រុស្ស៊ី

សោកនាដកម្ម​ដ៏​ធំ​មិន​ធា្លប់​មាន​ក្នុង​ប្រវត្តិ​នាវាចរណ៍​តាម​ទន្លេ​ប្រទេស​រុស្ស៊ី

អ្នកទេសចរ​ចំនួន ៨០​នាក់ ត្រូវបានគេជួយសង្គ្រោះ​ជីវិត​ ​បន្ទាប់​ពី​ការ​លិច​នាវាទេសចរណ៍​ នៅទន្លេ Volga.ប្រទេសរុស្ស៊ី។
អ្នកទេសចរ​ចំនួន ៨០​នាក់ ត្រូវបានគេជួយសង្គ្រោះ​ជីវិត​ ​បន្ទាប់​ពី​ការ​លិច​នាវាទេសចរណ៍​ នៅទន្លេ Volga.ប្រទេសរុស្ស៊ី។ REUTERS/Roman Kruchinin

សោកនាដកម្ម​នេះ បណ្តាល​មកពី​ការ​លិច​ទៅ​យ៉ាង​លឿន ក្នុង​ទន្លេ​រុស្ស៊ី Volga នៃ​កប៉ាល់​ទេសចរ​រុស្ស៊ី ឈ្មោះ Bulgaria ជិះ​ដោយ​មនុស្ស ១៩៦​នាក់​ដែល​ពី​ក្នុង​នោះ​សង្គ្រោះ​ជីវិត បាន​រួច គឺ​តែ​៨០​នាក់​ប៉ុណ្ណោះ។ ចំណែក​សាកសព​ដែល​រក​ឃើញ​ឡើង​ដល់​ចំនួន ១៣​នាក់​ហើយ។ រីឯ​ជាង ១០០​នាក់​សល់​ពី​នេះ​ដែល​បាត់​ខ្លួន អាច​សន្មត​ថា​ស្លាប់​ទៅ​ដែរ។ ទន្លេ​Volga ជា​ទន្លេ​ធំ​បំផុត​នៅ​ទ្វីប​អឺរ៉ុប ប្រវែង ៣.៦៩០​គម ហូរ​ចេញ​ពី​ខ្ពង់រាប Valdai នៅ​ខាង​ជើង​ទៅ​កាន់​សមុទ្រ Caspienne នៅ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

ទុក្ខសោក​នេះ​កើត​ឡើង​គឺ​នៅ​ខេត្ត Tatarstan ចម្ងាយ​៦០០​គ.ម. ខាង​កើត​ពី​រដ្ឋធានី ម៉ូស្គូ។ គឺ​ក្នុង​ខេត្ត​នេះ ដែល​កប៉ាល់​ឈ្មោះ Bulgaria តែង​ដឹក​ទេសចរ​ធ្វើ​ដំណើរ​កំសាន្ត​តាម​ទន្លេ Volga ពី​ទីរួម​ខេត្ត​ឈ្មោះ Kazan​ទៅ​ក្រុង Bolgar នៅ​ចម្ងាយ​១៤០​គ.ម។ ម្សិលមិញ ពេល​បើក​ត្រឡប់​ពីក្រុង Bolgar ទៅ​ក្រុង Kazan​វិញ​នៅ​វេលា​ម៉ោង​២រ​សៀល កប៉ាល់​នោះ ស្រាប់​តែ​រង​នូវ​ព្យុះ​ភ្លៀង​​និង​រលក​បោកបក់​បណ្តាល​ឲ្យ​តួ​ខ្លួន​វា​ផ្អៀង​យ៉ាង​ខ្លាំង​ទៅ​ខាង​ស្តាំ លុះ​ទាល់តែ ក្នុង​រយៈ​ពេល​​តែ​២-៣​នាទី​សោះ​លិច​ទៅ​យ៉ាង​លឿន នៅ​ចម្ងាយ​៣​គ.ម. ពី​មាត់​ច្រាំង​ហើយ​ធ្លាក់​ទៅ​ដល់​បាត​ទន្លេ​ក្នុង​ជម្រៅ​២០​ម៉ែត្រ។

នៅ​កន្លែង​លិច​នោះ រហូត​មក​ទល់​ឥឡូវ​មាន​ក្រុម​អ្នក​មុជទឹក​ចំនួន ៩៧​នាក់ បាន​មុជ​ចុះទៅ​ឃើញ​​សភាពការណ៍​កប៉ាល់​នោះ​ដោយ​ផ្ទាល់​ភ្នែក ៖ តាម​ដែល​គេ​រាយការណ៍​មក​គេ​ប្រទះ​ភ្នែក​ឃើញ​សាកសព​មនុស្ស​យ៉ាង​ច្រើន​នៅ​តាម​បន្ទប់​ប្លែកៗ នៃ​កប៉ាល់។

នៅ​មាត់​ច្រាំង​ទន្លេ​វិញ សាច់ញាតិ​អ្នក​ដំណើរ នាំ​គ្នា​រង់ចាំ​ដំណឹង​ទាំង​ស្រងូតស្រងាត់ ខ្លះ​រហូត​ដល់​យំ​បោក​ខ្លួន​បោកប្រាណ ទាំង​អស់​សង្ឃឹម។

ក្តី​សង្ឃឹម​របស់​គេ​គឺ​តិច​តួច​ណាស់ ក្រែង​មាន​អ្នក​ខ្លះ​ចេះ​ហែល ទៅ​ដល់​ត្រើយ​ទាំង​សងខាង​របស់​ទន្លេ​និង​ទៅ​ដល់​កោះ​តូចៗ​ចំនួន​១៩​ដែល​ស្ថិត​នៅ​តំបន់​លិច​នោះ​ជាទី​ដែល​ទន្លេ Volga មាន​ទទឹង​ធំ​ល្ហល្ហេវ ពី ៧ ដល់​៤០​គម ដោយ​ក្នុង​គោលដៅ​ស្វែងរក​នោះ​មាន​បង្កើត​ឡើង​ជា​ក្រុម​ពិសេស​ចំនួន​៨​ក្រុម។​

ស្រប​នឹង​តួលេខ​ចុង​ក្រោយ​ផ្តល់​ដោយ​ក្រសួង​សង្គ្រោះ​បន្ទាន់​ពី​ក្នុង​ចំណោម​មនុស្ស ១៩៦​នាក់ មាន​សង្គ្រោះ​ជីវិត​បាន​តែ ៨០​នាក់ ចំណែក​ស្លាប់​និង​បាត់​ខ្លួន គឺ​ដល់​ជិត ១២០ នាក់។ នេះ​ជា​សោកនាដកម្ម​ដ៏​ធំ​មិន​ធា្លប់​មាន​ក្នុង​ប្រវត្តិ​នាវាចរណ៍ តាម​ទន្លេ​ប្រទេស​រុស្ស៊ី។

តាម​ការ​បក​ស្រាយ​នៃ​សមត្ថកិច្ច មូលហេតុ​ធំ​មាន​២៖ ឬ​មួយ មក​ពី​កប៉ាល់​ផ្ទុក​អ្នក​ដំណើរ ហួស​ចំណុះ ឬ​មួយ មក​ពី​កប៉ាល់​នោះ​ចាស់​ជ្រុល ហើយ​អាច​ធ្លាយ​កន្លែង​ណា​មួយ ដ្បិត​វា​បាន​ត្រូវ​សង់​ឡើង​តាំងពី​ឆ្នាំ​១៩៥៥​ម៉្លេះ ដោយ​ប្រទេស​ឆេកូ​ស្លូវ៉ាគី។

អភិបាល​ខេត្ត Tatarstan ជាទី​ដែល​មាន​សោកនាដកម្ម​នេះ​កើត​ឡើង ទើប​ប្រកាស​ថា ថ្ងៃ​ស្អែក​ជា​ទិវា​កាន់​មរណទុក្ខ​ក្នុង​ខេត្ត​រុស្ស៊ី​នេះ រំលឹក​ដល់​វិញ្ញាណក្ខ័ន្ធ​អ្នក​ដែល​អភ័ព្វ​ស្លាប់​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI