ភូមា​

ភូមា​បើក​អង្កេត​ករណី​បំផ្ទុះ​គ្រាប់​បែក​ច្នៃ​តៗ​គ្នាជាច្រើន​កន្លែង

ប៉ូលិស​ភូមា​ពេល​​ធ្វើ​អន្តរាគមន៍​នៅ​ខេត្តRakhine ប៉ែកខាងលិចភូមា
ប៉ូលិស​ភូមា​ពេល​​ធ្វើ​អន្តរាគមន៍​នៅ​ខេត្តRakhine ប៉ែកខាងលិចភូមា REUTERS/Staff

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ មាន​គ្រាប់​បែក​​ច្នៃ​មួយ​គ្រាប់​ត្រូវ​បាន​ដាក់​បំផ្ទុះ​ក្នុងសណ្ឋាគារ​ដ៏​ប្រណិត​មួយ​នាទី​ក្រុង​រ៉ង់ហ្គូន បណ្តា​ឱ្យ​ទេសចរ​អាមេរិក​ម្នាក់​រង​របួស។​ ការ​បំផ្ទុះ​គ្រាប់​បែក​បានធ្វើ​អាជ្ញាធរ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ម្យ៉ាង​​​ភូមា​ទើប​ទទួល​នាទី​ជា​ប្រធាន​ផ្លាស់​វេន​សមាគម​អាស៊ាន​។ តាំង​ពី​ម្សិលមិញមក ​ប៉ូលិស​ភូមា​បាន​ប្រកាស​ បើក​ធ្វើ​អង្កេត​​មួយ លើក​ករណី​បំផ្ទុះ​គ្រាប់​បែកជា​ខ្សែ​ ដែល​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ពីរ​នាក់​និង​របួស​​ជា​ច្រើន​នាក់។ ជា​គ្រាប់បែក​ច្នៃ​ ដាក់​បង្កប់ឱ្យ​ផ្ទុះ យ៉ាង​​ចម្លែក​បំផុត​​នៅ​តាម​តំបន់​ផ្សេងគ្នា ខ្លះ​នៅ​រង់ហ្គូន ខ្លះ​នៅ​ក្បែររដ្ឋធានី ជា​បន្ត​បន្ទាប់​គ្នា នា​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ។​

ផ្សាយពាណិជ្ជកម្ម

គ្រាប់​បែក​ដំបូង​បាន​ផ្ទុះ​ឡើង​ កាលពី​ថ្ងៃ​សុក្រ​ ផ្តាច់​ជីវិត​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ នៅ​ក្រុង​Taunggu ចម្ងាយ​ប្រមាណ​៦៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី ណៃពិដោ ក្នុង​ផ្ទះ​សំណាក់​មួយ។ ហើយ​កាលពី​ថ្ងៃ​អាទិត្យ មាន​ការ​ផ្ទុះ​គ្រាប់​បែក​ដៃ​ពីរគ្រាប់ផ្សេង​ទៀត មួយ​ជា​គ្រាប់​បង្កប់​នៅ​ស្ថានីយ៍​​រថយន្ត​ក្រុង និង​មួយ​គ្រាប់​លាក់​ក្រោម​រថយន្ត​កាមីញ៉ុង​។ ការ​ផ្ទុះ​នេះ​បាន​បង្ក​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស។ នេះ​បើ​អាជ្ញាធរ​ភូមា។

 
រឿង​ភាគ​បង្កៃ​គ្រាប់​បែក​មិន​បញ្ចប់​ត្រឹម​ទេ គ្រាប់​បែក​ពីរផ្សេងទៀត​ ត្រូវ​បាន​គេ​យក​មក​បង្កៃ​នៅ​ក្រុង​រ៉ង់ហ្គូន ប៉ុន្តែ​ត្រូវ​បាន​រក​ឃើញ​ទាន់​ នៅ​ថ្ងៃ​ចន្ទ​នេះ។ ប៉ូលិស​ភូមា មិន​ទាន់​អាច​ផ្តល់​សេចក្តី​សន្និដ្ឋាន​ ថា​ជន​ណា​ជា​អ្នក​ទទួល​ត្រូវ​អំពើ​នេះ​ទេ ប៉ុន្តែ​ទំនង​ជាស្នាដៃ​របស់​​បុគ្គលឬ​អង្គការ​ក្រុម​តែ​​មួយ​ ព្រោះ​​ប្រព័ន្ធ​ប្រើ​ប្រាស់ មាន​ទម្រង់​ដូច​គ្នា។​ ពេល​នេះ​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ ការ​អង្កេត​ចាប់​បើក​ ប៉ូលិស​បាន​អំពាវនាវ​ឱ្យ​បណ្តាជន​ក្រុង​រ៉ង់ហ្គូន​ទាំង​អស់​ប្រុង​ប្រយ័ត្ន​និង​ត្រូវ​រាយការណ៍​ភ្លាម ក្នុង​ករណី​ឃើញមាន​វត្ថុ​សង្ស័យ​គ្មាន​ម្ចាស់​នៅ​តាម​ទីសាធារណៈ។

ការ​បំផ្ទុះ​គ្រាប់​បែក​ តែង​កើត​ឡើង​ជា​ញឹកញយ​ ក្នុង​សម័យ​ដឹក​នាំ​ដោយ​របប​ផ្តាច់ការ​ ដោយ​ចោទ​ថា​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ទ័ព​ព្រៃ ប៉ុន្តែ​តាំង​ពី​ភូមា​មាន​រដ្ឋាភិបាល​ស៊ីវិល នៅ​ឆ្នាំ​២០១១ មានការ​ធ្វើ​កំណែទម្រង់​នយោបាយ មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ទ័ព​ព្រែ​មក​ ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នេះ​ហាក់​បាន​រសាត់​បាត់​ពី​ភូមា​តែ​ម្តង។ ភូមា​ប្រែ​មុខ​មាត់​ថ្មី​ ឮ​និយាយ​តែ​​ពី​ ​អំពើ​ហិង្សា​សហគមន៍​ រវាង​អ្នក​កាន់​ សាសនាព្រះពុទ្ធ និង​​​អ៊ីស្លាម ​កាលពី​ឆ្នាំ​កន្លង​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI