កម្ពុជា

ក្រសួងសាធារណការ គ្រោងបង្កើតកន្លែងឆៀករថយន្តតាមបណ្តាខេត្តជាបន្តបន្ទាប់

សកម្មភាព ត្រួតពិនិត្យ របស់នគរបាល​ចរាចរណ៍​ផ្លូវ​គោកកម្ពុជា។
សកម្មភាព ត្រួតពិនិត្យ របស់នគរបាល​ចរាចរណ៍​ផ្លូវ​គោកកម្ពុជា។ @siv channa

មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង គ្រោងនឹងបង្កើតទីកន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬជាសាមញ្ញ ហៅថា ឆៀក នៅតាមបណ្តាខេត្ត ជាបន្តបន្ទាប់ ចាប់ពីឆ្នាំនេះតទៅ។ តាមដំណឹងពីអគ្គនាយកដ្ឋាន​ដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំនេះ ក្រសួងនឹងបង្កើតទីតាំងនៅខេត្តចំនួន ២ទៀត គឺខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ សង្គមស៊ីវិល ដែលធ្វើការលើផ្នែកឃ្លាំមើលចរាចរណ៍ បានស្វាគមន៍ ចំពោះដំណឹងនេះ។

ផ្សាយពាណិជ្ជកម្ម

អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន​ក្រសួងសាធារណការ និងដឹកជញ្ជូន លោកចាន់ តារា បានប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃទី ១០មករាថា ក្រសួងនឹងបង្កើតទីកន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬកន្លែងឆៀករថយន្ត នៅខេត្តកំពង់ស្ពឺ និងក្រចេះបន្ថែមទៀត ក្នុងពេលឆាប់នេះ។ នៅខេត្តកំពង់ស្ពឺ នឹងបើកឲ្យដំណើរការ នៅថ្ងៃទី ១៨មករាខាងមុខ ខណៈទីតាំងនៅខេត្តក្រចេះ កំពុងសាងសង់ ហើយគ្រោងនឹងដណើរការអំឡុងមុន ឬក្រោយបុណ្យចូលឆ្នាំខ្មែរ។

បើគិតទាំងទីកន្លែង ២ទៀតនេះ មានន័យថា មកដល់ពេលនេះ កន្លែងឆៀករថយន្ត ក្នុងប្រទេសកម្ពុជា មានចំនួន ៨កន្លែងហើយ ត្បិតសព្វថ្ងៃ មាន ៦កន្លែង កំពុងដំណើរការ។ ៦កន្លែង ដែលមាននៅរាជធានីភ្នំពេញ ចំនួន ២ នៅខេត្តព្រះសីហនុ ១ ខេត្តបាត់ដំបង ១ ខេត្តសៀមរាប ១ និងខេត្តកំពង់ចាម ១។

លោកចាន់ តារា បានបន្ថែមថា ការបង្កើតកន្លែងឆៀកនេះ ជាបន្តបន្ទាប់ ព្រោះថាប្រជាជនកំពុងតែសម្រុកមកធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្តរបស់ខ្លួន ដោយសារមានតម្រូវការផ្នែកច្បាប់។ ដូច្នេះដើម្បីជាការសម្រួលដល់ពលរដ្ឋ ក្រសួងក៏សម្រេចចិត្ត បង្កើនទីតាំងឆៀក ទោះជាដំបូងមិនបានគ្រប់ខេត្ត ក្រុង តែក្រសួងបានដៅឲ្យចំកន្លែង ដែលមានចំនួនយានយន្តច្រើន។

តាមលោកចាន់ តារា ដដែល នៅឆ្នាំក្រោយ ក្រសួងនឹងបង្កើតកន្លែងឆៀក នៅតាមបណ្តាខេត្ត ៣ទៀត។ មន្ត្រីនៃក្រសួងសាធារណការរូបនេះ បានឲ្យដឹងថា ការបង្កើតកន្លែងឆៀកនីមួយៗ ចំណាយទឹកប្រាក់រដ្ឋ មិនតិចជាង ១៥ម៉ឺនដុល្លារអាមេរិកនោះទេ ប្រសិនបើមានទីតាំងស្រាប់។

សង្គមស៊ីវិល ដែលធ្វើការលើផ្នែកឃ្លាំមើលចរាចរណ៍ រួមមានលោកសន ជ័យ នាយប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និងលោកអ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានសាទរចំពោះដំណឹងនេះ ហើយលោកទាំងពីរ សំណូមពរឲ្យក្រសួងសាធារណការ បន្តបង្កើតកន្លែងឆៀកយានយន្ត ឲ្យបានគ្រប់ខេត្ត។ លោកសន ជ័យ មើលឃើញថា កង្វះខាតកន្លែងឆៀកយានយន្ត បានធ្វើឲ្យពលរដ្ឋនៅតាមបណ្តាខេត្ត ខកខានក្នុងការប្រតិបត្តិតាមច្បាប់ នាពេលកន្លងមក។

យ៉ាងណាក៏ដោយ លោកចាន់ តារា បានឲ្យដឹងថា ក្រសួងពិបាកក្នុងការសម្រេចឲ្យបានកន្លែងឆៀកឲ្យគ្រប់តាមបណ្តាខេត្ត ក្រុងណាស់ ដោយសារតែខេត្តខ្លះ ពុំសូវមានយានយន្ត ដែលនេះអាចធ្វើឲ្យក្រុមហ៊ុនវិនិយោគ លើផ្នែកត្រួតពិនិត្យ មិនទទួលបានផលចំណេញ ក្នុងការវិនិយោគជាមួយរដ្ឋ។ មកដល់ពេលនេះ យានយន្ត ដែលប្រមូលផ្តុំច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ដោយមាន ៦០ភាគរយនៃចំនួនយានយន្តសរុបទូទាំងប្រទេស។ នេះបើតាមលោកចាន់ តារា។

សូមបញ្ជាក់ថា ការប្រកាសបង្កើនទីតាំងឆៀកនេះ បានលេចលឺឡើង ក្រោយពេលដែល ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ប្រកាសផាកពិន័យចំពោះរថយន្តគ្រប់ប្រភេទ ដែលគ្មាន ឬមានឆៀក ចាប់ពីថ្ងៃទី ១ខែមិនា ឆ្នាំ ២០១៦ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI