រុស្ស៊ី

ចាប់​ពី​ថ្ងៃ​ទី​១​កក្កដា​មាន​ច្បាប់​ថ្មីៗ​ជា​ច្រើន​ចូល​ជា​ធរមាន​នៅ​រុស្ស៊ី​

ទីក្រុង​ម៉ូស្គូរដ្ឋធានីប្រទេស​រុស្ស៊ី​
ទីក្រុង​ម៉ូស្គូរដ្ឋធានីប្រទេស​រុស្ស៊ី​ RFI/Keo Chhaya

ច្បាប់​ទាំង​នេះ ​ចែង​អំពី​ការ​ពង្រីក​ផ្ទៃ​ដី​រដ្ឋធានី​ម៉ូស្គូ​សឹង​២​ដង​កន្លះ​ ​ការដំឡើង​ប្រាក់​​ពិន័យ​រាប់​សិប​ដង​ចំពោះ​ការ​​រំលោភ​លើ​បទបញ្ញត្តិ​ចរាចរណ៍​ចំពោះ​ការ​ប្រកប​របរ​រត់​តាក់ស៊ី​ ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ​​ក៏​ដូច​ជា​ចែង​អំពី​ការ​បន្ថយ​ចំនួន​រថយន្ត​ដែល​មាន​សិទ្ធិ​ប្រើ​ភ្លើង​ភ្លឹបភ្លែត​លើ​ដំបូល​ ការ​ដំឡើង​ថ្លៃ​ទឹក ​ថ្លៃ​ភ្លើង​ ថ្លៃ​ឧស្ម័ន​ ថ្លៃ​ពន្ធ​បន្ថែម​លើ​បារី​ និង​ សុរា​។​ល។​

ផ្សាយពាណិជ្ជកម្ម

ជាបឋម ចាប់ពីថ្ងៃទី១កក្កដាម្សិលមិញមក ផ្ទៃដីរដ្ឋធានីម៉ូស្គូ កើនឡើងសឹង២ដងកន្លះ ដោយ​វាត​តាម​ទិសទៅ និរតី គឺពី១.០៧០ រហូតដល់ ២.៥១០ គ.ម. ហេតុដែលខាងផ្ទៃក្រឡា គឺ លើកក្រុងម៉ូស្គូ ពីចំណាត់ថ្នាក់ទី៣១ រវាងក្រុង Bagdad ប្រទេសអ៊ីរ៉ាក់ និងក្រុង Hongkong ឲ្យ ឡើងជាប់បាន លេខ៦ក្នុងលោក នៅចន្លោះក្រុង Alexandrie អេហ្ស៊ីប និងក្រុង Ankara តួកគី។

ខាងចំនួនបណ្តាជន ដែលតាមតួលេខដើមឆ្នាំ២០១២ គឺមាន១០លាន៤សែននាក់ ក្រោយពី ពង្រីកទៅ ឡើងដល់ ១០លាន៧សែននាក់ បាននិងបន្តស្ថិតនៅក្នុងចំណោម ១០​ក្រុង​នាំ​មុខ​គេ​ក្នុងលោក។

ចំពោះការរំលោភលើបទបញ្ញត្តិចរាចរណ៍ ប្រាក់ពិន័យ នឹងកើនឡើងក្នុងទំហំ ពី៣ទៅ១៥ដង អាស្រ័យនឹង ប្រភេទរំលោភ ហើយនៅរដ្ឋធានីម៉ូស្គូ និងអតីតរាជធានី ក្រុងSaint-Petersbourg គឺនឹងកើនឡើង ក្នុងទំហំ ពី១០ ទៅ ៣០ដង។ ឧទាហរណ៍ ការចតរថយន្តនៅត្រង់កន្លែងដែល ទុកសម្រាប់ ឡានBusក្រុង ឫនៅចម្ងាយខ្លីជាង១៥ម៉ែត្រ ពីទីនោះ តម្រូវឲ្យបង់ពិន័យ ១.០០០​រូប្ល​ គឺ១០ដងលើសពីមុន។ ករណីក្រុងម៉ូស្គូ និង ក្រុង Saint-Petersbourg គឺត្រូវ​បង់​ដល់​៣.០០០​រូប្ល។

ចាប់ពីថ្ងៃទី១កក្កដាដែរ ចំពោះការប្រកបរបរ រត់តាក់ស៊ីដោយគ្មានអាជ្ញាប័ណ្ណ​កាល​ណា​តម្រួត​ ចរាចរណ៍ស្ទាក់ជាប់គឺត្រូវបង់១លើកៗ ក្នុងទឹកប្រាក់៥.០០០រូប្ល។ ជាការកត់សម្គាល់គឺចាប់ពី​ថ្ងៃ​២៥កក្កដាឆ្នាំមុនមក ដែលមានចេញអាជ្ញាប័ណ្ណចំនួន ១ម៉ឺន៧.០០០ ដល់​អ្នក​បើក​តាក់ស៊ី។​ មិនតែប៉ុណ្ណោះ អាជ្ញាប័ណ្ណចំនួន ១ម៉ឺន៥.០០០ ក៏មានចេញ​ឲ្យ​អ្នក​បើក​តាក់ស៊ី​នៃ​តំបន់​ជុំវិញ​ម៉ូស្គូ​ហើយអាជ្ញាប័ណ្ណនេះ ក៏បើកផ្លូវឲ្យគេ ចូលមករកស៊ី ក្នុងរដ្ឋធានីផ្ទាល់តែម្តង។

ទោះយ៉ាងណាក្តី ក៏អាជ្ញាធរម៉ូស្គូ ប្រមាណថា នៅមានតាក់ស៊ី ៤ម៉ឺនទៀតដែល បន្តឆ្លៀតរកស៊ី ទាំងល្មើសច្បាប់។ 

ស្របនឹងក្រឹត្យប្រធានាធិបតីចេញ ១ខែកន្លះមុន គឺចាប់ពីឥឡូវទៅដែលចំនួនរថយន្តពួកមន្ត្រី មានសិទ្ធិប្រើសញ្ញាភ្លើងភ្លឹបភ្លែតលើដំបូល ដើម្បីបើកវ៉ាគេស្រេចតែចិត្ត ត្រូវបន្ថយសឹង ២ដង គឺ​ពី ៩៦៥គ្រឿង ចុះដល់ ៥៦៩គ្រឿង នៅទូទាំងប្រទេស។ 

ចាប់ពីថ្ងៃទី១កក្កដាមក សម្រាប់ឆមាសទី២ឆ្នាំ២០១២នេះ ថ្លៃទឹក ថ្លៃកម្តៅថ្លៃភ្លើងអគ្គិសនី ថ្លៃ​ឧស្ម័ន​ កើនឡើងជាមធ្យមនៅទូទាំងប្រទេសរុស្ស៊ី គឺ១២,៤%។ ចំណែកនៅរដ្ឋធានីម៉ូស្គូ គឺ​កើន​ឡើង១៥%។ ទាំងថ្លៃពន្ធមិនចំពោះ ហូតពីបារី និង សុរា ដែលសុទ្ធតែជាគ្រឿងនាំឲ្យ ខូច ដល់​សុខភាព​ប្រជាជន បានកើនឡើង២០% ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI