ភូមា

រដ្ឋាភិបាល​លើកលែង​ទោស​ដល់​ទណ្ឌិត​ជាង ៦៣០០​នាក់

រដ្ឋាភិបាល​ស៊ីវិល​ភូមា​ ដឹកនាំ​ដោយ​ប្រធានាធិបតី​ថេន សេន
រដ្ឋាភិបាល​ស៊ីវិល​ភូមា​ ដឹកនាំ​ដោយ​ប្រធានាធិបតី​ថេន សេន REUTERS/Myanmar News Agency/Handout

រដ្ឋាភិបាល​ស៊ីវិល​ភូមា​បាន​បោះមួយ​ជំហាន​​ទៅមុខ​ជា​វិជ្ជមាន​ ដើម្បី​បំពេញ​ចិត្ត​សហគមន៍​អន្តរជាតិ។ ​នៅថ្ងៃ​អង្គារនេះ នៅប៉ុន្មាន​ម៉ោង​ក្រោយ​សំណើសុំ​របស់​ក្រុមប្រឹក្សា​ជាតិ​សិទ្ធិ​មនុស្សភូមា ដែល​ជា​ស្ថាប័ន​បង្កើត​ដោយ​រដ្ឋាភិបាល​ ទូរទស្សន៍​រដ្ឋ​ភូមា​បាន​ប្រកាស ពី​ការ​ដោះលែង​អ្នកទោស​ ជាង ៦៣០០​នាក់ ដោយ​មិន​បាន​បញ្ជាក់​ថា តើ​អ្នកទោស​នយោបាយ​ នឹង​ស្ថិតនៅ​ក្នុង​ចំណោម​អ្នកទោស​ដែល​ត្រូវ​ដោះលែង​ដែរឬទេ។

ផ្សាយពាណិជ្ជកម្ម

វគ្គ​ដោះលែង​អ្នកទោស​​​លើក​​ទីមួយ នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ស្អែក។ ប៉ុន្តែ គេ​មិន​បានដឹងថា តើ​ក្នុង​ចំនោមនោះ នឹង​​មាន​​​អ្នកទោស​នយោបាយ​​ដែល​សហគមន៍​អន្តរជាតិ និង​គណបក្ស​ប្រឆាំង​ធ្លាប់​ទាមទារ​ឲ្យ​ដោះលែង​ដែរឬទេ។ យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ មន្រ្តី​រដ្ឋាភិបាល​ភូមា​​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងថា គេ​នឹង​ដោះលែង​អ្នកទោស​នយោបាយ នៅប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ នេះជា​លើកទីមួយ​ដែល​ស្ថាប័ន​រដ្ឋ​ភូមា​ប្រើពាក្យ​អ្នកទោសនយោបាយ ព្រោះ​កន្លងមក ភូមា​ក្រោមការគ្រប់គ្រង​របស់​របបសឹក តែងតែ​បដិសេធ​ថា ​គ្មាន​អ្នកទោស​នយោបាយ​នៅក្នុង​ពន្ធនាគារទេ។ ​

 
នៅក្នុង​សំបុត្រ​​សាធារណៈ​ផ្ញើ​ទៅ​ប្រធានាធិបតី​ គណៈកម្មាការ​ជាតិ​ដើម្បី​​សិទ្ធិមនុស្ស​ភូមា​ដែល​ទើប​បង្កើត​ឡើង កាលពីខែមុន ដោយ​រដ្ឋាភិបាល​លោក​ថេន សេន បានសរសេរ​សុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ ទៅតាម​ការ​អំពាវនាវ​​​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​មួយ​ចំនួន។
 
គួរ​រំលឹកជូនថា អាមេរិក សហភាព​អឺរ៉ុប និង​គណបក្ស​ប្រឆាំង​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ ទាំង​ជាង​២០០០​នាក់ ដែល​ អ្នកទាំងនោះ​គឺ​ជាសកម្មជន​គណបក្ស​ប្រឆាំង សិល្បករ អ្នកកាសែត មេធាវី និង​និស្សិត​​
 
តាមរយៈ ការប្រកាស​ការលើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ ​រដ្ឋាភិបាល​ភូមា​ចង់​បង្ហាញ​ថា ខ្លួន​កំពុង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ទៅតាម​ការចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ហើយ។ មន្រ្តីការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​ទទួល​ស្គាល់​ថា គេ​ពិត​ជា​បាន​ឃើញ​ការវិវឌ្ឍជា​វិជ្ជមាន ​នៅក្នុង​ប្រទេស​ភូមា។
អ្នកកាសែត​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​យកព័ត៌មាន​នៅក្នុង​កិច្ច​ប្រជុំ​សភា ហើយ​ការត្រួតពិនិត្យ​ខ្លឹមសារ​អត្ថបទ​ក៏​លែង​សូវមាន។ រដ្ឋាភិបាល​របស់​លោក​ថេន សេន​​នៅ​បាន​ផ្តើម​ចរចា​​នយោបាយ​ មួយ​លើក ជាពីរលើក ជាមួយ​មេដឹកនាំ​ប្រឆាំង ដែល​របប​សឹក​ទើប​ដោះលែង កាលពីចុងឆ្នាំ ២០១០។ ភូមា​ធ្លាប់​បាន​ដោះលែង​អ្នកទោស ជាង ១ម៉ឺន​នាក់​កន្លងមកហើយ ប៉ុន្តែ មិន​ត្រូវចិត្ត​សហគមន៍​អន្តរជាតិ ​ដោយសារ​មិន​មាន​អ្នកទោស​នយោបាយ​ក្នុង​ចំណោម​អ្នកទោស​ដែល​រដ្ឋាភិបាល​​ដោះលែង។
 

រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន​ចរចា​ និង​ធ្វើការងារ​ជាមួយ​គណបក្ស​ប្រឆាំង​ ដែល ​របបសឹក​ ​ក្នុង​អតីតកាល​បដិសេធ​ ដាច់​អហង្កាមិនធ្វើកន្លងមក។ ការផ្លាស់ប្តូរ​​នយោបាយ​ភូមាសឹង ១៨០​អង្សារ ​មានឡើង ក៏មក​ពី​ភូមា​ត្រូវ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​បាន​កៅអី​ប្រធាន​អាស៊ាន ឆ្នាំ ២០១៤។ ម្យ៉ាងទៀត ​ភូមាដែល​​រស់​ឯកោ​ ដោយសារ​​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក និង​អឺរ៉ុប ក៏​ត្រូវការ​ជំនួយ​អន្តរជាតិ​ដើម្បី​ចាកចេញ​ពីភាពក្រីក្រ​ និង​ឯករាជ្យ លែងពឹងអាស្រ័យ​តែ​ទៅ​លើ​ប្រទេស​ចិន​កុម្មុយនិស្ត។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI