កម្ពុជា

ស្ថានីយ៍​ទឹកស្អាត​មួយទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ ក្នុង​ទីក្រុង​ភ្នំពេញ

គម្រោង​ទឹកស្អាត​និរោធ​ត្រូវ​បាន​អនុវត្ត ដោយ​កម្ចី​ហិរញ្ញប្បទាន​របស់​​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន និង​ថវិកា​របស់​រដ្ឋាការ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​ផ្ទាល់។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាជន​ដែល​នៅ​ប៉ែក​ខាង​លិច​រាជធានី​ភ្នំពេញ​ និង​ប្រជាជន​ដែល​រស់​នៅ​ទីក្រុង​តាខ្មៅ។

ផ្សាយពាណិជ្ជកម្ម

ការសាងសង់​រោងចក្រ​ផលិតទឹក​ស្អាត​និរោធ​បាន​ចាប់​ផ្ដើម នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១០ និង​បញ្ចប់​រួច​រាល់​ជា​ស្ថាពរ នៅ​ខែ​មិថុនា ឆ្នាំ​២០១៣​នេះ។ គម្រោង​នេះ​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ប្រមាណ​៩០​លាន​ដុល្លា​អាមេរិក។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃ​មាន​រោងចក្រ​ផលិត​ទឹក​ស្អាត​ចំនួន​៣​ដែល​កំពុង​ដំណើរការ។ រោងចក្រ​ផលិត​ទឹក​ស្អាត​ទាំង​៣​នោះ​រួម​មាន រោងចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយ​ចង្វា រោងចក្រ​ផលិត​ទឹក​ស្អាត​ភូមិ​ព្រែក និង​រោងចក្រ​ផលិត​ទឹក​ស្អាត​ចម្ការមន ដែល​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាជន​ប្រមាណ​១​លាន​២​សែន​នាក់។

នៅ​ពេល​រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ​ដំណើរការ​ពេញ​សមត្ថភាព នោះ​សមត្ថភាព​ផលិត​ទឹក​ស្អាត​របស់​រដ្ឋាករ​ស្វយ័ត​ភ្នំពេញ​នឹង​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាជន​ប្រមាណ​១​លាន​៧​សែន​នាក់។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ មាន​ប្រជាជន​ដែល​រស់​នៅ​រាជធានី​ភ្នំពេញ​តែ​២០​% ប៉ុណ្ណោះ​ដែល​ទទួល​បាន​សេវា​ទឹក​ស្អាត​ប្រើ​ប្រាស់។ រយៈ​ពេល​ជាង​២​ទស្សវត្ស​កន្លង​ទៅ​នេះ សេវា​ទឹក​ស្អាត​គ្រប​ដណ្ដប់​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​រហូត​ដល់​៨៥​%នៅ​ក្នុង​ឆ្នាំ​២០១២។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI