ភូមាមួយឆ្នាំក្រោយការបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីខែវិច្ឆិកាឆ្នាំទៅមិញ ក្រុមនាយទាហានផ្តាច់ការភូមាបានរៀបចំបោះឆ្នោត បានរំលាយចោលរបបសឹក បានដោះឯកសណ្ឋានយោធាចោល និងបានបង្កើតរដ្ឋាភិបាលស៊ីវិលមួយ។ មួយឆ្នាំក្រោយមក ភូមាបាននិងកំពុងបន្តកំណែទម្រង់នយោបាយតទៅទៀត។ ទន្ទឹមនេះ បស្ចិមលោកបានបន្ធូរសម្ពាធទៅលើប្រទេសភូមានិងបានបង្កើនកិច្ចចរចាជាមួយរបបថ្មីរបស់លោកប្រធានាធិបតី ធេន សេន(Thein Sein)។ មួយឆ្នាំក្រោយមក តើគេអាចវាយតម្លៃយ៉ាងដូចម្តេចទៅលើការប្រែប្រួលនៅប្រទេសភូមា?
កាសែតនិងទស្សនាវដ្តីភូមាច្រើនឡើងៗនាំគ្នាចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួន រូបភាពរបស់លោកស្រីអុង សាន់ស៊ូជី។ នេះជាលើកទីមួយហើយ ក្នុងអំឡុងពេលជាងម្ភៃឆ្នាំចុងក្រោយនេះដែលអ្នកសារព័ត៌មានក្នុងស្រុក ហ៊ានសរសេរពីលោកស្រីប្រមុខបក្សប្រឆាំងដោយឥតលាក់លាម និងដោយគ្មានការភ័យខ្លាច។ សម្រាប់អាជ្ញាធរភូមា ទាំងនេះស្តែងឲ្យឃើញថា សេរីភាពកំពុងតែរីកសុសសាយពាសពេញប្រទេស និងថា របបនយោបាយថ្មីដែលបានប្រសូតចេញពីការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំទៅមិញ កំពុងបន្តធ្វើយ៉ាងសកម្មកំណែទម្រង់នយោបាយ។
កាលពីមួយឆ្នាំមុននេះ រដ្ឋអំណាចផ្តាច់ការភូមាបានរៀបចំបោះឆ្នោត បានដោះលែងលោកស្រីអុង សាន់ស៊ូជីឲ្យមានសេរីភាពវិញ រួចហើយបានរំលាយរបបសឹកចោល និងនៅចុងក្រោយបង្អស់បានតែងតាំងលោកធេន សេនដែលគេស្គាល់ថាមិនមែនជាអ្នករឹងរូសខ្លាំងឲ្យឡើងធ្វើជាប្រធានាធិបតីស៊ីវិលទីមួយ។ កាលណោះ មិនសូវមានឡើយអ្នកដែលមានជំនឿទៅលើសុឆន្ទៈនយោបាយរបស់អាជ្ញាធរភូមា។
មួយឆ្នាំក្រោយមក អ្វីៗដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនៅភូមាដូចជាមិនមែនភ្លើងចំបើងទេ តែជាកំណែទម្រង់នយោបាយស៊ីជម្រៅដែលកំពុងផ្លាស់ប្តូរពិតប្រាកដមែន មុខមាត់នៃប្រទេសនេះ។ ជាក់ស្តែងក្នុងអំឡុងពេលបួនប្រាំខែកន្លងនេះ លោកប្រធានាធិបតីធេន សេន បានជួបពិភាក្សាជាមួយលោកស្រីអុង សាន់ស៊ូជី បានសម្រេចផ្អាកការសាងសង់ទំនប់ទប់ទឹកទន្លេដ៏ធំមួយដោយហេតុតែមានការប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ បានបើកសិទ្ធិឲ្យប្រជាជនប្រើប្រាស់អ៊ីធ័រណែត បង្កើតសហជីព និងធ្វើកូដកម្ម និងបានអនុញ្ញាតឲ្យបក្សប្រឆាំងបញ្ចេញមតិតាមកាសែត វិទ្យុនិងទូទស្សន៍។ មិនតែប៉ុណ្ណោះ របបថ្មីភូមាថែមទាំងបានដោះលែងអ្នកទោសនយោបាយជាង២០០នាក់ទៀតផង កាលពីថ្ងៃទី១២តុលាកន្លងទៅនេះ។ ពិសេសលើសនេះទៅទៀត គឺការតែងតាំងមនុស្សជំនិតម្នាក់របស់លោកស្រីអុង សាន់ស៊ូជីឲ្យធ្វើជាទីប្រឹក្សាទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច របស់លោកប្រធានាធិបតីធេន សេនផ្ទាល់ទៀតផង។
មានមូលហេតុច្រើនយ៉ាងដែលអាចពន្យល់ការប្រែប្រួលស៊ីជម្រៅនៅប្រទេសភូមាសព្វថ្ងៃ។ ម្យ៉ាង គឺមកពីបស្ចិមលោក ជាពិសេសសហរដ្ឋអាមេរិករបស់លោកអូបាម៉ាបានផ្លាស់ប្តូរនយោបាយ តាមរយៈការបន្ធូរសម្ពាធនិងការបង្កើនកិច្ចចរចា។ ម្យ៉ាងទៀត គឺឆន្ទៈពិតប្រាកដរបស់ក្រុមនាយទាហានភូមា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសដែលសម្បូរទៅដោយប្រេងកាត ឧស្ម័នធម្មជាតិ ព្រៃឈើនិងរ៉ែ។ ក៏ប៉ុន្តែ ការអភិវឌ្ឍន៍នឹងមិនអាចប្រព្រឹត្តទៅដោយរលូននិងលឿនរហ័សបានទេ ប្រសិនបើភូមាបន្តឋិតនៅក្រោមទណ្ឌកម្មរបស់បស្ចិមលោកយូរឆ្នាំតទៅមុខទៀតអ៊ីចឹង។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅមិនទាន់ព្រមលើកទណ្ឌកម្មចេញទេ តែកោតសរសើរនិងលើកទឹកចិត្តរបបថ្មីឲ្យបន្តកំណែទម្រង់នយោបាយ។ បស្ចិមលោកនៅបារម្ភ បារម្ភខ្លាចចាញ់បោករដ្ឋអំណាចភូមា ពីព្រោះគេដឹងថា នៅពីក្រោយលោកប្រធានាធិបតីស៊ីវិលធេន សេន និងនៅពីក្រោយឆាកល្ខោននយោបាយ មានស្រមោលរបស់ក្រុមនាយទាហានដែលចង់រក្សាអំណាចរបស់ពួកគេឲ្យនៅឋិតថេរយូរអង្វែងតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ