អានតួអត្ថបទ
ភូមា-ថៃ

លោកស្រី​អ៊ុងសានស៊ូជី​ទៅ​បំពេញទស្សនកិច្ច​នៅ​ថៃ​ដោយ​ផ្តោតលើ​បញ្ហា​អន្តោប្រវេសន៍

លោកស្រី​អ៊ុងសានស៊ូជី ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​បាងកក ថ្ងៃទី២៣ មិថុនា ២០១៦
លោកស្រី​អ៊ុងសានស៊ូជី ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​បាងកក ថ្ងៃទី២៣ មិថុនា ២០១៦ REUTERS/Narong Sangnak
ដោយ៖ សេង ឌីណា
១៣ នាទី

លោកស្រី​អ៊ុងសានស៊ូជី បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ថៃ នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ការបរទេស និង​ជា​ទីប្រឹក្សា​ពិសេស​របស់​ប្រធានាធិបតី​ភូមា។ ក៏ប៉ុន្តែ គោលដៅ​ច​ម្បង គឺ​ទៅ​ជួប​ពលរដ្ឋ​ភូមា ដែល​ធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ និង​ធ្វើការ​ នៅ​ក្នុង​ប្រទេស​ថៃ។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​បាន​​ជាប់ឆ្នោត​ឡើង​កាន់អំណាច​នៅ​ភូមា លោកស្រី​អ៊ុងសានស៊ូជី បានធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​ចំនួនពីរ​លើក​​រួចមកហើយ ដោយ​ដំណើរទស្សនកិច្ច​មុនគេ​បង្អស់ គឺ​ទៅកាន់​ប្រទេស​ចិន កាល​ពីខែ​មេសា (មុនពេល​ឡើងកាន់តំណែង​ជាផ្លូវការ) និង​ទីពីរ ទៅ​ឡាវ កាល​ពីខែ​ឧសភា។ ដំណើរទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ថៃ នៅថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ទស្សនកិច្ច​ក្រៅប្រទេស​លើកទី៣។

លោកស្រី​ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​ក្រុងបាងកក នៅ​ថ្ងៃត្រង់ ហើយ​នៅ​ពេល​ល្ងាច បន្ត​ដំណើរ​ទៅ​មើល​ផ្សារត្រីដ៏ធំមួយ នៅ​ខាងត្បូង​ក្រុង​បាងកក ទីដែល​មាន​ជនចំណាកស្រុក​ភូមា​ប្រមាណ​ជា ១០ម៉ឺននាក់ កំពុងតែ​​រស់នៅ និង​ធ្វើការ ដោយ​ភាគច្រើន​ជា​ងអ្នក​ស៊ីឈ្នួល​នេសាទ។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​ពលករ​បរទេស ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ នាពេល​បច្ចុប្បន្ន​នេះ មាន​ភាគច្រើន​លើសលុប (រហូត​ដល់​ទៅ​ប្រមាណ​ជា ៨០%) គឺ​ជា​ជនជាតិ​ភូមា។ គិតជា​សរុប ពលករភូមា​ដែល​កំពុង​ធ្វើការ​ដោយស្របច្បាប់ នៅ​ក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ​នេះ មាន​រហូតដល់​ទៅ​ជាង ១លាននាក់ ហើយ​នេះ​នៅមិនទាន់​និយាយ​ដល់​អ្នកធ្វើការ​ខុសច្បាប់ ដែល​គេ​មិន​អាច​ដឹង​ចំនួន​ពិតប្រាកដ​បាន។

ពលករភូមា​ភាគច្រើន​ធ្វើការ​ជា​អ្នក​ស៊ីឈ្នួល​នេសាទ ហើយ​​អ្នក​ខ្លះ​ធ្វើការ​នៅ​ក្នុង​លក្ខខណ្ឌ​ដ៏​សែន​លំបាក ដែល​សមាគម និង​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​ បាន​ប្រៀបប្រដូច​ទៅនឹង​ទាសករ។ ពលករ​ជាច្រើន​ដែល​បាន​ធ្វើ​ដំណើរ​មក​ទទួលស្វាគមន៍​​លោកស្រី​អ៊ុងសានស៊ូជី នៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ពី​ក្តីរំពឹងថា ក្រោម​ការ​ដឹកនាំ​របស់រដ្ឋាភិបាល​ថ្មី​ភូមា​អាច​នឹង​​មាន​ការ​អភិវឌ្ឍ ហើយ​​បង្កើន​ទីផ្សារ​ការងារ ដើម្បី​ឲ្យ​ពួកគេ​អាច​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ក្នុងប្រទេស​កំណើត​របស់​ខ្លួនវិញ។

គួរធ្វើការ​កត់សម្គាល់ថា នៅ​ក្នុង​មួយរយៈកាលចុងក្រោយ​នេះ ថៃ និង​ភូមា ដែល​ជា​ប្រទេសជិតខាង​នឹងគ្នា កំពុងតែ​ដើរ​លើ​គន្លង​ផ្ទុយគ្នា​ស្រឡះ គឺ​ភូមា​ដែល​ជា​ប្រទេស​ក្រី​បាន​ងាកចេញ​ពី​របបសឹក បែរ​ទៅរក​របបប្រជាធិបតេយ្យ ចំណែក​ឯថៃ​វិញ​បែរ​ជា​ធ្លាក់​ចូល​ទៅ​ក្នុង​របបសឹក​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ