អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កំពុង​ឆ្ពោះ​ទៅ​រក​ភាពបរាជ័យ ?

សំឡេង ០៤:២៣
La dernière rencontre entre Benjamin Netanyahu et Mahmoud Abbas vont se rencontrer le 29 juillet 2013 au soir à Washington, aux Etats-Unis.
La dernière rencontre entre Benjamin Netanyahu et Mahmoud Abbas vont se rencontrer le 29 juillet 2013 au soir à Washington, aux Etats-Unis. Reuters/Montage RFI

ជាង ១០ថ្ងៃ ក្រោយ​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​គ្រោង​នឹង​ជួប​គ្នា​ជាថ្មី​នៅ​ថ្ងៃ​ពុធ ទី១៤ សីហា​ក្នុង​ទីក្រុង Jérusalem ។ តែ​ប៉ុន្មាន​ថ្ងៃ មុន​ការ​ផ្តើម​កិច្ចចរចា​ជាថ្មី រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​ពី​គម្រោង​សាងសង់​លំនៅដ្ឋាន​ប្រមាណ​ជា ១ ០០០ខ្នង​បន្ថែម​ទៀត​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន។ ប្រតិកម្ម​ភ្លាមៗ រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​បរិហារ​ពី​ការ​សម្រេច​របស់​អ៊ីស្រាអែល និង​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​របំាង​រារំាង​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​នា​ថ្ងៃ​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ អ៊ីស្រាអែល​ក៏​បាន​ប្រកាស​ពី​ការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ប្រមាណ​ជា ១០០នាក់​ដែរ។

ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែន​ជា​លើក​ទីមួយ ហើយ​ក៏​មិន​មាន​អ្វី​ចម្លែក​ទេ ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​បញ្ចេញ​កំហឹង​ក្តៅក្រហាយ​តាម​រយៈ​ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​ក្នុង​ដែនដី​ប៉ាឡេស្ទីន។ ទន្ទឹម​នឹង​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​ខឹងសំបារ​ពី​ការ​បន្ត​ធ្វើ​អាណានិគម​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​នៅ Jérusalem ខាងកើត និង​នៅ Cisjordanie អ៊ីស្រាអែល​ក៏​បាន​ប្រកាស​ពី​ការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​មួយ​ចំនួន​ដែរ។ នេះ​ពិត​ទង្វើ​មួយ​ដែល​ប៉ាឡេស្ទីន​មិន​អាច​ទប់​ភាព​ត្រេកត្រអាល​របស់​ខ្លួន​បាន​ឡើយ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​ហាក់​ដូច​ជា​ចម្លែក​បន្តិច​នោះ​នៅ​ត្រង់​ថា ការ​បន្ត​ធ្វើ​សម្បទាន និង​ការ​បន្ត​រំលោភបំពាន​ពី​សំណាក់​អ៊ីស្រាអែល​ចំពោះ​ប៉ាឡេស្ទីន​ពេល​នេះ​បាន​ធ្វើ​ឡើង ជួនចំ​ពេល​ដែល​ភាគី​ជម្លោះ​ទំាង​ពីរ​បាន​និង​កំពុង​ផ្តើម​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​គ្នា​ជា​ថ្មី។

ក្រោម​គនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​អង្គុយ​ជជែក​ទល់គ្នា​ម្តង​ហើយ​កាល​ពី​ថ្ងៃទី២៩ និង ៣០ កក្កដា​ក្នុង​ទីក្រុង​វ៉ាស៊ីតោន។ នៅ​ថ្ងៃទី១៤ សីហា​ខាង​មុខ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​គ្រោង​នឹង​ជួប​គ្នា​ជាថ្មី​ដែល​លើក​នេះ នៅ​ក្នុង​ទីក្រុង Jérusalem ក្រោម​វត្តមាន​របស់​លោក Martin Indyk អន្តរការី​អាមេរិក​ដែល​ទើប​បាន​តែងតំាង​ថ្មីថ្មោង។

ក៏​ប៉ុន្តែ សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​នោះ​គឺ​ថា តើ​ជា​មួយ​នឹង​ទង្វើ​របស់​អ៊ីស្រាអែល​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​អាក់អន់​ចិត្ត​ជា​ថ្មី​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ​ដំណើរការ​ចរចារ​ស្វែង​រកសន្តិភាព​រវាង​គ្នា​ជួប​ឧបសគ្គ​ជា​ថ្មី​ដែរ ឬ​យ៉ាង​ណា ?

សម្រាប់​ភាគី​អ៊ីស្រាអែល ទីក្រុង Jérusalem មិន​បាន​ចាត់​ទុក​ទង្វើ​របស់​ខ្លួន​ថា ជា​របំាង​រារំាង​នៅ​ក្នុង​ការចរចា​សន្តិភាព​ជាមួយ​ភាគី​ប៉ាឡេស្ទីន​នា​ថ្ងៃ​ខាង​មុខ​ទេ។ តែ​នេះ​មិន​មែន​ជា​ការ​យល់​ឃើញ​របស់​ភាគី​ប៉ាឡេស្ទីន​ឯណា។ លោក Saeb Erekat ប្រមុខ​ដឹកនំា​ចរចា​ខាង​ប៉ាឡេស្ទីន​បាន​យល់​ឃើញ​ថា ការ​បន្ត​ពង្រីក​អាណានិគមកិច្ច​លើ​ទឹកដី​ប៉ាឡេស្ទីន​ពី​សំណាក់​អ៊ីស្រាអែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព ព្រម​ទំាង​បង្ខំ​ប៉ាឡេស្ទីន​ឲ្យ​ដើរ​ចេញ​ពី​តុចរចា​ជាថ្មី។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ដឹកនំា​ចរចា​ខាង​ប៉ាឡេស្ទីន​ក៏​បាន​ស្នើ​អាមេរិក​ឲ្យ​ចូល​ខ្លួន​ធ្វើ​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ ដោយ​រម្លឹក​ថា អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​នៅ Jérusalem ខាងកើត និង​នៅ Cisjordanie គឺ​វា​បាន​ខុស​នឹង​ច្បាប់អន្តរជាតិ។

ពិតណាស់​ថា ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ខឹងក្រេវក្រោល​ចំពោះ​ទង្វើ​របស់​ខ្លួន អ៊ីស្រាអែល​ក៏​បាន​និង​កំពុង​ធ្វើ​ឲ្យ​អាមេរិក​អាម៉ាស់​មុខ​មិន​តិច​ទេ ព្រោះ​ថា គឺ​អាមេរិក​នេះ​ឯង​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត និង​ជម្រុញ​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​យល់ព្រម​វិល​មក​កាន់​តុចរចា​ជាថ្មី​នា​ពេល​នេះ។ អាមេរិក​ដែល​តំាង​ពី​ក្រោយ​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​លោក​អូបាម៉ា​មក លោក​អូបាម៉ា​តែងតែ​បាន​ចាត់​ទុក​ដំណោះស្រាយ​នៅ​តំបន់​ដើមបូព៌ា ជា​រឿង​អាទិភាព​មួយ​របស់​ខ្លួន។ លោក​អូបាម៉ា​ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ផ្អាក​ការ​សាងសង់​លំនៅដ្ឋាន​​ឲ្យ​ប្រជាជន​ខ្លួន​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន និង​ត្រូវ​ទទួល​យក​ខ្សែបន្ទាត់​ព្រំដែន មុនឆ្នាំ​១៩៦៧ មក​ធ្វើ​ជា​គោល ក្នុង​ការ​ចរចា​ជាមួយ​ប៉ាឡេស្ទីន។ តែ​បញ្ហា​នៅ​ត្រង់​ថា អ៊ីស្រាអែល​មិន​ដែល​បាន​គិត​យ៉ាង​ដូច្នោះ​ទេ។

គឺ​ភាព​រឹងទទឹង​របស់​អ៊ីស្រាអែល​ដែល​ចេះ​តែ​បន្ត​ធ្វើ​អាណានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន និង​ការ​មិន​ព្រម​ទទួល​យក​​ខ្សែបន្ទាត់​ព្រំដែន មុនឆ្នាំ​១៩៦៧ មកធ្វើ​ជា​គោល ក្នុង​ការ​ចរចា​ជាមួយ​ប៉ាឡេស្ទីន​នេះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ជាប់គំាង​តំាង​ពី​ឆ្នំា ២០១០ មក​ដល់​សព្វថ្ងៃ។ គួរ​ជម្រាប​ជូន​ថា ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន  គឺ​ជា​ជម្លោះ​ដ៏​រុំារ៉ៃ និង​មាន​ចំណាស់​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ពិភពលោក​យើង​សព្វថ្ងៃ។ អ្វី​ដែល​ប្រជាជន​ប៉ាឡេស្ទីន​ចង់​បាន​តំាង​ពី​យូរណាស់​មក​ហើយ​នោះ គឺ​សុំ​តែ​ដែនដី​ស្របច្បាប់​មួយ​ដុំ​រស់ក្បែរ​អ៊ីស្រាអែល​ដោយ​សន្តិភាព​ប៉ុណ្ណោះ។

ខណៈ​នេះ និង​បើ​ទោះ​បី​ជា​ភាព​ប្រទូស្តប្រទំាង​គ្នា​ហាក់​ដូច​ជា​បាន​កើត​មាន​ជា​ថ្មី​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ថា កិច្ចចរចា​ស្វែង​រក​សន្តិភាព​ជា​ថ្មី​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​ទើប​ចាប់​ផ្តើម​នៅ​ថ្ងៃ​ម្សិលមិញ ត្រូវ​បាន​ជាប់គំាង​ជាថ្មី​នៅ​ពេល​នេះ​នោះ ព្រោះថា ជំនួប​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៤ សីហា​ខាង​មុខ នៅ​បន្ត​ជា​របៀបវារៈ ដោយ​នៅ​មិន​ទាន់​មាន​ភាគី​ណា​មួយ​ប្រកាស​លុបចោល​នោះ​ទេ។ ក៏​ប៉ុន្តែ លទ្ធផល​នៃ​កិច្ចប្រជុំ​ក្នុង​ថ្ងៃ​នោះ​នឹង​ទទួល​បាន​យ៉ាង​ណា​នោះ គឺ​ជា​រឿង​មួយ​ដែល​គ្មាន​នរណា​ម្នាក់​អាច​ទាយទុក​មុន​បាន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ជោគជ័យ ឬ​បរាជ័យ វា​អាស្រ័យ​ទំាងស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​នីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ