កូរ៉េខាងត្បូង

លិច​សាឡាង​កូរ៉េខាងត្បូង៖បុគ្គលិក​បម្រើការ​ក្នុង​សាឡាង ៤នាក់​ជាប់ចោទ​ពីបទ​មនុស្សឃាត​ដោយអចេតនា

លិច​សាឡាង​កូរ៉េខាងត្បូង៖បុគ្គលិក​បម្រើការ​ក្នុង​សាឡាង ៤នាក់​ជាប់ចោទ​ពីបទ​មនុស្សឃាត​ដោយចេតនា
លិច​សាឡាង​កូរ៉េខាងត្បូង៖បុគ្គលិក​បម្រើការ​ក្នុង​សាឡាង ៤នាក់​ជាប់ចោទ​ពីបទ​មនុស្សឃាត​ដោយចេតនា REUTERS/Issei Kato

នៅ​កូរ៉េខាងត្បូង ១ខែ ក្រោយ​គ្រោះថ្នាក់​លិច​សាឡាង​មួយ​កាល​ពី​ថ្ងៃទី១៦ មេសា​កន្លង​មក មាន​បុគ្គលិក​បម្រើការ​ក្នុង​សាឡាង​នោះ​ចំនួន ៤នាក់​ទើប​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេទនា​ដែល​នឹង​អាច​ទទួល​ទោស​ប្រហារ​ជីវិត។ សូម​ជម្រាប​ជូន​ថា គ្រោះថ្នាក់​លិច​សាឡាង​កាល​ពី ១ខែ​មុន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​បាត់ខ្លួន​ជាង ៣០០នាក់​នៅ​ក្នុង​ចំណោម​អ្នកដំណើរ​ទំាង ៤៧៦នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​សិស្សសាលា។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទំាង ៤នាក់​នោះ មាន​កាពីទែន​បើក​សាឡាង​ម្នាក់ អ្នក​ធ្វើ​នាវាចរណ៍​ចំនួន ២នាក់ និង​អ្នក​ជួសជុល​គ្រឿងយន្ត​ម្នាក់។ អ្នក​ទំាង ៤នាក់​បាន​ជាប់​ចោទ​ពី​បាន​រត់​ចោល​សាឡាង​ដែល​កំពុង​លិច និង​ក្រោយ​ពី​បាន​ចេញ​បញ្ជា​មិន​ឲ្យ​អ្នក​ដំណើរ​លោត​ចេញ​ពី​សាឡាង​នោះ។ ឆ្មំាសមុទ្រ​បាន​ផ្សព្វផ្សាយ​ខ្សែអាត់​វីដេអូ​មួយ​ដែល​បង្ហាញ​រូបថត​កាពីទែន​ពាក់​អាវធំ និង​ខោខ្លី​ដែល​កំពុង​រត់​ចេញ​ពី​សាឡាង​ចំ​ពេល​ដែល​សាឡាង​កំពុង​ផ្អៀង​លិច​សន្សឹមៗ​ចូល​ក្នុង​សមុទ្រ។ ក្រៅ​ពី​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទំាង ៤នាក់ តុលាការ​ក៏​កំពុង​បន្ត​ការ​ស៊ើបអង្កេត​លើ​បុគ្គលិក​បម្រើការ​ចំនួន ១១នាក់​ផ្សេង​ទៀត​ដែរ។ នៅ​កូរ៉េខាងត្បូង ទង្វើ​មនុស្សឃាត​ដោយ​អចេតនា​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត តែ​ទោស​នេះ​កម្រ​នឹង​ឃើញ​អនុវត្តន៍​ជាក់ស្តែង​ណាស់។ សព្វថ្ងៃ មាន​អ្នកទោស​ប្រហារ​ជីវិត​ចំនួន ៦០នាក់​ដែល​កំពុង​រង់ចំា​ថ្ងៃ​ប្រហារ​ជីវិត​ពួក​គេ។

តុល្យការ​ផ្លូវការ​ចុង​ក្រោយ​នៃ​គ្រោះថ្នាក់​លិចសាឡាង​កាល​ពី​ថ្ងៃទី១៦ មេសា​កន្លង​ទៅ មាន​ស្លាប់ ២៨១នាក់ និង​បាត់ខ្លួន​ចំនួន ២៣នាក់​នៅ​ក្នុង​ចំណោម​អ្នកដំណើរ​ទំាង ៤៧៦នាក់​ដែល​ភាគច្រើន​ជា​កូនសិស្ស​មក​ពី​សាលា​តែ​មួយ​ស្ថិត​ក្បែរ​ទីក្រុង​សេអ៊ូល។ យោង​តាម​អ្នកនំា​ពាក្យ​ឆ្មំាសមុទ្រ ក្រុម​អ្នកជួយ​សង្រ្គោះ​ទើប​ស្រង់​បាន​សាកសព​ចំនួន ៤នាក់​ទៀត​នៅ​ថ្ងៃ​ពុធ ទី១៤ ឧសភា។ លទ្ធផល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​បាន​បញ្ជាក់​ថា សាឡាង​នោះ​បាន​ដឹក​លើស​ចំណុះ​ពី​សមត្ថភាព​របស់​ខ្លួន និង​ការ​ដែល​ថៅកែ​បាន​ធ្វើ​ការ​កែប្រែ​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​សាឡាង។

យ៉ាង​ណា​ក៏​ដោយ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​សិស្ស​សាលា​បាន​ស្តី​បន្ទោស​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្រ្គោះ និង​បាន​ទាមទារ​ឲ្យ​រដ្ឋអំណាច​បំភ្លឺ​ជុំវិញ​ការ​រៀបចំ គ្រប់គ្រង​វិធានការ​សង្រ្គោះ។ គួរ​ជម្រាប​ជូន​ថា នៅ​ក្រោយ​គ្រោះថ្នាក់​លិច​សាឡាង មាន​មនុស្ស ២០នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន ១៦នាក់​ជា​បុគ្គលិក​បម្រើការ​ក្នុង​សាឡាង និង ៤នាក់​ជា​ថ្នាក់ដឹកនំា​ក្រុមហ៊ុន។ លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហឺ​បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ រីឯ​លោក​នាយករដ្ឋមន្រ្តី​ជុង ហុងវ៉ុន​បាន​លា​ចុះ​ពី​មុខ​តំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI