ណាសារកឃើញថាព្រះចន្ទ២នៅក្នុងប្រព័ន្ធព្រះអាទិត្យមានលក្ខខណ្ឌអំណោយផលសម្រាប់ជីវិត
ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់ថា ណាសាបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ អំពីលទ្ធផលនៃការសិក្សា ដែលបង្ហាញឲ្យឃើញថា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ មានព្រះចន្ទចំនួន២ មានលក្ខខណ្ឌអំណោយផលសម្រាប់ជីវិត។ ព្រះចន្ទទាំងពីរនេះ គឺមួយជាព្រះចន្ទរបស់ភពព្រហស្បតិ៍ និងមួយទៀតជាព្រះចន្ទរបស់ភពសៅរ៍។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការរកឃើញពីលក្ខខណ្ឌអំណោយផលសម្រាប់ជីវិតនេះ គឺកើតចេញពីការសិក្សាពីរដាច់ពីគ្នា គឺទីមួយ តាមរយៈទិន្នន័យពីយានគ្មានមនុស្សបើក ឈ្មោះ កាស៊ីនី (Cassini) ដែលណាសាបញ្ជូនឲ្យទៅកាន់ភពសៅរ៍ និងទីពីរ ទិន្នន័យពីការសង្កេតតាមរយៈតេឡេស្កុបហឺប័ល (Hubble Space Telescope) ដែលហោះនៅក្នុងគន្លងតារាវិថីជុំវិញភពផែនដី។
យោងតាមការអះអាងរបស់ណាសា អង់សឺឡាត (Encelade) គឺជាទីតាំងដែលមានលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជីវិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ក្រៅពីភពផែនដីរបស់យើង។ អង់សឺឡាត គឺជាព្រះចន្ទមួយក្នុងចំណោមព្រះចន្ទជាច្រើនដែលវិលជុំវិញភពសៅរ៍ ហើយត្រូវបានគេដឹងថាជាព្រះចន្ទដែលគ្របដណ្តប់ទៅដោយទឹកកកនៅលើផ្ទៃដី តែនៅខាងក្រោមទឹកកកនេះ គឺជាសមុទ្រទឹករាវ។
ទិន្នន័យពីយានអវកាសកាស៊ីនីបង្ហាញថា ចំហាយទឹកដែលភាយចេញពីអង់សឺឡាតទៅក្នុងបរិយាកាសមានពេញទៅដោយម៉ូលេគុលអ៊ីដ្រូហ្សែន ហើយអ្នកវិទ្យាសាស្រ្តគិតថាម៉ូលេគុលអ៊ីដ្រូហ្សែននេះកើតចេញពីប្រតិកម្មគីមី នៅក្នុងទឹកសមុទ្រក្រោមផ្ទាំងទឹកកករបស់អង់សឺឡាត ដែលជាប្រតិកម្មគីមីបង្កើតជាសារធាតុផ្តល់អំណោយផលដល់ជីវិត ដូចជាអ្វីដែលគេសង្កេតឃើញមាននៅក្នុងបាតសមុទ្រនៅលើភពផែនដីរបស់យើង។
ក្នុងពេលជាមួយគ្នា ទិន្នន័យបានពីការសង្កេតតាមតេឡេស្កុបហឺប័ល ចាប់តាំងពីឆ្នាំ២០១៦មកបង្ហាញថា អឺរ៉ុប ដែលជាព្រះចន្ទវិលជុំវិញភពព្រហស្បតិ៍ ក៏មានចំហាយទឹកភាយចេញពីក្រោមដីទៅកាន់បរិយាកាស ដូចជានៅអង់សឺឡាតផងដែរ។ បើទោះបីជាការសង្កេតតាមរយៈតេឡេស្កុបហឺប័ល មិនអាចឲ្យគេដឹងច្បាស់ពីវត្តមាននៃម៉ូលេគុលអ៊ីដ្រូហ្សែននៅក្នុងចំហាយទឹក ដូចជាករណីយានអវកាសកាស៊ីនី ក៏ប៉ុន្តែ អ្នកវិទ្យាសាស្រ្តនៅតែបង្ហាញពីការចាប់អារម្មណ៍ខ្លាំង ទៅលើភាពស្រដៀងគ្នា រវាងអឺរ៉ុប និងអង់សឺឡាត។
រហូតមកទល់នឹងពេលនេះ គេមិនអាចសន្និដ្ឋានបានថា ពិតជាមានជីវិតនៅលើព្រះចន្ទអឺរ៉ុប ឬក៏អង់សឺឡាតនោះទេ តែណាសាបានអះអាងថា គិតរហូតមកទល់នឹងពេលនេះ អ្វីដែលគេសង្កេតឃើញនៅលើព្រះចន្ទទាំងពីរនេះ ជាពិសេស អង់សឺឡាត គឺជាតម្រ៉ុយដ៏សំខាន់បំផុតដែលគេមិនធ្លាប់ឃើញមាន អំពីលក្ខខណ្ឌអំណោយផលសម្រាប់ជីវិត។
គួរបញ្ជាក់ថា នៅពេលដែលអ្នកវិទ្យាសាស្រ្តនិយាយពី “ជីវិត” នៅក្នុងការស្វែងរកជីវិតក្រៅភព គឺគេមិនសំដៅតែទៅលើជីវិតក្នុងទ្រង់ទ្រាយបែបជាមនុស្ស ឬក៏សត្វនោះទេ តែសំដៅលើគ្រប់ទម្រង់នៃជីវិត ទោះបីជាត្រឹមជាមីក្រុប ជាដើម ហើយធាតុផ្សំនៃភាពអំណោយផលសម្រាប់ជីវិត ដែលគេស្វែងរក គឺមាន៣ធំៗ៖ ទឹករាវ, ប្រភពថាមពល និងធាតផ្សំគីមីមួយចំនួន ជាពិសេស កាបោន អ៊ីដ្រូហ្សែន នីត្រូហ្សែន អុកស៊ីហ្សែន ផូស្វ័រ និងស៊ុលហ្វួរ ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ