រុស្ស៊ី-តួកគី

នាវា​ឈ្លបការណ៍​រុស្ស៊ី​លិចនៅ​សមុទ្រខ្មៅ​ ប៉ុន្តែ​ក្រុម​អ្នក​បើកបរ​វា​ត្រូវបាន​សង្គ្រោះ​ដោយ​តួកគី​

នាវា​​ឈ្លបយកការណ៍​រុស្ស៊ី Liman
នាវា​​ឈ្លបយកការណ៍​រុស្ស៊ី Liman Reuters

ថ្ងៃ២៧​មេសា ដោយ​មកពី​ចុះអព្ទ​ខ្លាំង នាវា​ឈ្លបការណ៍​រុស្ស៊ី ពេលបើក​លើ​ផ្ទៃទឹក​សមុទ្រ​ខ្មៅ មិនឆ្ងាយ​ប៉ុន្មាន​ពីឆ្នេរ​ប្រទេស​តួកគី ស្រាប់តែ​លិចទៅ មកពី​បុកដោយ​កប៉ាល់​ដើរ​ក្រោម​ទង់ជាតិ​ប្រទេស​Togo​ដែលដឹក​បសុសត្វ។ សំណាង​ល្អ​ដែល​ពេល​អាសន្ន​អន្ធក្រ​នោះ ក្រុម​អ្នក​បើកបរ​របស់​នាវា​រុស្ស៊ី មានគ្នា​៧៨នាក់ ត្រូវបាន​សង្គ្រោះដោយ​កប៉ា់ល់​តួកគី ដែលបាន​អន្តរាគម​ទាន់​ពេល វេលា។ ភ្លាមនោះ លោក​នាយករដ្ឋមន្ត្រី​តួកគី​បាន​ទូរសព្ទសំដែង​”ក្តី ក្រៀមក្រំ”​មក​កាន់​សមភាគី​រុស្ស៊ី។  

ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ពន្យល់​បំភ្លឺ​ថា៖​មូលហេតុ​បណ្តាលឲ្យ​លិចនោះ មកពី​ស្នូក​នាវា​រុស្ស៊ី​ធ្លុះ​រន្ធយ៉ាងធំ​នៅចំ​កន្លែង​ហៅថា​ក្រោម​បន្ទាត់​ផ្ទៃទឹក ពេលវា​បុក​ដោយ​កប៉ាល់​ដើរក្រោម​ទង់ជាតិ​ប្រទេស​Togo ម៉្លោះហើយ​បានជា​ទឹកហូរ​ចូលក្នុង​ស្នូក​នាវា​នោះ​យ៉ាងលឿន។ ចំណែក​ក្រុម​អ្នក​បើកបរ​វា មានគ្នា​៧៨នាក់ ក្រោយពី​សង្គ្រោះ​ដោយ​ភាគី​តួកគី គឺ​គេ​មាន​សុខភាព​ស្រួលបួល​ធម្មតា។

ជា​ការ​កត់​សម្គាល់ កប៉ាល់​ដើរក្រោម​ទង់ជាតិ​ប្រទេស​Togo ដែល​ផ្ទុក​ទៅដោយ​បសុសត្វ បាន​រង​ការ​ខូចខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ក៏អាច​បន្ត​ដំណើរ​ទៅទៀត។ នាវា​រុស្ស៊ី​​ដែល​លិចនោះ​មាន​ឈ្មោះថា​Liman បាន​ចូលខ្លួន​ទៅ​ក្នុង​សមាសភាព​កងនាវា​រុស្ស៊ី​ដែល​ប្រចាំ​នៅ​សមុទ្រ​ខ្មៅ​តាំងពី​ឆ្នាំ១៩៧៤​មក ហើយ​ក្រោយពី​វាបាន​ទទួល​ការ​កែឲ្យ​ទំនើប​ក្នុងឆ្នាំ​១៩៨៩ ក៏​ចាប់ផ្តើម​បំពេញ​មុខងារ​ជា​នាវា​ឈ្លបការណ៍​ធុន​មធ្យម។ វា​អាច​បើកទៅ​ចម្ងាយ​ដល់​៩.៧០០Miles។

ក្នុង​១ខែៗ មាន​នាវា​យោធា​រុស្ស៊ី​រាប់សិប​គ្រឿង​បើក​ឆ្លង​កាត់​ដៃសមុទ្រ​Bosphore ទៅកាន់​ឆ្នេរ​ប្រទេស​ស៊ីរី ក៏ដូចជា​បើក​ត្រឡប់​មកវិញ ញ៉ាំងឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពីខាង​បណ្តាជន​ក្រុង​Istanbul​តួកគី។

ចលនា​ត្រល់​នៃ​ក្បួន​នាវា​រុស្ស៊ី​នេះ ត្រូវ​គេ​ប្រសិទ្ធនាម​ក្រៅ​ផ្លូវការ​ថា “Syria Express" ដឹកស្បៀង​ជា​បន្ទាន់​ទៅ​ផ្គត់ផ្គង់​ឧបត្ថម្ភ​ដល់​កងកម្លាំង​របស់​ម៉ូស្គូ​ដែល​វត្តមាន​នៅ​ស៊ីរី ដើម្បី​គាំទ្រ​របប​លោក​ប្រធានាធិបតី Bashar al-Assad។

អនុសញ្ញា​ចុះ​នៅក្រុង​Montreux ប្រទេស​ស្វ៊ីស​ឆ្នាំ ១៩៣៦ ប្រមើល​នូវ​នាវា​ចរណ៍ដោយ​សេរី កាត់តាម​ដៃសមុទ្រ​Bosphore សម្រាប់​នាវា​គ្រប់ប្រទេស​ទាំងអស់ លើកលែង​តែ​ប្រទេសណា​ដែល​ស្ថិតក្នុង​ភាព​សង្គ្រាម​ជាមួយ​តួកគី។ ចំណែក​រុស្ស៊ី​និង​តួកគី​បាន​ស្តារ​ទំនាក់ទំនង​នឹងគ្នា​ជា​ប្រក្រតី​ឡើងវិញ​ជា​ច្រើនខែ​មកហើយ ក្រោយពី​ឆ្លងកាត់​វិបត្តិ​អស់​មួយរយៈពេល​បណ្តាល​មកពី​តួកគី​បាន​បាញ់ធ្លាក់​យន្តហោះ​យោធា​រុស្ស៊ី​មួយគ្រឿង ប៉ុន្តែ​ក្រោយមក តួកគី​បាន​សុំការ​អភ័យទោស​ចំពោះ​ឧប្បត្តិហេតុ​នេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI