កម្ពុជា

ចលនា​បាតុកម្ម​កម្មករ​កម្រើក​ឡើង​ជា​ថ្មី​ស្វាគមន៍​ឆ្នាំ​ ២០១៣​

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលដឹកនាំកម្មករធ្វើបាតុកម្មកាលពីកន្លងទៅ
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលដឹកនាំកម្មករធ្វើបាតុកម្មកាលពីកន្លងទៅ RFI/Pen Bona

មេ​ដឹកនាំ​​សហជីព​កម្មករ​​ដែល​មាន​​ទំនោរ​​ទៅ​រក​បក្សប្រឆាំង​បានប្រកាស​គម្រោង​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​នៅ​ចុងឆ្នាំ ២០១២នេះ និង​នៅ​ដើមឆ្នាំ ២០១៣ ។ សហភាព​សហជីព​រប​ស់លោក រ៉ុង ឈុន នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ ខណៈ​ដែល​​សហជីព​​សេរី​កម្មករ​​របស់លោក ជា មុនី ប្រកាស​ធ្វើបាតុកម្ម​នៅក្នុង​ខែមករា​ឆ្នាំ ២០១៣ ដើម្បី​​ប្រឆាំង​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។ បាតុកម្ម​នេះ ទាក់ទង​នឹង​ការលើកលែង​បទ​ចោទ​ប្រកាន់​​ទៅ​លើ លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែលជា​ជនសង្ស័យ​បាញ់​កម្មការិនី​៣នាក់​ឲ្យ​រងរបួស។

ផ្សាយពាណិជ្ជកម្ម

មនុស្ស​យ៉ាងហោចណាស់​ក៏ ២៥០ នាក់​ដែរ​នឹង​ជួបជុំគ្នា​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដើម្បី​ធ្វើបាតុកម្ម​ទារ​ទារ​តម្កើង​ប្រាក់ខែ​ជូន​កម្មករ។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។ លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា បាតុកម្ម​នេះ​មាន​គោលដៅ​តែមួយគត់​គឺ​ការទាមទារ​តម្កើង​ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​ឲ្យ​ដល់ ១៥០ ដុល្លារ​ក្នុង​មួយខែ។

តាម​គម្រោង បាតុកម្ម​នេះ​ត្រូវគេ​គ្រោង​រៀបចំឡើង​នៅលើ​សួនច្បារ​មុខ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះបរម​រាជវាំង ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីនោះ​ទេ​ដោយ​មូលហេតុ ខ្លាច​រំខាន​ដល់​ការ​កាន់​ព្រះរាជ​មរណទុក្ខ​សម្តេចឪ អតីត​មហាក្សត្រ​កម្ពុជា។ បើទោះបីជា​មិន​យល់ស្រប​ចំពោះ​ហេតុផល​នេះ​ក៏ដោយ ក៏​មេដឹកនាំ​សហជីព​បាន​យល់​ព្រមទៅ​ប្រមូលផ្តុំ​គ្នា​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ដែលជា​កន្លែង​សម្តែង​មតិ​នៅក្បែរ​វត្តភ្នំ​វិញ។

សម្រាប់​លោក រ៉ុង ឈុន កម្រិត​ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​ដែល​រដ្ឋាភិបាល​កំណ​ត់​ត្រឹម ៦១​ ដុល្លារ​មិនអាច​អនុញ្ញាត​ឲ្យ​ពួកគេ​ទ្រទ្រង់​ជីវភាព​បានទេ។ ដូច្នេះហើយ​បានជា​សហជីព​របស់លោក​ទាមទារ​ដំឡើង​រហូតដល់ ១៥០ ដុល្លារ។ ការទាមទារ​ដែលមាន​កម្រិត​ស្មើនឹង​គោ​នយោបាយ​របស់​បក្សប្រឆាំង​បាន​នាំ​ឲ្យ​សហជីព​ដែលមាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​រិះគន់ បាតុកម្ម​របស់លោក រ៉ុង ឈុន ថា មាន​ចរិត​នយោបាយ។ ប៉ុន្តែ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​អះអាងថា គឺ​បក្សប្រឆាំង​ទេ​ដែល​យក​គោលនយោបាយ​តាម​ការទាមទារ​របស់​សហជីព តែ​មិនមែន​សហជីព​យកតាម​បក្សប្រឆាំង​ទេ។

បាតុកម្ម​នៅ​ថ្ងៃស្អែក​នេះ​មិនមែនជា​ព្រឹត្តិការណ៍​តែមួយគត់​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ទេ។ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​ក៏បាន​ប្រកាស​រួចហើយ​ថា នឹង​រៀបចំ​បាតុកម្ម​មួយ​ដែរ​នៅ​ថ្ងៃទី២៧ មករា​ឆ្នាំ ២០១៣ខាងមុខ។ បាតុកម្ម​របស់លោក ជា មុនី ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។ បាតុកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដែលជា​ជនសង្ស័យ​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស​ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង​លើកលែង​ការចោទប្រកាន់។

គម្រោង​បាតុកម្មផ្ទួនៗនៅ​ចុងឆ្នាំ២០១២ និង​ដើមឆ្នាំ ២០១៣ នេះ​បាន​កើតឡើង​ស្រប​ពេល​ដែល​​សំណុំរឿងរសើបៗជាច្រើន​ដែល​តុលាការ​បាន​ចាត់ការ​រយៈពេល​ចុងក្រោយ​នេះ​កំពុង​បង្ក​ប្រតិកម្ម​រិះគន់​ជាច្រើន។ យ៉ាងណាក៏ដោយ មេដឹកនាំ​សហជីព​ដែល​ស្និទ្ធ​នឹង​បក្សប្រឆាំង បាន​បដិសេធថា បាតុកម្ម​របស់​ពួកគេ​មិន​ពាក់​ព​ន្ធ័​នឹង​នយោបាយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI