រុស្ស៊ី

បាតុករជាង ២ម៉ឺននាក់ នៅរដ្ឋធានីរុស្ស៊ី ទាមទារ​ការ​បោះ​ឆ្នោត​សភា​ខេត្តក្រុង​ម៉ូស្គូ ​ដោយ​សេរី

ថ្ងៃសៅរ៍ ២០ កក្កដា មានអ្នកក្រុងម៉ូស្គូ ចំនួនជាង ២ ម៉ឺននាក់ បានរួមប្រជុំជា អង្គមីទ្ទិញ ធំធេង​ អនុញ្ញាត​ដោយអាជ្ញាធរ នៅចំកណ្តាលក្រុងម៉ូស្គូ ទាមទារឱ្យ ​ការបោះឆ្នោត សភាខេត្តក្រុងម៉ូស្គូ ​នៅខែ កញ្ញាខាងមុខ ប្រព្រឹត្តទៅ ដោយ សេរី និង យុត្តិធម៌​។​ មីទ្ទិញនេះ លាន់រំពង ក្រោមពាក្យស្លោក បែបយ៉ាង «ប្រទេសរុស្ស៊ីត្រូវតែមានសេរីភាព ! គួរឱ្យអាម៉ាស់ ! ម៉ូស្គូជាក្រុងរបស់យើង !»។ ឃ្លាចុង​ក្រោយ​នេះ គឺ សំដៅ លើរូបលោក ពូទីន និងក្រុមគាត់ ដែលភាគច្រើនគឺ មកពីក្រុង Saint-Petersbourg ទេតើ មិនមែនជា អ្នកក្រុងម៉ូស្គូ ឯណា។

បាតុកម្ម​គាំទ្រ​បក្ស​ប្រឆាំង​នៅ​រដ្ឋធានីរុស្ស៊ី
បាតុកម្ម​គាំទ្រ​បក្ស​ប្រឆាំង​នៅ​រដ្ឋធានីរុស្ស៊ី @AFP
ផ្សាយពាណិជ្ជកម្ម

បើតាម អង្គការក្រៅរដ្ឋាភិបាល White Counter ដែលមានឯកទេសកម្មខាងរាប់ចំនួនបាតុករ គឺ មានមនុស្សចូលរួម ជិត ២ ម៉ឺន ៣ ពាន់នាក់ នោះ, តាមប៉ូលីសម៉ូស្គូ ចំនួនបាតុករនេះ តែម្តុំ ១ ម៉ឺន ២ ពាន់ នាក់។ មូលហេតុនៃមីទ្ទិញនេះ គឺមកពី បេក្ខជនរាប់សិបនាក់ខាងបក្សប្រឆាំងត្រូវ បាន គ.ជ.ប.​ម៉ូស្គូ ប្រកែក មិនចុះ ឈ្មោះគេ ក្នុងបញ្ជីបេក្ខជន សម្រាប់ចូលប្រឡូកក្នុងការបោះឆ្នោត ដើម្បីដណ្តើមយក អាសនៈ ចំនួន៤៥ នៃ សភាខេត្តក្រុងម៉ូស្គូ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ៨ កញ្ញាខាងមុខ។

ថ្ងៃ១៧កក្កដាកន្លងទៅ គ.ជ.ប.នេះ ប្រកាសដាច់ស្រេចទៅហើយថា ក្នុងបញ្ជីនោះ មានឈ្មោះសរុបទៅ បេក្ខជន ២៣៣ នាក់ ដែលនឹងប្រកួតតាមប្រព័ន្ធឯកត្តនាម នៅតាម​មណ្ឌលបោះឆ្នោតចំនួន ៤៥ នៃខេត្តក្រុងម៉ូស្គូ។ រីឯ បេក្ខជន ដែលត្រូវប្រឡេះចេញពីការប្រកួត មានចំនួន ៥៧ នាក់ ក្នុងនោះ សឹងទាំងអស់ជា បេក្ខជនខាងបក្សប្រឆាំង នៅក្រៅប្រព័ន្ធអំណាច។

តាមអំណះអំណាង គ.ជ.ប.​ម៉ូស្គូ ដែលសម្រេចមិនចុះឈ្មោះនោះ ដ្បិតហត្ថលេខា ដែលសាមីខ្លួនអង្គាសបាន ពីអ្នកស្រុកម្ចាស់ឆ្នោតនៅតាមណ្ឌលដែលគេឈរឈ្មោះ ស្រាប់តែសម្បូណ៌ ដោយភាពមិនប្រក្រតី មានលក្ខណៈជាការក្លែងបន្លំ។ ពាក្យថា ហត្ថលេខានោះ គឺ មានន័យថា ឈ្មោះនិង អាយុអ្នកគាំទ្រ អាសយដ្ឋានដែលគេរស់នៅមុខរបរគេ។ តាមគ.ជ.ប. ឈ្មោះអ្នកគាំទ្រខ្លះ គឺ ស្លាប់បាត់យូរមក ហើយ។ ប៉ុន្តែ ពួកប្រឆាំងចាត់ទុក ការផ្ទៀងផ្ទាត់ហេត្ថលេខានោះ បានប្រព្រឹត្តទៅដោយគ្មានតម្លាភាពទេ​។

ម៉្លោះហើយ បានជាពេលថ្លែងក្នុងមីទ្ទិញ មេប្រឆាំងឈ្មោះ Alexei Navalny អាយុ ៤៣ ឆ្នាំ បានកំហិតពេល រហូតដល់ថ្ងៃសៅរ៍ក្រោយ ឱ្យអាជ្ញាធរចុះឈ្មោះគ្រប់តែបេក្ខជនទាំងអស់ ពុំនោះសោតទេ គាត់សន្យាបំបះ បាតុកម្មកាន់តែខ្លាំងទៅទៀត នៅពីមុខសាលាក្រុងតែម្តង ។ លោកស្រីមេធាវី Lioubov Sobol ក្នុងវ័យ ៣១ ឆ្នាំ ដែលត្រូវគ.ជ.ប.ម៉ូស្គូ ឆូតឈ្មោះចេញ និង ជាយុទ្ធមិត្ត របស់ លោក Navalny ជឿជាក់លើជ័យជម្នះ​របស់គ្នីគ្នាគាត់ ដោយគាត់ថ្លែងថា ៖ យើងនឹងបន្តតស៊ូលុះទាល់តែសម្រេចដូចចិត្ត

អតីតតំណាងរាស្ត្ររុស្ស៊ី លោក Dmitri Goudkov ខាងបក្សប្រឆាំង ដែលក៏ត្រូវគ.ជ.ប.ម៉ូស្គូ ឆូតឈ្មោះចេញដែរ ចោទអាជ្ញាធរថា លួចសំឡេងអ្នកស្រុកម្ចាស់ឆ្នោត និង លួច អនាគតគេ ថ្លែងថា ៖ អស់ ២០ ឆ្នាំហើយ ដែលយើងរស់នៅក្នុងប្រទេស ក្រោមការកាន់កាប់

ដោយគ្មានលទ្ធភាព ចូលប្រឡូកក្នុងការបោះឆ្នោតសំខាន់ជាងនេះ គឺ ការបោះឆ្នោតប្រធានាធិបតី ពួក ប្រឆាំង ខំប្រមូលកម្លាំង ប្រយុទ្ធដើម្បីក្លាយជាតំណាងរាស្ត្រខេត្តក្រុងម៉ូស្គូ ទាំងសង្ឃឹមមានសំឡេងខ្លួន ក្នុង ការគ្រប់គ្រង លើថវិការដ្ឋធានីរុស្ស៊ី ដែលមានទឹកប្រាក់ធំសម្បើម​គួរឱ្យស្ញើប ដល់ទៅ ៣៨.០០០ លាន អឺរ៉ូ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI