អ៊ីស្រាអែល

នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល​​​​រង​ការ​​រិះគន់​​ ក្រោយ​​ប្រើ​ពាក្យ​​ថា​​​ “បោសសម្អាត​​ជនជាតិ​​ភាគតិច”​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នេតាន់យ៉ាហ៊ូ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នេតាន់យ៉ាហ៊ូ REUTERS/Gali Tibbon

កាលពីថ្ងៃសុក្រ ​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​បិនយ៉ាមីន ​​នេតាន់យ៉ាហ៊ូ បាន​ចុះផ្សាយ​​​វីដែអូ​របស់​លោក ​ជាភាសា​អង់គ្លេស​ ធ្វើអោយ​លោក​រងការរិះគន់​យ៉ាងខ្លាំង។ មូលហេតុ​ដោយសារ​លោក​​នេតាន់យ៉ាហ៊ូ ចាត់ទុកថា​ ការដែល​មេដឹកនាំ​ប៉ាឡេស្ទីន​មិនព្រម​​​អោយមាន​​​​វត្តមា​ន​ប្រជាជន​ជ្វីហ្វ នៅ​ស៊ីសហ្ស៊កដានី គឺជា​ការបោសសម្អាត​ជនជាតិ​ភាគតិច។ ​ 

ផ្សាយពាណិជ្ជកម្ម

លោក​នេតាន់យ៉ាហ៊ូ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​​បាន​បង្ក​​​ភាពចម្រូងចម្រាស​ទៀតហើយ។ ក្នុងវីដេអូ​ដែល​ចុះផ្សា​យលើ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃសុក្រ គេឃើញ​រូបលោក​និយាយ​​ឡើងថា៖ “មេដឹកនាំ​ប៉ាឡេស្ទីនចង់​បង្កើត​រដ្ឋប៉ាឡេស្ទីន ដោយ​ដាក់លក្ខខណ្ឌ​មុនថា ​គ្មានជនជាតិជ្វីហ្វទេ។ នេះគេហៅថា ការបោសសម្អាត​ជនជាតិភាគតិច”។

លោក​បន្ថែមថា ៖”សំណើ​នេះ​ជាបញ្ហា​អាស្រូវ។ ​បញ្ហា​ដែល​អាស្រូវ​ធ្ងន់​ជាងនេះទៀត​​គឺថា ពិភពលោក​មិន​បានគិតថា រឿងនេះ​ជារឿងអាស្រូវទេ”។ ​​ ​លោកនេតាន់យ៉ាហ៊ូ​បានឆ្លៀត​អួត​ពី​អ៊ីស្រាអែលផងដែរ ដោយលើកឡើង​ថា​ នៅ​​​អ៊ីស្រាអែល ​មាន​ជនជាតិ​អារ៉ាប់រស់នៅ​​​ដល់ទៅ​២លាន​នាក់​។ ​​​
ក្រុមនយោបាយ​ឆ្វេងនិយម​អ៊ីស្រាអែល​បាន​​ចោទ​នាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​ ​ថា​ហ៊ាន​​​ពោល​ពាក្យ​ទាំងនេះ​ឡើង ដោយសារ​តែលោកប្រតិកម្ម​ចំពោះ​ការស្ទង់មតិ​ផ្សេងៗ​កន្លងមក ដែល​បង្ហាញ​ថា ​​ប្រជាប្រិយភាព​របស់​លោក​បាន​ធ្លាក់ចុះ។ ​

អាមេរិក​ក៏បញ្ចេញ​ប្រតិកម្ម​ចំពោះពាក្យពេចន៍​លោក​នេតាន់យ៉ាហ៊ូ​ដែរ។ អាមេរិក​លើកឡើង​ថា វាជា​រឿងឥតប្រយោជន៍​ និង​មិនសមស្រប​សោះ។ ​ប្រភពការទូត​អាមេរិក​​បានផ្តល់​ព័ត៌មាន​​​ថា ​សេតវិមាន​មិនទទួល​ជួប​លោក​នេតាន់យ៉ាហ៊ូ ក្នុងពេល​លោក​បំពេញទស្សនកិច្ច​នៅអាមេរិក នា​ពេលខាងមុខ​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI