កម្ពុជា

កម្ពុជា​ដាក់​ចេញ​នូវ​ប្រកាស​ថ្មី​ដើម្បី​ការពារ​សិទ្ធ អ្នក​ធ្វើ​ការងារ​ខាង​ផ្នែក​សេវា​កម្សាន្ត

កន្លែងផ្តល់សេវាកម្សាន្តមួយនៅក្នុងរាជធានីភ្នំពេញ ដែលមានទាំងឌីស្កូក្លឹប និងខារ៉ាអូខេ។
កន្លែងផ្តល់សេវាកម្សាន្តមួយនៅក្នុងរាជធានីភ្នំពេញ ដែលមានទាំងឌីស្កូក្លឹប និងខារ៉ាអូខេ។ © សុវណ្ណារ៉ា

បន្ទាប់​ពី​មាន​បញ្ហា​ប្រឈម​ជា​ច្រើន សម្រាប់​កម្មករ​និយោជិត​ផ្នែក​សេវា​កម្សាន្ត​មក ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃទី​ពុធ ទី ៨ តុលា​នេះ បាន​ដាក់​ចេញ​នូវ​ប្រកាស​លេខ ១៩៤ ជា​ផ្លូវ​ការ ដើម្បី​ការ​ពារ​ដល់​សិទ្ធិ​កម្មករ​ទាំង​អស់​ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​ផ្នែក​នេះ។ កម្មករ​ផ្នែក​កម្សាន្ត​ទាំង​អស់ នឹង​ទទួល​បាន​ច្បាប់​ការពារ​សិទ្ធ​របស់ខ្លួន​ជា​ផ្លូវការ ដូច​កម្មករ​និយោជិត​ផ្សេង​ៗ​ទៀត​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ប្រកាស​លេខ ១៩៤ ស្តី​ពី លក្ខ​ខណ្ឌ​ការងារ វិធាន​ការ​អនាម័យ និង​សន្តិ​សុខ​ការងារ នៃ​សហ​គ្រាស គ្រឹះ​ស្ថាន ក្រុម​ហ៊ុន​ផ្នែក​សេវា​កម្សាន្ត​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី​០៨​តុលា​នេះ​ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ឯ​ទីស្តី​ការ​ក្រសួង។ ប្រកាស​នេះ អំពាវ​នាវ​ឲ្យ​មាន​ការ​ការ​ពារ​សុខ​ភាព និង​សុវត្ថិភាព​ការងារ ក៏​ដូច​ជា​សិទ្ធិ​ការងារ របស់​កម្មករនិយោជិត​ផ្នែក​សេវា​កម្សាន្ត​ដែរ។

 

វិធាន​ការ​នេះ ត្រូវ​បាន​ដាក់ចេញ​ដើម្បី​ឆ្លើយតប ទៅ​និង​បញ្ហា​ប្រឈម​ជាច្រើន ដែល​កម្មករ​និយោជិត​ផ្នែក​សេវា​កម្សាន្ត​ជួប​ប្រទះ ដូច​ជា សុវត្ថិភាព​ការងារ ការអប់រំ និង​ការ​ការពារ​សុខ​ភាព​នៅ​មាន​កម្រិត​ទាប អំពើហិង្សា និង​ការ​បៀត​បៀន​ផ្លូវភេទ ចំនួន​ម៉ោង​ធ្វើការ​ច្រើន​លើស​លុប និង​ការ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ទាប និង​ការ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទទួល​ទាន​ជាតិ​ស្រវឹង​ជាដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ប្រកាស​ថ្មី​នេះ នឹង​អំពាវនាវ​ឲ្យ​លុប​បំបាត់​ពលកម្ម ដោយ​បង្ខំ និង​ការ​រំលោភ​បំពាន​ពាក់​ព័ន្ធ​នានា នៅក្នុង​ឧស្សាហ​កម្មនេះ ដូចជា​ការ​ដាក់ពិន័យ ការ​កាត់​ប្រាក់​ឈ្នួល និង​ការ​បង្ខំ​ឲ្យ​យក​កូន​ចេញ​ជាដើម។

លោកស្រី ចាន់ ឌី​ណា តំណាង​បណ្តាញ​កម្មករ​និយោជិត​ផ្នែក​សេវា​កម្សាន្ត​នៅ​ថ្នាក់​ជាតិ បាន​លើកឡើងថា ទី​បំផុត រដ្ឋា​ភិបាល​បាន​ទទួល​ស្គាល់​កម្មករ​និយោជិត​ផ្នែក​សេវា​កម្សាន្ត​ថា ជា​កម្មករ​និយោជិត​ដូច​គេ​ដូច​ឯង ហើយ​ពួកគេ​គួរ​ទទួល​បាន​ការពារ ក្រោម​ច្បាប់​ស្តីពី​ការងារ​ដែរ។ លោក​ស្រី​បាន​បន្ថែមទៀតថា ម្ចាស់​គ្រឹះ​ស្ថាន ផ្នែក​សេវា​កម្សាន្ត មាន​ភារកិច្ច​មើលថែ​កម្មករ​និយោជិត​របស់​ខ្លួន និង​ទប់ស្កាត់​មិន​ឲ្យ​មាន​បញ្ហា​ធំ​ៗ​កើត​មាន​ឡើង​ដូចជា អំពើហិង្សា និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ដើម​។

សូម​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញ​វ័យ ដែល​រួម​មាន​រង្គសាល ខារ៉ាអូខេ ឌី​ស្គូ​ក្លឹប​ជាដើម​នោះ មាន​ចំនួន ៦៥៩ កន្លែង ហើយ​ក្នុងនោះ​មាន​៤៨០​កន្លែង បាន​ចុះបញ្ជី​ការ​ត្រឹម​ត្រូវ។ ដោយ​ឡែក​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅក្នុង​ផ្នែក​នេះ គឺ​មាន​ជាង ១​ម៉ឺន​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន នៅ​ក្នុង​ពិធី​ដាក់​ចេញ​នូវ​ប្រកាស​ថ្មី ១៩៤ នៅ​ព្រឹក​មិញ​នេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI