ហូឡង់ប្តឹងរុស្ស៊ីទៅតុលាការអន្តរជាតិជុំវិញការចាប់កប៉ាល់របស់ Greenpeace
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលហូឡង់បានឲ្យដឹង កាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួនបានចាប់ផ្តើមដំណើរការនីតិវិធីតាមច្បាប់អន្តរជាតិ ដើម្បីទាមទារឲ្យរុស្ស៊ីដោះលែងមនុស្សទាំង ៣០នាក់ ដែលរុស្ស៊ីបានចាប់ខ្លួនជាមួយនឹងកប៉ាល់របស់អង្គការ Greenpeace ដោយចោទប្រកាន់ពីបទ “ចោរសមុទ្រ”។ ហូឡង់ជាអ្នកចេញមុខតទល់ជាមួយនឹងរុស្ស៊ី ក្នុងសំណុំរឿងនេះ គឺដោយសារតែកប៉ាល់របស់ Greenpeace ដែលរុស្ស៊ីចាប់នេះ ជាកប៉ាល់ដែលដោតទង់ជាតិហូឡង់។
នៅក្នុងលិខិតផ្ញើជូនទៅសភា រដ្ឋមន្រ្តីការបរទេសហូឡង់បានឲ្យដឹងថា ក្នុងនាមជារដ្ឋម្ចាស់ទង់ជាតិដែលដោតលើកប៉ាល់ Artic Sunrise របស់អង្គការ Greenpeace ហូឡង់បានចាប់ផ្តើមដំណើរការនីតិវិធីមជ្ឈត្តកម្មអន្តរជាតិ (តុលាការអាជ្ញាកណ្តាល) ស្របទៅតាមអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ (UN Convention on the Law of Sea)។
គួររំឭកឡើងវិញថា កប៉ាល់របស់សកម្មជនអង្គការបរិស្ថាន Greenpeace ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ កាលពីខែមុន នៅពេលដែលពួកគេព្យាយាមឡើងទៅលើស្ថានីយ៍បូមប្រេងរុស្ស៊ី ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពបូមប្រេង នៅក្នុងតំបន់អាក់ទិក។ អ្នកដំណើរនៅលើកប៉ាល់ ចំនួន ៣០នាក់ ដែលជាពលរដ្ឋចម្រុះ មកពី ១៨ប្រទេស ត្រូវបានតុលាការរុស្ស៊ីឃុំខ្លួន និងចោទប្រកាន់ពីបទ “ចោរសមុទ្រ” ដែលជាបទល្មើសអាចត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ។
រដ្ឋាភិបាលហូឡង់យល់ថា ការណ៍ដែលរុស្ស៊ីចាប់កប៉ាល់ Artic Sunrise ដោយមិនបានសុំការអនុញ្ញាតជាមុនពីហូឡង់ ដែលជារដ្ឋម្ចាស់ទង់ជាតិ គឺជាទង្វើខុសច្បាប់អន្តរជាតិ ហើយទាមទារឲ្យរុស្ស៊ីដោះលែងទាំងកប៉ាល់ និងទាំងអ្នកដំណើរទាំង ៣០នាក់ ឲ្យមានសេរីភាពវិញ។ ក៏ប៉ុន្តែ នៅថ្ងៃសៅរ៍នេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានវាយបកមកលើហូឡង់វិញថា រុស្ស៊ីធ្លាប់បានព្រមានហូឡង់ជាច្រើនដងរួចមកហើយ អំពីសកម្មភាពរបស់កប៉ាល់ Artic Sunrise នៅក្នុងតំបន់អាក់ទិក ដែលរុស្ស៊ីហៅថា “ជាសកម្មភាពបង្កហេតុ”។
ចំណាត់ការលើបណ្តឹងរបស់ហូឡង់ នឹងត្រូវធ្វើឡើងដោយតុលាការអាជ្ញាកណ្តាល ដែលមានសមាជិក ៥រូប ក៏ប៉ុន្តែ រដ្ឋមន្រ្តីការបរទេសហូឡង់បានបញ្ជាក់បន្ថែមថា ប្រសិនបើដំណើរការដោះស្រាយតាមរយៈតុលាការអាជ្ញាកណ្តាលនេះ មិនមានលទ្ធផលអ្វីសោះ ក្នុងរយៈពេល ២សប្តាហ៍ខាងមុខ ហូឡង់នឹងប្តឹងទៅតុលាការអន្តរជាតិ ដែលទទួលបន្ទុកខាងច្បាប់សមុទ្រជាបន្តទៀត។
នៅក្នុងពេលជាមួយគ្នានេះ អង្គការ Greenpeace ដែលមានទីស្នាក់ការកណ្តាល នៅក្នុងទីក្រុងអាំស្ទែរដាំ (Amsterdam) ប្រទេសហូឡង់ កំពុងរៀបចំធ្វើបាតុកម្ម នៅទូទាំងពិភពលោក ដើម្បីទាមទារឲ្យរុស្ស៊ី ដោះលែងសកម្មជនរបស់ខ្លួនត្រឡប់មកវិញ។ បាតុកម្មរបស់ Greenpeace នៅថ្ងៃសៅរ៍នេះ គ្រោងនឹងរៀបចំធ្វើ នៅតាមប្រទេសចំនួន ៤៧ ក្នុងនោះ ក៏មានរុស្ស៊ីផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ