ឥណ្ឌា-ប៉ាគីស្ថាន

នាយករដ្ឋមន្ត្រី​​ឥណ្ឌា​​​ចោទ​​​​ប៉ាគីស្ថាន​ ថា​ជា​ប្រទេស​​​បញ្ចេញ​​ភេរវកម្ម​​ទៅ​គ្រប់​ទិសទី​

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី
នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី REUTERS/Etienne Oliveau/Pool

នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី បាន​ចោទ​ប្រកាន់​ប៉ាគីស្ថាន​ ថា​ជា​ប្រទេស​ដែលនាំ​ភេរវកម្ម​ ចេញ​ទៅគ្រប់ទិសទី​ទាំងអស់។ នេះជា​ប្រតិកម្ម​ជាសាធារណៈ​លើកទី១​​​ ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា គិត​តាំងពីមានការ​វាយប្រហារ​​ទៅលើ​​​បន្ទាយកងទ័ព​​មួយកន្លែង ​នៅ​តំបន់​កាស្មៀរ ​ធ្វើអោយ​ស្លាប់​ទាហាន​ឥណ្ឌា​១៨នាក់។ ​ 

ផ្សាយពាណិជ្ជកម្ម

“យើង​បានទទួលឯករាជ្យ ក្នុង​ឆ្នាំតែមួយ​ដូចគ្នា ប៉ុន្តែ ​បច្ចុប្បន្ន ​ឥណ្ឌា​នាំចេញកម្មវិធីទាក់ទង​​កុំព្យូទ័រ​​ ប៉ាគីស្ថាន​នាំចេញ​ក្រុម​ភេរវជន”  នេះ​ជាពាក្យ​ចោទប្រកាន់​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ណារិនដ្រា ម៉ូឌី ទៅលើ​ប៉ាគីស្ថាន។ ​​ថ្ងៃសៅរ៍នេះ លោក​ម៉ូឌី​ បាន​​បញ្ចេញ​ប្រតិកម្ម​លើកដំបូង ​ជាសាធារណៈ​ ​នៅ​រដ្ឋកេរ៉ាឡា ភាគ​ខាងត្បូង​​ប្រទេស ​ក្រោយ​កងទ័ព​ឥណ្ឌា​១៨នាក់ បាន​ស្លាប់ នៅ​បន្ទាយ​ទ័ព​ក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា​ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍មុន។

កងទ័ព​ឥណ្ឌា​បាន​ចោទ​ក្រុមជីហាត​មួយក្រុម​​ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​ប៉ាគីស្ថាន ថា​បាន​​​បង្ក​ការវាយ​ប្រហារ​នេះ​។ ​ក្រុម​ជីហាត​ដដែលនេះ​ក៏រងការចោទប្រកាន់​ពី​ឥណ្ឌា​ដែរថា បាន​វាយប្រហារ​មូលដ្ឋាន​​ទ័ពអាកាស​ឥណ្ឌា ​នៅតំបន់​​​​ពេនចាប ភាគខាងជើង សម្លាប់​មនុស្ស​​៧នាក់ កាលពី​ខែមករា​ដើមឆ្នាំ។

ថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ ក៏​​ជួប​​​ថ្នាក់ដឹកនាំ​កងទ័ព​​ជាច្រើន​រូបដែរ ហើយ​ក៏ប្រហែល​ជាបាន​ពីភាក្សា​ជាមួយ​កងទ័ព​ ​ស្តីពី​ការវាយប្រហារ​​​បន្ទាយ​ទ័ព​ ដែលបាន​​កើតឡើង​​កាលពី​សប្តាហ៍​មុន។

ឥណ្ឌា​តែង​ចោទ​​​ប៉ាគីស្ថាន​ថា បាន​បំពាក់អាវុធក្រុមឧទ្ទាម​​ និង​បញ្ជូន​ក្រុមឧទ្ទាម​អោយ​ឆ្លងកាត់​បន្ទាត់​ព្រំដែន​ ដែលបែងចែក​ឥណ្ឌា និង​ប៉ាគីស្ថាន នៅ​តំបន់​កាស្មៀរ។ ​យោងតាម​​​នាយករដ្ឋមន្ត្រី​ឥណ្ឌា កងទ័ព​ឥណ្ឌា​​បាន​ទប់ស្កាត់ការប៉ុនប៉ង​បង្កប់​ខ្លួន នៅ​តាម​ព្រំដែន ហើយ​បាន​សម្លាប់​បណ្តាជន​ដែល​ចង់​ធ្វើសកម្មភាព​​វាយប្រហារ​​ ដល់ទៅ១១០នាក់ ​ក្នុង​រយៈពេល​ចុងក្រោយនេះ។ ​

ប៉ាគីស្ថាន​​តែង​បដិសេធ​ការចោទ​ប្រកាន់​​របស់​ឥណ្ឌា ថា​ខ្លួន​ដើមហេតុ​នៃ​ការវាយប្រហារ​នៅ​កាស្មៀរ។ ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃពុធ នាយករដ្ឋមន្ត្រី​​ ណាវ៉ា ស្ហារីហ្វ បាន​រិះគន់​ឥណ្ឌា ទាក់ទង​នឹង​តំបន់ជម្លោះ​កាស្មៀរ។ លោក​ស្ហារីហ្វ​ចោទថា ឥណ្ឌា​បង្ក​ការរាំងស្ទះ​ដល់​សុខសន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI