រុស្ស៊ីប្រកាសធ្វើពហិការមិនចូលខ្លួនក្នុងសវនាការរឿងក្តីនាវាអង្គការGreenpeace
នៅថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា រុស្ស៊ីនឹងមិនចូលខ្លួនក្នុងដំណើរការជំនុំជម្រះរឿងក្តីនាវាអង្គការGreenpeace ដែលនឹងប្រព្រឹត្តទៅនៅតុលាការអន្តរជាតិទទួលបន្ទុកច្បាប់សមុទ្រនោះទេ។ គួររំលឹកថា កាលពីខែកញ្ញាកន្លងទៅ នៅតំបន់អាក់ទិច រុស្ស៊ីបានស្កាត់ចាប់នាវាអង្គការបរិស្ថាន Greenpeace មួយដែលមានដាក់ផ្លាកថា ជាកម្មសិទ្ធិប្រទេសហូឡង់ និងបានចាប់ខ្លួនអ្នកនាវា៣០នាក់។ ប្រទេសហូឡង់បានដាក់ពាក្យប្តឹងផ្តល់ប្រឆាំងរុស្ស៊ី ទៅតុលាការអន្តរជាតិនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃពុធនេះ យោងតាមក្រសួងការបរទេសរុស្ស៊ី រុស្ស៊ីនឹងមិនចូលខ្លួនក្នុងដំណើរការជំនុំជម្រះរឿងក្តីនាវាអង្គការGreenpeace ដែលនឹងប្រព្រឹត្តទៅនៅតុលាការអន្តរជាតិទទួលបន្ទុកច្បាប់សមុទ្រនោះទេ។ រុស្ស៊ីបានផ្តល់ព័ត៌មានពីការធ្វើពហិការនេះ ទៅតុលាការអន្តរជាតិមួយនេះ និងទៅរដ្ឋាភិបាលប្រទេសហូឡង់រួចហើយ។
គួររំលឹកឡើងវិញថា កាលពីថ្ងៃ១៩កញ្ញា រុស្ស៊ីបានស្កាត់ចាប់នាវាអង្គការបរិស្ថាន Greenpeace មួយគ្រឿង ដែលមានដាក់សញ្ញាថា ជាកម្មសិទ្ធិប្រទេសហូឡង់ នៅតំបន់អាក់ទិច ហើយបានចាប់ខ្លួនអ្នកនាវា៣០នាក់។ អ្នកនាវាទាំងនោះជាពលរដ្ឋចម្រុះមកពី១៨ប្រទេសផ្សេងគ្នា។ រុស្ស៊ីបានចោទពួកគេ ថាបានធ្វើការប្លន់ជាក្រុម។ អ្នកនាវាទាំងអស់នោះ អាចទទួលទោសជាប់ពន្ធនាគាររហូត១៥ឆ្នាំ ដោយសារតែពួកគេព្យាយាមឡើងទៅលើស្ថានីយ៍បូមប្រេងរុស្ស៊ី ដើម្បីបរិហារពីបញ្ហាទាក់ទងការបំផ្លាញបរិដ្ឋាននៅទីនោះ។
រដ្ឋាភិបាលហូឡង់បានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិទទួលបន្ទុកកិច្ចការច្បាប់សមុទ្រ ដែលមានទីតាំងនៅអាល្លឺម៉ង់ និងបានសុំអោយរុស្ស៊ីដោះលែងអ្នកនាវាទាំងនោះមកវិញជាបន្ទាន់។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៧ ក្នុងពេលអង្គការសហប្រជាជាតិអនុម័តអនុសញ្ញាទាក់ទងច្បាប់សមុទ្រ រុស្ស៊ីបានប្រាប់ថាខ្លួនមិនទទួលយកនិតិវិធីដោះស្រាយជម្លោះទាក់ទងសិទ្ធិបូរណភាពដែនដីរបស់ភាគីជម្លោះនោះទេ។
ក្នុងរឿងក្តីនាវាអង្គការបរិស្ថាន Greenpeace ជាមួយហូឡង់នេះ ក្រុងម៉ូស្គូបានច្រានចោលនិតិវិធីយុត្តិធម៌បែបអាជ្ញាកណ្តាល របស់តុលាការក្រុងឡាអេ ដែលតំរូវអោយភាគីរុស្ស៊ីនិងហូឡង់ ចាត់តំណាងអាជ្ញាកណ្តាលរៀងៗខ្លួន ដើម្បីរកច្រកចេញក្នុងជម្លោះ។
ក្រុងម៉ូស្គូលើកឡើងថា អ្នកនាវាអង្គការGreenpeace ទាំងនោះ បានរំលោភច្បាប់រុស្ស៊ីស្តីពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ