបណ្តាជន១១លាន ៧សែននាក់ ក្នុងរដ្ឋធានីរុស្ស៊ី ម៉្លោះហើយបានជាឆ្លើយតបនឹង ពាក្យត្អូញត្អែរគ្មានឈប់ ពីខាងសហគមន៍អ៊ីស្លាម សាលាក្រុងម៉ូស្គូសុខចិត្ត ចេញសេចក្តីអនុញ្ញាតនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ