តួកគី-ស៊ីរី

អូតង់៖ ការ​បាញ់​ទម្លាក់​យន្តហោះ​តួកគី​ដោយ​ស៊ីរី​ជា​ទង្វើ​ដែល​មិនអាច​ទទួលយក​បាន

លោក Anders Fogh Rasmussen អគ្គលេខាធិការ​អង្គការ​អូតង់ ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃទី២៦ មិថុនា ២០១២
លោក Anders Fogh Rasmussen អគ្គលេខាធិការ​អង្គការ​អូតង់ ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃទី២៦ មិថុនា ២០១២ REUTERS/Francois Lenoir

ក្រោយ​ពី​បាន​ជួបប្រជុំ នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ ទៅតាម​សំណើ​របស់​តួកគី អង្គការ​អូតង់​បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ស៊ីរី ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​តួកគី កាល​ពីថ្ងៃ​សុក្រ។ អូតង់​ក៏​បាន​ប្រកាសផងដែរ​ថា សមាជិក​ទាំងអស់​របស់​អូតង់​នឹង​រួមគ្នា​គាំទ្រ​តួកគី ក៏ប៉ុន្តែ អូតង់​មិនបាន​និយាយ​ដល់​ការ​ប្រើ​កម្លាំង​យោធា​នោះទេ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​មាត្រា ៥ នៃ​សន្ធិសញ្ញា​អូតង់ ប្រសិនបើ​ប្រទេស​ជា​សមាជិក​ណាមួយ​ទទួលរង​នូវ​ការ​វាយប្រហារ គឺ​ប្រៀបដូចជា​អង្គការ​អូតង់​ទាំងមូល ដែល​ទទួលរងនូវការ​វាយប្រហារ ហើយ​ប្រទេស​ជាសមាជិក​ទាំងអស់ ត្រូវ​រួមដៃគ្នា​ការពារសម្ព័ន្ធមិត្ត​របស់​ខ្លួន។

តួកគី គឺ​ជា​សមាជិក​មួយ​ ក្នុង​ចំណោម​សមាជិក​ទាំង ២៨ របស់​អូតង់។ ក៏ប៉ុន្តែ តួកគី​មិនបាន​ទាមទារ​ឲ្យ​អូតង់​អនុវត្ត​មាត្រា ៥​នេះ​ទេ។ កិច្ចប្រជុំ​បន្ទាន់​នៅ​ទីក្រុង​ព្រុចសែល នៅ​ព្រឹកថ្ងៃ​អង្គារ ត្រូវ​បាន​ស្នើឡើង​ដោយ​តួកគី ក្នុង​ក្របខ័ណ្ឌ​នៃ​មាត្រា ៤ ដែល​ចែង​អំពី​ការ​ប្រជុំ​ពិភាក្សា​ខាងផ្នែក​​នយោបាយ និង​ការទូត ដោយ​មិន​មាន​និយាយ​ដល់​កម្លាំង​យោធា។

គួររំឭកឡើងវិញ​ថា ចាប់តាំង​ពី​អង្គការ​អូតង់​ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៤៩ រហូតមកទល់ពេលនេះ មាត្រា ៥ ត្រូវបាន​គេ​លើក​យក​មក​អនុវត្ត​តែ​ម្តងគត់ គឺ​នៅក្រោយ​ការ​វាយប្រហារ​ភេរវកម្ម នៅ​អាមេរិក ១១ កញ្ញា ២០០១ ដែល​ឈាន​ទៅ​ការ​ធ្វើ​សង្រ្គាម នៅ​អាហ្វហ្កានីស្ថាន ដើម្បី​បណ្តេញ​ពួកតាលីបង់​ពី​អំណាច។

ការដែល​តួកគី​មិន​ទាមទារ​អនុវត្ត​មាត្រា ៥ នៃ​សន្ធិសញ្ញា​របស់​អូតង់​ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ឆន្ទៈ​​របស់​តួកគី ដែល​មិន​ចង់​ឲ្យ​ហេតុការណ៍​បាញ់​យន្តហោះ កាលពីថ្ងៃ​សុក្រ រាលដាល​ឆេះ​ជា​សង្រ្គាម​ជាមួយ​ស៊ីរី។ ប្រតិកម្ម​ប្រកប​ដោយ​ភាព​អត់ធ្មត់​របស់​តួកគី បាន​ទទួល​នូវការ​សរសើរ​ពី​សំណាក់​​​សហគមន៍​អន្តរជាតិ។ ក៏ប៉ុន្តែ នៅ​ព្រឹកថ្ងៃ​អង្គារនេះ នាយករដ្ឋមន្រ្តី​តួកគី​បាន​ថ្លែង​ព្រមាន​ដល់​របបដឹកនាំ​ស៊ីរី​ថា ការ​បង្ហាញ​នូវ​ភាព​អត់ធ្មត់ មិនមែន​មានន័យថា តួកគី​ខ្សោយ​នោះទេ។

គួរបញ្ជាក់ថា តួកគី​ទទួលស្គាល់​ថា យន្តហោះចម្បាំង​តួកគី​ ដែល​ហោះ​សាកល្បង​ប្រព័ន្ធ​រ៉ាដា​តួកគី ដោយ​​គ្មាន​បំពាក់​អាវុធ បាន​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​ស៊ីរី​​ដោយ​អចេតនា ប្រមាណ​ជា ៣នាទី​តែ​ប៉ុណ្ណោះ កាល​ពីថ្ងៃសុក្រ។ ការ​រំលោភ​ដែន​អាកាស​ដោយ​អចេតនា​តែ​ប៉ុន្មាន​នាទី​បែបនេះ មិន​អាច​ជា​ហេតុផល​ ដែល​ស៊ីរី​អាច​លើកយក​មក​បាញ់​ទម្លាក់​​យន្តហោះ​តួកគី​ដោយ​គ្មាន​ការ​ព្រមាន​ជាមុន​បែបនេះ​នោះទេ។ ម្យ៉ាងវិញ​ទៀត យន្តហោះ​​នេះ​បាន​ហោះ​ចេញ​ពី​ដែន​អាកាស​ស៊ីរី ចូល​ទៅក្នុង​ដែន​អាកាស​អន្តរជាតិ​ទៅហើយ នៅពេល​ស៊ីរី​បាញ់​ទម្លាក់។

ស៊ីរីវិញ​បាន​អះអាង​ថា យន្តហោះ​របស់​តួកគី​ត្រូវ​បាន​បាញ់​ទម្លាក់ នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ដែន​អាកាស​របស់​ស៊ីរី។ ស៊ីរី​ក៏​បាន​អះអាង​ផងដែរ​ថា ពី​ដំបូង​ ខ្លួន​មិនបានដឹង​ទេ​ថា​យន្តហោះ​​ដែល​ហោះចូល​ក្នុង​ដែន​អាកាស​ស៊ីរី​នេះ គឺ​ជា​យន្តហោះ​របស់​តួកគី។ ក៏ប៉ុន្តែ រដ្ឋាភិបាលតួកគី​បាន​ច្រានចោល​ការអះអាងនេះ ដោយ​លើកឡើង​ថា ទាហាន​ការពារ​ដែន​អាកាស​ស៊ីរី​បាន​និយាយ​ឆ្លើយឆ្លង​គ្នាតាម​វិទ្យុទាក់ទង​​ពិតជាបាន​មើលស្គាល់​ថា​ជា​យន្តហោះ​របស់​តួកគី មុននឹង​ធ្វើ​ការបាញ់​ទម្លាក់។

នាយករដ្ឋមន្រ្តី​តួកគី​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចាប់ពីពេលនេះ​ទៅ រាល់​សកម្មភាព​ទ័ព​របស់ស៊ីរី ដែល​សំដៅ​មក​ព្រំដែន​តួកគី នឹង​ត្រូវ​ចាត់ទុក​ជា​គោលដៅ​យោធា ដែល​អាច​ទទួលរងនូវការ​វាយប្រហារ។ លោក​ក៏​បាន​បញ្ជាក់ផងដែរ​ថា តួកគី​ចាត់ទុក​របបដឹកនាំ​របស់​លោក​អាសាដ គឺ​ជាការ​គំរាមកំហែង​ដល់​ធំ​មួយ ដល់​សន្តិសុខ​របស់​តួកគី ហើយ​ថា តួកគី​នឹង​បន្ត​​ជួយ​ប្រជាជន​ស៊ីរី រហូតដល់​ពេល​ពួកគេ​អាច​ទម្លាក់​លោក​អាសាដ​ចេញ​ពី​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI