ភូមា ធ្វើជំរឿនជាលើកដំបូង ដោយគ្មានរាប់ជនជាតិ "រ៉ូហ៊ីងយ៉ា”
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាជ្ញាធរភូមា បានប្រកាសនៅថ្ងៃសៅរ៍ទី ២៩ មីនា នេះ មិនអនុញ្ញាត ឱ្យបណ្តាជនអ៊ីស្លាមរស់នៅភូមា ឱ្យចុះឈ្មោះ ជាជនជាតិ រ៉ូហ៊ីងយ៉ា ក្នុងបញ្ជីជំរឿនប្រជាជនទេ ទោះបី ជាអង្គការសហប្រជាជាតិបានធ្វើការធានាអះអាងយ៉ាងណាក៏ដោយ។ ជំរឿនប្រជាជនជាលើកទីមួយ គិតតាំងពី៣០ឆ្នាំ មកនេះ មានរយៈពេល១២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យទី៣០មីនាទៅ។
ប្រឈមមុខនឹងការគំរាមកំហែងរបស់បណ្តាជនភូមា អ្នកកាន់ព្រះពុទ្ធសាសនា នៅភាគខាងលិចប្រទេស និងការព្រមានធ្វើពហិការមិនចូលធ្វើជំរឿន ទើបអាជ្ញាធរភូមាសម្រេចមិនអនុញ្ញាត មិនឱ្យមានឈ្មោះ រ៉ូហ៊ីងយ៉ា ក្នុងបញ្ជីជំរឿនប្រជាជន លើកនេះទេ។ សម្រាប់ ក្រុមអ្នកព្រះពុទ្ធសាសនា ការបញ្ចូលជនជាតិរ៉ូហ៊ីងយ៉ា ទៅក្នុងបញ្ជីជំរឿន អាចនឹងក្លាយទៅជាការទទួលស្គាល់ជាផ្លូវការជនជាតិនេះ។ បណ្តាជនរ៉ូហ៊ីងយ៉ា អាចប្រកាសខ្លួនជាងជនជាតិ បង់ហ្កាដែស ដែលអាជ្ញាធរទទួលស្គាល់ និង ចាត់ទុកជាជនភៀសខ្លួនខុសច្បាប់ រត់មកពីប្រទេសជិតខាងបង់ក្លាដែស។
នៅក្នុងសប្តាហ៍កន្លងទៅនេះ នៅក្រុងស៊ីតវ៉េ ហ្វូងមហាជនពុទ្ធសាសនាភូមា បានចុះទៅសំឡុតតំណាងអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល ដែលពួកគេយល់ថាជាអ្នកគាំទ្រពួកអ៊ីស្លាម រហូតទាល់តែអង្គការសហប្រជាជាតិបង្ខំចិត្តដកបុគ្គលិកអន្តរជាតិ ជាង៥០នាក់ចេញពីតំបន់នោះ និងមានផ្ទុះអំពើហិង្សា ប៉ូលិសប្រើកាំភ្លើងបាញ់រះបង្ក្រាបហ្វូងមនុស្សទៀតផង។ កុមារីម្នាក់អាយុ១១ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍នោះ ហើយដើម្បីសម្តែងកំហឹង ក្រុមគ្រួសារបានសរសេរផ្លាកបិទនៅមុខផ្ទះ “ប្រឆាំងនឹងការធ្វើជំរឿន” !
កម្មវិធីជំរឿននេះ បានជំនួយឧបត្ថម្ភពី មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ដែលចង់ដឹងអំពីការវិវឌ្ឍន៍របស់បណ្តាជនភូមា ក្នុងអំឡុងពេលគ្រប់គ្រងដោយរបបសឹក និងដើម្បីជាប្រយោជន៍នយោបាយរបស់រដ្ឋាភិបាលស៊ីវិលភូមា ក្នុងការអភិវឌ្ឍន៍ វិស័យអប់រំ សុខភាព និងនគរោបនីយកម្ម។
ប៉ុន្តែ ការធ្វើជំរឿនជាតិនេះ ក៏បានញុះញង់ឱ្យមានអំពើហិង្សាជាច្រើនកន្លែងមានជាអាទិ៍នៅរដ្ឋរ៉ាក់ឃីន ឬនៅភាគខាងលិចប្រទេស ព្រមទាំងបានធ្វើកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលនិងឧទ្ទាមជនជាតិភាគតិច មានការរង្គោះរង្គើ។ ព្រោះសូមបញ្ជាក់ថា ភូមាជារដ្ឋមួយដែលមានបណ្តុំជនជាតិ ភាគតិចជាងមួយរយជនជាតិខុសៗគ្នា។ ជនជាតិរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម ដែលអង្គការសហប្រជាជាតិចាត់ទុកថា ជាជនជាតិភាគតិច រងទុក្ខទណ្ឌខ្លាំងជាងគេនៅលើពិភពលោក រស់នៅតាមព្រំដែនរដ្ឋរ៉ាក់ឃីន មិនត្រូវបានរាប់បញ្ចូលនិងគ្មានសញ្ជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ