អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កិច្ចប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​ថ្មី នៅ​​ថ្ងៃ​ចន្ទ ទី​២៣​កញ្ញា នឹង​ធ្វើ​ដូច​ការគ្រោង​ទុក

សំឡេង ០៧:១០
រដ្ឋសភា​កម្ពុជា
រដ្ឋសភា​កម្ពុជា ©បូណា
ដោយ៖ លី ម៉េងហួរ
៣៤ នាទី

បើទោះបី​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ មិន​ចូល​រួម​​ប្រជុំ រួម​ទាំង​មាន​ការយល់​ឃើញ​ខុស​គ្នា លើ​ការ​បក​ស្រាយ​រដ្ឋ​ធម្មនុញ្ញ​ ត្រង់​មាត្រា​មួយ​ចំនួន​ក៏​ដោយ​ ក៏​កិច្ចប្រជុំ​លើក​ដំបូង នៃ​រដ្ឋសភា​អាណត្តិ​ទី​៥ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កញ្ញា នឹង​ធ្វើ​ដូច​​ការ​គ្រោង​ទុក ក្រោម​ព្រះ​រាជាធិបតីភាព​របស់​ព្រះមហាក្សត្រ។ កិច្ចប្រជុំ​រដ្ឋសភា​ថ្មី ដើម្បី​អនុម័ត​លើ​សមាសភាព​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ថ្មី និង​សមាសភាព​គណៈរដ្ឋ​មន្ត្រី នៃ​រាជ​​​រដ្ឋា​ភិបាល​ថ្មី ​នឹង​មិន​រាំង​ស្ទះ​អ្វី​ទេ។

ផ្សាយពាណិជ្ជកម្ម

 

បើទោះបី​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ថ្មី លើក​ដំបូង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣​កញ្ញា​ក៏ដោយ ក៏​កិច្ច​ប្រជុំ​ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះមហាក្សត្រ ត្រូវបាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា នឹង​ប្រារព្ធ​ឡើង ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទេ។

រហូត​ដល់​ថ្ងៃ​អាទិត្យ​នេះ នៅ​តែ​មាន​ការយល់​ឃើញ​ខុស​គ្នា​រវាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះជាតិ និង​អ្នកច្បាប់ ដែល​តំណាង​ឲ្យ​សង្គម​ស៊ីវិល លើ​មាត្រា​មួយ​ចំនួន ក្នុង​រដ្ឋ​ធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​លើក​ដំបូង នៃ​រដ្ឋសភា​អាណត្តិ​ថ្មី។ នោះ​គឺ​មាត្រា ៧៦ កំណត់​ថា រដ្ឋសភា​មាន​សមាជិក​យ៉ាង​តិច ១២០ រូប និង​មាត្រា ៨២​ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ កំណត់​ថា ព្រះមហាក្សត្រ ត្រូវ​កោះ​ប្រជុំ​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ សម្រាប់​បើក​សម័យ​ប្រជុំ​​រដ្ឋសភា​ថ្មី លើក​ដំបូង យ៉ាង​យូរ ៦០ ថ្ងៃ ចាប់ពី​ពេល​បោះឆ្នោត។ មួយ​ក្រុម ខាង​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​ សមរង្ស៊ី យល់ថា ទាល់​តែ​រដ្ឋសភា មាន​សមាជិក​ចូលរួម​យ៉ាង​តិច ១២០រូប ក្នុង​ចំណោម​សមាជិក​រដ្ឋសភា ១២៣ រូប ទើប​រដ្ឋសភា អាច​ដំណើរ​ការ​បើក​កិច្ចប្រជុំ​បាន។ តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​យល់​ដូច្នោះ​ទេ។ ពោល​គឺ​កិច្ច​ប្រជុំ​រដ្ឋ​សភា ​នៅ​ថ្ងៃ​២៣​កក្កដា ទោះបីជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ ទាំង ៥៥ រូប មិន​ចូលរួម​ប្រជុំ ក៏​រដ្ឋសភា អាច​ដំណើរការ​កិច្ចប្រជុំ ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះមហាក្សត្រ ស្រប​តាម​រដ្ឋធម្មនុញ្ញ។

លោក ឈាង វុន សមាជិក​សភា របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បេក្ខជន​​ជាប់​ឆ្នោត​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨ រូប រួមទាំង​រូប​លោក​ផង បាន​ត្រៀម​ខ្លួន​រួច​រាល់ ដូច​សេចក្តី​ប្រកាស​របស់​គណបក្ស​កាន់​អំណាច​កន្លង​មក ដើម្បី​ចូល​រួម​កិច្ចប្រជុំ​រដ្ឋសភា​ថ្មី ជា​លើក​ដំបូង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះ​មហាក្សត្រ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២៣កញ្ញា នៅ​វិមាន​រដ្ឋសភា។

កម្មវិធី​សម្រាប់​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋសភា នីតិកាលទី៥ លើកដំបូង នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣​ ត្រូវបានលោក ឈាង វុន លើកឡើងថា កិច្ចប្រជុំ​ដំបូង ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់​មក​ព្រះអង្គ នឹង​ប្រទាន​ព្រះរាជសារ​បើក​សម័យ​ប្រជុំ​រដ្ឋសភា នីតិកាលទី៥។ ក្រោយពី​ព្រះមហាក្សត្រ​យាង​និវត្ត កិច្ចប្រជុំ​រដ្ឋសភា នឹង​ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក (សមាជិក ដែល​មាន​អាយុ​ច្រើន​ជាង​គេ) នៅឆ្នាំនេះ ធ្លាក់​លើ​លោក ហេង សំរិន (អាយុ ៨០ ឆ្នាំ) ដឹកនាំ​កិច្ច​ប្រជុំរដ្ឋសភាថ្មី ដោយប្រកាសនូវសុពលភាព ឈ្មោះរបស់តំណាងរាស្ត្រជាប់ឆ្នោត​ទាំង ១២៣ រូប តាមបញ្ជីរបស់គជប និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ នៅពេល​រសៀល ថ្ងៃទី២៣កញ្ញា បេក្ខជនជាប់ឆ្នោត​តំណាង​រាស្ត្រ នឹងចូលព្រះបរមរាជវាំង ដើម្បីធ្វើ​សច្ចា​ប្រណិធាន ( ស្បថ ) នៅមុខព្រះភ័ក្ត្រ​ព្រះមហាក្សត្រ។

តំណាងគណបក្សប្រជាជនកម្ពុជា   លោក ឈាង វុន បានបន្តថា រហូតដល់ព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ជាថ្ងៃទី២ នៃកិច្ចប្រជុំរដ្ឋសភាថ្មី ដឹកនាំដោយព្រឹទ្ធសមាជិក នឹង​បន្ត​កិច្ច​ប្រជុំ ដើម្បីអនុម័តរចនាសម្ព័ន្ធ​សមាសភាព​ថ្នាក់​ដឹកនាំរដ្ឋសភា នីតិកាលទី៥ និងរចនា​សម្ព័ន្ធ​សមាសភាពរបស់​រាជ​រដ្ឋាភិបាល។ សមាសភាពថ្នាក់ដឹកនាំទាំងរដ្ឋសភា និងទាំងរាជ​រដ្ឋាភិបាលអាណត្តិថ្មី ដែលលោក ឈាង វុន បដិសេធមិនប្រាប់លម្អិត តែលោកថា ទាំង​រដ្ឋសភា និងទាំងរដ្ឋាភិបាល នឹងមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ព្រោះ​គណបក្ស​​សង្គ្រោះ​ជាតិ មិនចូលរួមប្រជុំ។

រីឯលោកមេធាវី សុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាន​យល់​​ឃើញ​​​ថា កិច្ចប្រជុំរដ្ឋសភាថ្មី លើកដំបូង ខណៈដែលគណបក្សសង្គ្រោះជាតិ មិនចូលរួម​ប្រជុំ គឺមិន​មានទំនាស់ខាងរដ្ឋធម្មនុញ្ញ និងខាងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាទេ។ តែលោកមេធាវី សុខ សំអឿន លើកឡើង​ថា មាន​បញ្ហា​មួយ ដែលរដ្ឋធម្មនុញ្ញ បានកំណត់ថា ឲ្យគោរពលទ្ធិ​ប្រជាធិប​តេយ្យ សេរីពហុបក្ស ហើយ​បើ​​មាន​​តែគណបក្សប្រជាជនកម្ពុជា ចូលរួមប្រជុំ អាចមានបញ្ហា​ពាក់ព័ន្ធ​នឹង​​សុពលភាព​របស់​រដ្ឋសភា និងរដ្ឋាភិបាល។

បើសិនជា​គណបក្ស​សង្គ្រោះជាតិ មិនព្រមចូលរួម​ប្រជុំ​រដ្ឋសភា លើកដំបូង តាមការកោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ នាព្រឹកថ្ងៃចន្ទ ទី២៣កញ្ញា ត្រូវបានលោក សុខ សំអឿន លើក​ឡើងថា អាច​មាន​ប្រជាពលរដ្ឋខ្លះ យល់ថា គណបក្ស​សង្គ្រោះជាតិ មិនសូវ​គោរព​ព្រះ​មហាក្សត្រ ឬក៏​ថា មិនធ្វើ​តាម​បញ្ជា​របស់​ព្រះមហាក្សត្រ។​

អវត្តមាន​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​​​ប្រជុំ​រដ្ឋ​សភា​​ថ្មី ​លើក​ដំបូង ដើម្បី​អនុម័ត​លើ​សមាសភាព​រចនា​សម្ព័ន្ធ​រដ្ឋសភា​ថ្មី និងរាជ​រដ្ឋាភិបាល​ថ្មី នាថ្ងៃចន្ទ និង​ថ្ងៃអង្គារ ត្រូវបាន​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស របស់​សមាគម អាដហុក លើក​ឡើង​ពី​ផលវិបាក​នេះ។

យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ តាមរយៈលោកសមរង្ស៊ី បានបញ្ជាក់ថា បើសម័យ​ប្រជុំ​ដំបូង នៃរដ្ឋសភា នៅតែប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយ​គ្មាន​វត្តមាន​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះជាតិ         នោះគឺជាការ​រំលោភ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា១ មាត្រា៥១ថ្មី មាត្រា៧៦ មាត្រា៨ និង​មាត្រា៩ ពាក់ព័ន្ធនឹងការប្រកាន់យក និងអនុវត្តតាមនយោបាយប្រជាធិបតេយ្យ សេរី​ពហុបក្ស ព្រមទាំងការ​កំណត់​ពីព្រះរាជតួនាទី របស់ព្រះមហាក្សត្រ ជានិមិត្តរូបនៃឯកភាពជាតិ និង​ជាអាជ្ញា​កណ្តាល ដើម្បី​ធានាការ​ប្រព្រឹត្ត​ទៅ នៃ​អំណាច​សាធារណៈ ឲ្យ​មានភាពទៀង​ទាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ