អវកាស

ណាសា​ថា​អាចម៍ផ្កាយ​ទំហំមធ្យម​មួយ​នឹង​ហោះ​មកក្បែរ​ផែនដី​នៅ​ថ្ងៃ​ពុធ​១៩មេសា

រូបភាព​ផ្តល់​ដោយ​ណាសា​ដែល​បង្ហាញ​ពី​រយៈចម្ងាយ​ដែល​អាចម៍ផ្កាយ 2014-JO25 ហោះកាត់ក្បែរ​ផែនដី នៅ​ថ្ងៃពុធ ១៩មេសា ២០១៧
រូបភាព​ផ្តល់​ដោយ​ណាសា​ដែល​បង្ហាញ​ពី​រយៈចម្ងាយ​ដែល​អាចម៍ផ្កាយ 2014-JO25 ហោះកាត់ក្បែរ​ផែនដី នៅ​ថ្ងៃពុធ ១៩មេសា ២០១៧ NASA

ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) បាន​ប្រកាស​ឲ្យដឹង​ កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា អាចម៍ផ្កាយ​ទំហំ​ប្រមាណ​ជា ៦៥០ម៉ែត្រ​ នឹង​ហោះកាត់ក្បែរ​ភពផែនដី​យើង នៅថ្ងៃ​ពុធ​ទី​១៩មេសា​ខាងមុខ ក៏ប៉ុន្តែ ការ​ហោះកាត់​នេះ​មាន​រយៈចម្ងាយ​ឆ្ងាយ​បង្គួរ ដែល​នឹង​មិន​បង្កគ្រោះថ្នាក់​ដល់​ផែនដី​នោះទេ។

ផ្សាយពាណិជ្ជកម្ម

អាចម៍ផ្កាយ​ដែល​នឹង​ហោះកាត់ក្បែរ​ភពផែនដី នៅថ្ងៃ​ពុធ​ខាងមុខនេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា 2014-JO25 ហើយ​ត្រូវ​បាន​គេ​រកឃើញ កាលពី​ខែមីនា ឆ្នាំ២០១៤។

នៅ​ក្នុង​សេ​ចក្តីប្រកាស​ព័ត៌មាន​កាល​ពីថ្ងៃ​សុក្រ ទីភ្នាក់ងារ​អវកាស​អាមេរិក​បាន​បញ្ជាក់ថា អាចម៍ផ្កាយ 2014-JO25 នេះ​នឹង​ហោះកាត់​ក្នុងរយៈចម្ងាយ​ប្រមាណ​ជា ១លាន៨សែន​គីឡូម៉ែត្រ​ពី​ផែនដី ពោលគឺ រហូតដល់​ទៅ​ជិត​៥ដង​នៃ​ចម្ងាយ​រវាង​ព្រះចន្ទ​និង​ផែនដី។ ក្នុងរយៈចម្ងាយ​នេះ វា​មិនបង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ភពផែនដី​នោះទេ ក៏ប៉ុន្តែ ការហោះកាត់​នៃ​អាចម៍ផ្កាយ​ទំហំ​ប៉ុននេះ និង​ក្នុងរយៈចម្ងាយ​ជិត​បែបនេះ នៅតែ​ជា​ហេតុការណ៍​ដ៏កម្រ ដែល​​អ្នក​វិទ្យាសាស្រ្ត​នាំគ្នា​ផ្តោត​អារម្មណ៍។

នៅពេលអាចម៍ផ្កាយ 2014-JO25​ ​ហោះ​មក​ក្បែរផែនដី គេ​អាច​មើល​ឃើញ​តាមរយៈ​តេឡេស្កុប តែ​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេនោះទេ។ អ្ន​កវិទ្យាសាស្រ្ត​ដឹង​ថា លើកចុងក្រោយ​ដែល​ 2014-JO25 ហោះ​មក​ក្បែរ​ផែនដី គឺ​កាល​ពី​ប្រមាណ​ជា ៤០០ឆ្នាំមុន ហើយ​រហូតទាល់តែ ២៦០០ឆ្នាំ​ទៀត ទើប​អាចម៍ផ្កាយនេះ វិលត្រឡប់​មក​ក្បែរ​ផែនដី​យើងវិញ។

ក៏ប៉ុន្តែ នៅ​ឆ្នាំ២០២៧​ខាងមុខនេះ មាន​អាចម៍ផ្កាយ​មួយផ្សេងទៀត ដែល​មាន​ទំហំ​កាន់តែ​ធំ នឹង​ហោះ​មក​កាន់តែ​ក្បែរ​នឹង​ភពផែនដី​ជាង 2014-JO25  ទៅទៀត។ អាចម៍ផ្កាយ​នោះ មាន​ឈ្មោះ​ថា 199-AN10 មានទំហំប្រមាណជា ៨០០ម៉ែត្រ នឹង​ហោះ​កាត់ផែនដី​ក្នុង​ចម្ងាយ​ប្រមាណ​ត្រឹមតែ ៣៨ម៉ឺនគីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ពោលគឺ​ប្រហាក់ប្រហែល​នឹង​ចម្ងាយ រវាង​ព្រះចន្ទ និង​ភពផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI