ភូមា

លោកស្រី​អ៊ុង សាន ស៊ូជី ត្រូវ​របបសឹក​ដោះលែង

លោកស្រី​អ៊ុង សាន ស៊ូជី និង​មន្រ្តី​គណបក្ស​ប្រឆាំង ក្រោយ​ពី​ត្រូវ​របបសឹក​ដោះលែង
លោកស្រី​អ៊ុង សាន ស៊ូជី និង​មន្រ្តី​គណបក្ស​ប្រឆាំង ក្រោយ​ពី​ត្រូវ​របបសឹក​ដោះលែង ©Reuters

ក្រោយ​ពី​ជាប់ឃុំ​អស់រយៈពេល​ប្រមាណ ១៥ឆ្នាំ លោកស្រី​អ៊ុង សាន ស៊ូជី ត្រូវបាន​របបសឹក​ភូមា​ដោះលែង​ឲ្យ​មានសេរីភាព​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១៣ វិច្ឆិកា ២០១០​នេះ។ គ្រាន់តែ​ទទួល​បាន​សេរីភាព​វិញភ្លាម មេដឹកនាំ​ប្រឆាំង និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​ឲ្យ​មាន​ការ​រួបរួមគ្នា​។ លោកស្រី​​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ នៅថ្ងៃ​អាទិត្យ​ស្អែក នៅ​ទីស្នាក់​ការ​គណបក្ស ក្នុង​ទីក្រុង​រ៉ង់ហ្គូន។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី១៣ វិច្ឆិកា ២០១០​នេះ លោកស្រី​អ៊ុង សាន ស៊ូជី ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ដែល​មកប្រមូលផ្តុំ​គ្នា​មុខគេហដ្ឋាន ប្រមុខដឹកនាំ​ប្រឆាំង​ភូមា​បាន​ថ្លែង​ថា “​យើង​ត្រូវ​តែ​ធ្វើ​ការ​រួមគ្នា ដើម្បី​សម្រេច​ឲ្យ​ដល់​គោលដៅ”។ លោកស្រី​ក៏​បាន​​ប្រកាស​ឲ្យ​ដឹង​ផងដែរ​ថា នៅថ្ងៃ​អាទិត្យ​ស្អែក លោកស្រី​នឹង​ថ្លែងការណ៍​ជាសាធារណៈ ទៅ​កាន់​អ្នក​គាំទ្រ​លោកស្រី នៅ​ឯទីស្នាក់ការ​គណបក្ស NLD ។

លោកស្រី​អ៊ុង សាន ស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ​ដែល​ពេលនេះ​មាន​អាយុ ៦៥​ឆ្នាំ ត្រូវ​បាន​របបសឹក​ភូមា​ចាប់​ឃុំ​ខ្លួន​អស់រយៈពេល ១៥​ឆ្នាំ ក្នុងរយៈពេល​​២១​ឆ្នាំ​កន្លងទៅនេះ។ លោកស្រី​ត្រូវ​បាន​ដោះលែង​ឲ្យ​មានសេរីភាពវិញ ៦ថ្ងៃ ក្រោយ​ពី​របបសឹក​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ជាលើក​ទី១ កាល​ពីថ្ងៃ​អាទិត្យមុន។

ក្រុមអ្នកគាំទ្រ​លោកស្រី​អ៊ុង សាន ស៊ូជី បាន​នាំគ្នា​ទន្ទឹងរង់ចាំ​ការ​ដោះលែង​លោកស្រី​តាំងពី​ថ្ងៃ​សុក្រ ម្សិលមិញមក។ នៅ​ថ្ងៃ​សៅរ៍នេះ មនុស្ស​រាប់​រយនាក់​បាន​មកប្រមូលផ្តុំគ្នា នៅមុខ​របាំង ដែល​អាជ្ញាធរ​ភូមា​ដាក់រាំង​ផ្លូវ​ទៅ​កាន់​គេហដ្ឋាន​របស់​លោកស្រី​អ៊ុង សាន ស៊ូជី។

នៅម៉ោងប្រហែល ៥ល្ងាច (ម៉ោង​នៅ​ភូមា) មន្រ្តី​រដ្ឋាភិបាល​ភូមា​បាន​​បើក​រថយន្តចូល​ទៅ​ក្នុង​ផ្ទះ​លោកស្រី​អ៊ុង សាន ស៊ូជី ដើម្បី​អាន​បទបញ្ជា​ឲ្យ​ដោះលែង​លោកស្រី។ គ្រាន់តែ​អាជ្ញាធរ​ដក​របាំង​រាំងផ្លូវ​ចេញ​ភ្លាម ក្រុម​អ្នក​គាំទ្រ​លោកស្រី​អ៊ុង សាន ស៊ូជី រាប់​ពាន់​នាក់​បាន​នាំ​គ្នា​រត់សំដៅ​ទៅ​កាន់​​គេហដ្ឋាន​របស់​លោកស្រី។ លោកស្រី​មេដឹកនាំ​ប្រឆាំង​បាន​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​មក​មាត់ទ្វាររបង ដើម្បី​ស្វាគមន៍​អ្នកគាំទ្រ។ បន្ទាប់មក លោកស្រី​បាន​ចូល​ទៅ​ក្នុង​ផ្ទះវិញ ដើម្បី​ជួបប្រជុំ​ជាមួយ​មន្រ្តី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង (NLD) ដែល​ជា​កិច្ចប្រជុំ​លើក​ទី១ ក្នុងរយៈពេល ៧​ឆ្នាំ​កន្លងទៅនេះ។

ក្រុម​អ្នកគាំទ្រ​នាំ​គ្នា​មក​ប្រមូលផ្តុំគ្នា​នៅមុខ​ផ្ទះ​លោកស្រី​អ៊ុង សាន ស៊ូជី ក្រោយ​ពី​លោកស្រី​មាន​សេរីភាព​ឡើងវិញ
ក្រុម​អ្នកគាំទ្រ​នាំ​គ្នា​មក​ប្រមូលផ្តុំគ្នា​នៅមុខ​ផ្ទះ​លោកស្រី​អ៊ុង សាន ស៊ូជី ក្រោយ​ពី​លោកស្រី​មាន​សេរីភាព​ឡើងវិញ ©Reuters

សហគមន៍​អន្តរជាតិ​បាន​បញ្ចេញ​ប្រតិកម្មភា្លមៗ ទៅនឹង​ព័ត៌មាន​ អំពី​ការ​ដោះលែង​លោកស្រី​អ៊ុង សាន ស៊ូជី។ ប្រតិកម្ម​ដំបូងគេ គឺ​ចេញ​ពី​នាយករដ្ឋមន្រ្តី​អង់គ្លេស ដាវីដ ឃែមរ៉ន (David Camron)។ លោក​បាន​ថ្លែងថា លោកស្រី​អ៊ុង សាន ស៊ូជី គួរត្រូវ​បាន​ដោះលែង​តាំងពីយូរណាស់មកហើយ។

លោក​អូបាម៉ា​វិញ បាន​អបអរ​សាទរ​ការ​មានសេរីភាព​ឡើងវិញ​របស់​លោកស្រី អ៊ុង សាន ស៊ូជី ព្រមទាំងបាន​ចាត់ទុក​លោកស្រី​ថា​ជា​វីជន​របស់​លោក​ទៀតផង។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា លោក​អូបាម៉ា​ក៏បានទាមទារ​ផងដែរ​ឲ្យ​របបសឹកភូមា​ធ្វើការ​ដោះលែង​អ្នកទោស​ នយោបាយ​ផ្សេងទៀត។ ការ​ទាមទារ​បែបនេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផងដែរ​ដោយ​លោក​អគ្គលេខាធិការ​អ.ស.ប. ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ គឺ Amnesty International និង Human Rights Watch។

អគ្គលេខាធិការ​អាស៊ាន​​​បាន​ថ្លែងថា លោក​មាន​ការ​ធូរចិត្ត​ខ្លាំងណាស់ ដែល​​លោកស្រី​អ៊ុង សាន ស៊ូជី​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាពវិញ។ ប្រធានាធិបតី​បារាំង និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​វិញ ព្រមជាមួយ​នឹង​ការ​អបអរ​ចំពោះ​សេរីភាព​របស់​លោកស្រី​អ៊ុង សាន ស៊ូជី បាន​ព្រមាន​​ជាមុន​ដល់​របបសឹកភូមា​​​កុំ​ឲ្យ​បិទសិទ្ធិសេរីភាព​ផ្នែក​នយោបាយ ​របស់​លោកស្រី​។

គួរ​បញ្ជាក់ឡើងវិញ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មាន​លេចឮ​ព័ត៌មាន​ថា មេដឹកនាំ​យោធា​ដាក់​លក្ខខណ្ឌ​ឲ្យ​លោកស្រី​អ៊ុង សាន ស៊ូជី បញ្ឈប់ការ​ធ្វើ​សកម្មភាព​នយោបាយ​ ដើម្បី​ជាថ្នូរ​នឹង​​សេរីភាព។ រហូតមកទល់ពេលនេះ គេ​នៅមិនទាន់​ដឹង​ច្បាស់​នៅឡើយទេ​ថា ការ​ដោះលែង​​លោកស្រី​អ៊ុង សាន ស៊ូជី​នេះ ​មាន​ភ្ជាប់លក្ខខណ្ឌ​អ្វី​ដែរ​ឬក៏យ៉ាងណា​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI