កម្ពុជា

ទិវា​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ថ្ងៃ​១២​ធ្នូ​ប្រារព្ធ​ឡើង​ដោយ​ការ​ជួប​ជុំ​ថ្លែងការណ៍​

ទិវា​ជាតិ​ប្រឆាំង​អំពើជួញដូរមនុស្ស​ថ្ងៃទី១២ធ្នូ​
ទិវា​ជាតិ​ប្រឆាំង​អំពើជួញដូរមនុស្ស​ថ្ងៃទី១២ធ្នូ​ RFI/Siv Channa

រដ្ឋាភិបាល​​តាម​​រយៈ​​ក្រសួង​​កិច្ចការ​​នារី​ និង​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​ បាន​​ជួបជុំ​ប្រារព្ធ​​ទិវា​​ជាតិ​​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស​​ថ្ងៃ​​១២​​ធ្នូ​​នៅ​​ឆ្នាំ​​នេះក្រោម​​ប្រធានបទ​ “​រួម​គ្នា​​ ប្រឆាំង​​ការ​​ជួញ​ដូរ​​មនុស្ស​​​​​គ្រប់​​រូបភាព​​និង​​ជួយ​​ជន​​រងគ្រោះ"។ ​ពិធី​​ជួបជុំ​នៅ​​សួនច្បារ​​មុខ​​វត្ត​បទុម​ក្នុង​​ទីក្រុង​​ភ្នំពេញ​នា​​ព្រឹក​​ថ្ងៃ​​ចន្ទ​១២ធ្នូ​​នេះ ​តំណាង​​រដ្ឋាភិបាល ​បាន​​ប្រកាស​​ពី​​ការ​​ប្តេជ្ញា​ដើម្បី​​ប្រឆាំង​​នឹង​​ការ​​ជួញ​ដូរ​​មនុស្ស។​ ការ​​ជួញ​ដូរ​​មនុស្ស​​នៅ​​កម្ពុជា​នៅ​​ឆ្នាំ​​២០១១​​នេះ​ ​ត្រូវ​​បាន​​អាមេរិក​​កំណត់ ​ចំណាត់​​ថ្នាក់​​នៅ​​ត្រឹម​​ប្រភេទ​​ទី​​២។​ មាន​​ន័យ​​ថា ​កម្ពុជា​​នៅ​​តែ​​កើត​​មាន​​អំពើ​​ជួញ​ដូរ​​មនុស្ស​​នៅ​​ឡើយ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យក​ថ្ងៃ​១២​ធ្នូ ជា​រៀង​រាល់​ឆ្នាំជា​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ ពិធី​ជួបជុំ​នោះ​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​និង​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី យុវវ័យ និង​កុមារ ដែល​ជា​អំពើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស។

ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត និង​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នូវ​ច្បាប់ ​និង​វិធានការ​នានា ព្រមទាំង​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​រដ្ឋ​ភាគី នៃ​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ​ជាដើម។

ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹកមិញ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​លើក​ឡើង​ថា អំពើ​ជួញដូរ​មនុស្ស ទាំង​នៅ​ក្នុង​ប្រទេស​និង​ទាំង​ឆ្លងដែន គឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម ដែល​រំលោភ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។ អំពើ​នេះ មាន​ទំនាក់ទំនង​ប្រទាក់​ក្រឡា​ទៅ​នឹង​បញ្ហា​ជាច្រើន ជាពិសេស​ជាមួយ​ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ​និង​ការ​អភិវឌ្ឍន៍ ដែល​ជន​ប្រព្រឹត្ត​បទ​ល្មើស ត្រូវតែ​ទទួល​ការ​ផ្តន្ទាទោស​តាម​ច្បាប់ និង​ជនរងគ្រោះ​ត្រូវតែ​ទទួលបាន​នូវ​កិច្ច​ការពារ​ប្រកបដោយ​យុត្តិធម៌។

តាម​មន្ត្រី​រដ្ឋាភិបាល កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​ជួញដូរ​មនុស្ស​បណ្តាល​មក​ពី​ភាព​មិន​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី ភាព​ក្រីក្រ ជាពិសេស​កង្វះ​ការងារ​នៅ​មូលដ្ឋាន​ជាដើម។ ម្យ៉ាងទៀត​ការ​ចាកចេញ​ពី​ស្រុក​កំណើត ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ក៏​នាំ​ឲ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ។
យ៉ាងណា​ក៏​ដោយ មន្ត្រី​រដ្ឋាភិបាល ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹកមិញ បាន​ប្រកាស​ប្តេជ្ញា​រួម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ព្រមទាំង​ការ​បង្ក្រាប​រាល់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស។ អំពើ​ជួញដូរ​មនុស្ស ត្រូវ​បាន​ក្រសួង​ការបរទេស​អាមេរិក​វាយ​តម្លៃ នៅ​ឆ្នាំ​២០១០ ដោយ​ដាក់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ប្រទេស​ប្រភេទ​ទី​២ ដោយ​មាន​ការ​ឃ្លាំ​មើល។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១១​នេះ អាមេរិក​បាន​តម្លើង​ឋានៈ​កម្ពុជា​មក​ត្រឹម​ប្រភេទ​ទី​២ ដែល​មាន​ន័យថា កម្ពុជា អនុវត្ត​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស។

របាយការណ៍​បង្ហាញ​ថា នៅ​ឆ្នាំ​២០១១ មាន​ជន​ល្មើស​ជាង ២០០ នាក់ ត្រូវបាន​បញ្ជូន​ទៅ​កាត់​ទោស​នៅ​តុលាការ ពី​បទ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ រីឯ​ស្ត្រី និង​កុមារី ដែល​ប្រកប​មុខរបរ​រក ស៊ី​ផ្លូវភេទ​ចំនួន ៤០៧.៦៥៦ នាក់ ត្រូវបាន​សង្គ្រោះ និង​អប់រំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI