ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាថ៌កំបាំង​ជុំវិញ​ទីកន្លែង​លាក់ខ្លួន​របស់​អតីត​បុគ្គលិក​ភ្នាក់ងារ​​ចារកិច្ច​អាមេរិក Edward Snowden

Edward Snowden ថត​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នក​កាសែត​អង់គ្លេស The Guardian នៅ​ហុងកុង កាល​ពីថ្ងៃទី៦ មិថុនា ២០១៣
Edward Snowden ថត​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នក​កាសែត​អង់គ្លេស The Guardian នៅ​ហុងកុង កាល​ពីថ្ងៃទី៦ មិថុនា ២០១៣ REUTERS/Courtesy of The Guardian/Glenn Greenwald/Laura Poitras/H

Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ដែល​អាមេរិក​កំពុង​តែតាម​ចាប់ខ្លួន ពីបទ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ បាន​ចាកចេញ​ពី​ហុងកុង ​ទៅដល់​ម៉ូស្គូ​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ។ នៅថ្ងៃ​ចន្ទ​នេះ ទីតាំង​លាក់​ខ្លួន​របស់​ Snowden កំពុង​តែ​ក្លាយ​ទៅជា​រឿង​ដ៏​អាថ៌កំបាំង។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ ​ប្រភព​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ថា Edward Snowden មាន​ឈ្មោះ​​ក្នុង​បញ្ជី​​អ្នក​ដំណើរ នៅលើ​ជើងយន្តហោះ​មួយ ដែល​ត្រូវ​ហោះហើរ​ចេញ​ពី​ម៉ូស្គូ ឆ្ពោះ​ទៅ​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា។ ក៏ប៉ុន្តែ នៅ​ក្រោយ​ពេល​ដែល​យន្តហោះ​នេះ​បាន​ចេញ​ដំណើរ នៅ​ម៉ោង ២រសៀល​ម៉ោង​នៅ​ម៉ូស្គូ (ត្រូវ​នឹង​ម៉ោង ៥ល្ងាច ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា) ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​​ដែល​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​មន្រ្តី​​នៅ​ព្រលានយន្តហោះ​ម៉ូស្គូ​ថា Snowden មិន​ស្ថិត​នៅ​ក្នុង​យន្តហោះ​ ទៅ​គុយបា​នេះ​ទេ។

ក៏ប៉ុ​ន្តែ ក្នុងពេល​ជាមួយគ្នា​នេះ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax ក៏​បាន​ឲ្យដឹង​ផងដែរ​ថា Edward Snowden ប្រហែល​ជា​បាន​ចាកចេញ​ពី​រុស្ស៊ី​បាត់​ទៅហើយ គ្រាន់តែ​គាត់​មិន​​ធ្វើ​ដំណើរ​តាម​ជើងយន្តហោះ ដែល​បាន​គ្រោង​ទុក​ពីមុន។ តើ​ Edward Snowden ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ឬ​ចេញ​ក៏​ចេញ​ទៅ​ប្រទេស​ណាផ្សេង​បាត់ទៅហើយ? បើ​ចេញ​ពី​រុស្ស៊ី​ តើ​ទៅ​កាន់​ប្រទេស​ណា? ទាំងនេះ​កំពុង​ក្លាយ​ជា​រឿង​ដ៏​អាថ៌កំបាំង ដែល​ពិបាក​នឹង​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់។

កាលពីព្រឹកថ្ងៃ​ចន្ទ​នេះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អេក្វាទ័រ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​បាន​ឲ្យដឹង​ថា រដ្ឋាភិបាលអេក្វាទ័រ​​បាន​ទទួល​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​របស់​ Snowden ហើយ​កំពុង​តែ​សិក្សា​លម្អិត​លើ​ពាក្យសុំ​នេះ ដោយ​នៅ​មិនទាន់​ធ្វើការ​សម្រេច​​​ថា​យ៉ាងណា​នៅឡើយទេ។

បើ​សិន​ជា​អេក្វាទ័រ​សម្រេច​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ ដល់​ Edward Snowden ​វា​មិនមែន​ជា​រឿងគួរ​ឲ្យ​ចម្លែក​នោះ​ទេ ពីព្រោះ​ថា រដ្ឋាភិបាល​អេក្វាទ័រ​សព្វថ្ងៃ​នេះ គឺ​ជា​អ្នក​ប្រឆាំង​នឹង​អាមេរិក​ ហើយ​បច្ចុប្បន្ន​នេះ ​លោក Julian Assange មេដឹកនាំ​ Wikileaks ដែល​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​​អាមេរិក​រាប់​សិបម៉ឺន​ទំព័រ​ ក៏ត្រូវ​បាន​អាជ្ញាធរ​អេក្វាទ័រ​ផ្តល់​ការការពារ​យ៉ាង​ពេញទំហឹង​ដែរ តាមរយៈ​ការ​ផ្តល់​ជម្រក​ឲ្យ​លោក Julian Assange នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ​ប្រចាំ​ប្រទេស​អង់គ្លេស តាំង​ពី​ប្រមាណ​ជា ១ឆ្នាំ​មកហើយ។

រដ្ឋាភិបាល​អេក្វាទ័រ​​បាន​អះអាង​ថា ករណី Edward Snowden គឺ​ជា​រឿង​ទាក់ទង​នឹង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ។ ការអះអាង​ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ជាច្រើន​មាន​ការ​ហួសចិត្ត ដោយសារ​តែ​គេដឹងថា អេក្វាទ័រ​មិនមែន​ជា​ស្ថានសួគ៌​​នៃ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ​នោះទេ។

ការដែល​ Edward Snowden ព្យាយាម​រត់គេចខ្លួន​ទៅ​ជ្រកកោន​ ក្នុង​ប្រទេស​អេក្វាទ័រ ដែល​ជាប្រទេស​ជាប់ឈ្មោះ​មិន​ល្អ ខាង​គោរព​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សាធារណមតិ​អាមេរិក​​​លែង​សូវ​គាំទ្រ​ទង្វើ​របស់​​អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​រូបនេះ ដែល​តែងតែ​អះអាង​ថា ខ្លួន​បញ្ចេញ​ឯកសារ​សម្ងាត់ ក្នុងគោលដៅ ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាជន​ទូទៅ។

លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ហៅ Edward Snowden ថា​ជា​ជន​ក្បត់ជាតិ ហើយ​បាន​ព្រមាន​ដល់​ចិន និង​រុស្ស៊ី​ថា នឹង​ប្រឈមមុខ​នឹង​ផលវិបាក ដោយសារ​តែ​ប្រទេស​ពីរនេះបាន​ជួយ​ឲ្យ Snowden រត់គេចខ្លួន​ពី​អាជ្ញាធរ​អាមេរិក។

ជាលក្ខណៈ​ផ្លូវការ ​អាជ្ញាធរ​ហុងកុង​បាន​លើក​ហេតុផល​​ថា ខ្លួន​មិន​អាច​រារាំង Edward Snowden មិន​ឲ្យ​ចាកចេញ​ពី​ហុងកុង​បាន ដោយសារ​តែ​សំណើ​សុំ​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​ Snowden ដែល​បញ្ជូន​ពី​អាមេរិក មាន​ចំណុច​ខ្វះខាត ដែល​មិនត្រូវ​ទៅតាម​នីតិវិធី ដែល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​បត្យាប័ន​ រវាង​ហុងកុង និង​អាមេរិក។ ក៏ប៉ុន្តែ បើ​តាម​​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ នេះ​គ្រាន់តែ​ជា​លេស​របស់​អាជ្ញាធរ​ហុងកុង​ប៉ុណ្ណោះ ពីព្រោះថា កាល​ពីថ្ងៃ​សុក្រ នៅ​ពេល​មន្រ្តី​អាមេរិក និង​មន្រ្តី​ហុងកុង​ជួបគ្នា ដើម្បី​ជជែក​ពី​​សំណើ​សុំ​​ធ្វើ​បត្យាប័ន​ Snowden នេះ មន្រ្តី​ហុងកុង​មិន​​​បាន​លើកឡើង​ពី​ចំណុច​ខ្វះខាត​​អ្វី​ទាំងអស់។

​មន្រ្តី និង​សមាជិក​សភា​អាមេរិក ព្រម​ទាំង​អ្នក​វិភាគ​ឯករាជ្យ​ជាច្រើន​ ​សុទ្ធតែ​យល់ថា សេចក្តីសម្រេច​​​អនុញ្ញាត​ឲ្យ​ Snowden ចាកចេញ​ពីហុងកុង គឺ​ជា​គំនិត​របស់​អាជ្ញាធរ​ចិន​ដីគោក។ មេធាវី​របស់ Snowden ​ផ្ទាល់ ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា អ្នក​ដែល​ចង់​ឃើញ Snowden ចេញ​ពី​ហុងកុង គឺ​អាជ្ញាធរ​ក្រុង​ប៉េកាំង។

ចិន​មិនចង់​ឲ្យ​ Snowden បន្ត​ស្ថិត​នៅ​ក្នុង​ទឹកដី​ហុងកុង ឬ​ក៏​ក្នុង​ទឹកដី​ចិន​ដីគោក​តទៅទៀត ដោយសារ​តែ​ចិន​មិនចង់​​ឲ្យ​សំណុំរឿង Snowden នេះ ជាប់​​ជា​បញ្ហា​ច្បាប់​ និងបញ្ហា​​ការទូត​ស្មុគស្មាញ ពិបាក​ដោះស្រាយ។ បើ​សិន​ជា​ Snowden ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ចិន អាជ្ញាធរ​ចិន​ប្រាកដ​ជា​ត្រូវ​ជួយ​ការពារ Snowden មិន​ឲ្យ​អាមេរិក​ចាប់ខ្លួន ពីព្រោះ​ប្រជាជន​ចិន​ទូទៅ​ចាត់ទុក Snowden ថាជា​វីរបុរស។ ​បើ​សិន​ជា​ចិន​ការពារ Snowden ចិន​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​អាមេរិក ​​ដែល​អាច​បង្ក​ភាព​តានតឹង ក្នុង​ទំនាក់ទំនង​ជា​មួយ​អាមេរិក ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ធំៗ​ផ្សេងទៀត។

ដូច្នេះ ជម្រើស​របស់​ចិន គឺ​ដើរ​ផ្លូវកណ្តាល ពោលគឺ​ មិន​ចាប់ខ្លួន​ Snowden បញ្ជូន​ទៅ​ឲ្យ​អាមេរិក ហើយ​ក៏​មិន​ផ្តល់ជម្រក​​ដល់​គាត់ ប៉ុន្តែ ជួយចាត់ចែង​ឲ្យ Snowden ចាកចេញ​ទៅ​ប្រទេស​ផ្សេង មានន័យថា រុញ​បញ្ហា​ឲ្យ​ទៅ​ប្រទេស​ផ្សេង​ជា​អ្នក​ចាត់ចែងជាមួយអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI