ភាពកក់ក្តៅនិងរងាចំពោះគោលនយោបាយថ្មីរឿងដីធ្លី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មួយសប្តាហ៍បន្ទាប់ពីការដាក់ចេញគោលនយោបាយថ្មីក្នុងបញ្ហាដីធ្លីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពលរដ្ឋជាច្រើនដែលសង្ស័យថា ខ្លួនអាចមានបញ្ហាដីធ្លីទៅថ្ងៃក្រោយ បានស្វះស្វែងរកខ្សែអាត់សំឡេងរបស់ប្រមុខរដ្ឋាភិបាលដើម្បីទុកជាភស្តុតាង។ អ្វីដែលសំខាន់នៅត្រង់ថាពួកគេមានភាពកក់ក្តៅនៅពេលបានឮសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប៉ុន្តែ ជារឿយៗ គោលនយោបាយឬបទបញ្ជារបស់នាយករដ្ឋមន្ត្រីមិនត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវឡើយ។ តើហេតុអ្វីបានជាដូច្នេះ?
វាមិនមែនជារឿងចៃដន្យឡើយដែលប្រជាសហគមន៍នាំគ្នាផ្អើលរកខ្សែអាត់សំឡេងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនស្តីពីបញ្ហាដីធ្លី។មិនចៃដន្យពីព្រោះថា បទពិសោធន៍បានបង្ហាញថា ខ្សែអាត់សំឡេងនោះគឺជាឯកសារភស្តុតាងយ៉ាងសំខាន់សម្រាប់ដោះស្រាយបញ្ហាទៅថ្ងៃក្រោយនៅពេលដែលអាជ្ញាធរអនុវត្តផ្ទុយពីគោលនយោបាយរបស់ប្រមុខដឹកនាំរដ្ឋាភិបាល។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសចេញគោលនយោបាយ«ដ៏សំខាន់»មួយទៀតសំដៅបញ្ចប់បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ។សំខាន់នៅត្រង់ថាអំណឹះតទៅ រដ្ឋាភិបាលនឹងកាត់ដីចែកជូនប្រជាពលរដ្ឋណាដែលកំពុងរស់នៅលើដីមានទំនាស់ទោះជាដីនោះជារបស់រដ្ឋឬក៏ជារបស់ក្រុមហ៊ុនឯកជនក្តី។បើនិយាយសរុបន័យដោយខ្លីវិធានការថ្មីនេះនឹងអាចបញ្ចប់បញ្ហាដីធ្លីទាំងស្រុងឬក៏អាចកាត់បន្ថយបានយ៉ាងច្រើននូវជម្លោះដីធ្លីនៅកម្ពុជា ប្រសិនបើគេអនុវត្តបានត្រឹមត្រូវ។ នេះជាអ្វីដែលមហាជនទូទៅ ក៏ដូចជាក្រុមសង្គមស៊ីវិលបាននាំគ្នាសាទរដោយក្តីកក់ក្តៅចំពោះវិធានការរបស់រដ្ឋាភិបាល។
ប៉ុន្តែនៅលើទិដ្ឋភាពម្យ៉ាងទៀតភាពរងាមិនទាន់ទៅណាឆ្ងាយនៅឡើយទេប្រសិនបើគេក្រឡេកមើលមេរៀនដែលបានបន្សល់ទុកជាច្រើនរួចទៅហើយនោះ។ តាមពិតនេះមិនមែនជាលើកដំបូងទេដែលប្រមុខរដ្ឋាភិបាលដាក់បញ្ជាផ្ទាល់មាត់ទៅឲ្យអាជ្ញាធរថ្នាក់ក្រោមអនុវត្ត តែប្រសិទ្ធិភាពហាក់មានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។គេនៅចាំបានបទបញ្ជាឬក៏វិធានការក្តៅគគុកដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែងបទបញ្ជាស្តីពីការលុបបំបាត់«កុងត្រូលជជុះ»បទបញ្ជាស្តីពីការទប់ស្កាត់«បទល្មើសព្រៃឈើ»ឬក៏បទល្មើសនេសាទជាដើម។ប៉ុន្តែ រហូតមកទល់ពេលនេះ បញ្ហាទាំងនោះនៅតែកើតមានមិនចេះចប់។ដើមចមដែលធ្វើឲ្យបទបញ្ជារបស់នាយករដ្ឋមន្ត្រីសាបរលាបគឺមកពីការអនុវត្តន៍មិនត្រឹមត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមនេះឯង។ទាំងនេះជាមេរៀនដែលប្រជាពលរដ្ឋទូទៅនៅចងចាំហើយដែលទាមទារឲ្យពួកគេប្រយ័ត្នប្រយែងជាងមុន។ការស្វះស្វែងរកខ្សែអាត់សំឡេងទុកជាភស្តុតាងជាមធ្យោបាយមួយដើម្បីដាក់គំនាបទៅលើអាជ្ញាធរនៅពេលដែលពួកគេអនុវត្តផ្ទុយពីបញ្ជានាយករដ្ឋមន្ត្រី។
និន្នាការនេះក៏ជាចំណុចល្អមួយដែរសម្រាប់ការវិវឌ្ឍន៍សង្គមកម្ពុជាទាំងមូល។ ល្អនៅត្រង់ថាកាលពីមុនប្រជាពលរដ្ឋកម្ពុជា ជាទូទៅមិនសូវរវីរវល់នឹងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយប៉ុន្មានទេហើយការរក្សាឯកសារទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយរឹតតែមិនមែនជាទម្លាប់ឡើយ។ ប៉ុន្តែបញ្ហាជាញឹកញាប់ដែលបានកើតឡើងចំពោះមុខហាក់បានធ្វើឲ្យផ្នត់គំនិតមនុស្សផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមានមួយ។យកល្អគេគួរតែថតសំឡេងរបស់អ្នកនយោបាយទាំងអស់ទុកជាឯកសារផងជាពិសេសនៅពេលឃោសនាបោះឆ្នោតតែម្តងពីព្រោះខ្សែអាត់សំឡេងទាំងនោះហើយដែលជាភស្តុតាងសម្រាប់ធ្វើឲ្យពួកគេនឹកឃើញការសន្យារបស់ខ្លួន។
ងាកមកមើលបញ្ហាដីធ្លីវិញ ក្រុមអ្នកវិភាគសង្គមកម្ពុជាបានមើលឃើញថា ឆន្ទៈរបស់មេដឹកនាំក្នុងការដោះស្រាយបញ្ហាប្រាកដជាមានពីព្រោះថានៅសតវត្សរ៍ទី២១នេះប្រហែលជាគ្មានមេដឹកនាំណាប្រាថ្នាចង់ឲ្យសង្គមរបស់ខ្លួនជួបបញ្ហាស្មុគស្មាញច្រើននោះឡើយ។ ប៉ុន្តែគ្រាន់តែថាដំណោះស្រាយបញ្ហាអាស្រ័យទៅលើសមត្ថភាពនិងភាពស្មោះត្រង់របស់អាជ្ញាធរដែលជាសេនាធិការរបស់រដ្ឋាភិបាលដែរ។ បញ្ហាជាច្រើនត្រូវគេមើលឃើញថាអាចដោះស្រាយបានទោះបីជាមិនចាំបាច់មានបញ្ជាច្រើនលើកច្រើនសារបស់ប្រមុខរដ្ឋាភិបាលក៏ដោយ។
ភាពប៉ិនប្រសប់ដោយផ្អែកលើច្បាប់និងចៀសឲ្យផុតពីផលប្រយោជន៍បុគ្គលគឺជាទស្សនវិជ្ជាដ៏មានតម្លៃបំផុតសម្រាប់ដោះស្រាយបញ្ហាដីធ្លីក៏ដូចជាបញ្ហាផ្សេងទៀតដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ