ភូមា

រដ្ឋមន្រ្តី​ការពារ​ជាតិ៖ ភូមា​បាន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ

ឧត្តមសេនីយ៍ ឡា មីន (Hla Min) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ភូមា ថ្លែង​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue
ឧត្តមសេនីយ៍ ឡា មីន (Hla Min) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ភូមា ថ្លែង​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue REUTERS/Tim Chong

កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ នៅ​ក្នុងវេទិកា​សន្តិសុខ (Shangri-La Dialogue) នៅ​ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ភូមា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ថ្មី​របស់​ភូមា​លែង​​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៀតហើយ។ ភូមា​បាន​ទទួលស្គាល់​ថា ខ្លួន​ពិត​ជា​បាន​អភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរ​មែន ក៏ប៉ុន្តែ ជា​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ដើម្បី​ផលិត​ថាមពល​អគ្គិសនី មិនមែន​ ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ។

ផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយ៍ ឡា មីន (Hla Min) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ភូមា បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​មុន​របស់​ភូមា (ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​យោធា) ពិត​ជា​បាន​រៀបចំ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរមែន ក៏ប៉ុន្តែ ជា​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល ដើម្បី​ផលិត​ថាមពល​អគ្គិសនី មិនមែន​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ។ កម្មវិធី​នុយក្លេអ៊ែរ​នោះ​ក៏មិនមាន​អ្វី​ចម្រើន​ជឿនលឿន​ទៅមុខ​នោះដែរ ដោយសារ​តែ​ភូមា​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​សម្រេច​គោលដៅ។

ឧត្តមសេនីយ៍ ឡា​ មីន បាន​ប្រកាស​ថា រដ្ឋាភិបាល​ថ្មី​របស់​ភូមា​បាន​បញ្ឈប់​រាល់​ការសិក្សា​លើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នេះ​ទៀតហើយ។ ភូមា​ក៏​មិនមាន​គម្រោង​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ឡើងវិញ​ដែរ ទៅថ្ងៃ​អនាគត។

គួរ​បញ្ជាក់ថា កាល​ពី​ឆ្នាំ​២០១០ អ.ស.ប. បាន​ចេញ​របាយការណ៍​មួយ ដោយ​ចោទប្រកាន់​កូរ៉េ​ខាង​ជើង​ថា​បាន​លួច​ផ្ទេរ​បរិក្ខា​សម្រាប់​កម្មវិធី​មីស៊ីល និង​នុយក្លេអ៊ែរ ទៅ​ឲ្យ​ប្រទេស​មួយចំនួន រួមមាន អ៊ីរ៉ង់ ស៊ីរី និង​ភូមា។ ក៏ប៉ុន្តែ កាល​ពី​ខែ​មករា លោក ថេន សេន ប្រធានាធិបតី​​ភូមា​បាន​បដិសេធ​ថា ប្រទេស​របស់​លោក​មិនដែល​មាន​គម្រោង​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាងជើង ដូចការ​ចោទប្រកាន់​ខាងលើ​នេះ​ទេ។

កាល​ពី​ម្សិលមិញ នៅ​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ភូមា​បាន​សន្យាថា ទៅថ្ងៃ​អនាគត រដ្ឋាភិបាល​ភូមា​នឹង​បើកចំហ ឲ្យ​មាន​តម្លាភាព ជុំវិញ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ជម្រះ​មន្ទិលសង្ស័យ។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា លោក​ ឡា​ មីន បាន​ឆ្លើយ​បដិសេធ​នឹង​សំណើ​ ដែល​​ថា ភូមា​គួរ​អនុញ្ញាត​ឲ្យ​មន្រ្តី​អធិការកិច្ច​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) ចូល​ទៅ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI