អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​នឹង​កើន​ឡើង​ដល់ ៣០០​នាក់ នៅ​ស៊ីរី

សំឡេង ០៧:៤០
អ្នកសង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិមួយ​ក្រុម​ដំបូង មាន​គ្នា ៦នាក់ ​កំពុង​ពិនិត្យ​មើល​បទ​ឈប់បាញ់​នៅ​ក្នុង​ទឹកដី​ស៊ីរី
អ្នកសង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិមួយ​ក្រុម​ដំបូង មាន​គ្នា ៦នាក់ ​កំពុង​ពិនិត្យ​មើល​បទ​ឈប់បាញ់​នៅ​ក្នុង​ទឹកដី​ស៊ីរី ©Reuters
ដោយ៖ ឈាង បុប្ផា

នៅ​ថ្ងៃ​សៅរ៍ទី ២១ មេសា ២០១២ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បោះឆ្នោត អនុម័ត​លើ​សេចក្តី​សម្រេច​ថ្មី​មួយ​ទៀត​ស្តីពី​ការបញ្ជូន​អ្នកសង្កេតការណ៍​បន្ថែម​ទៀត ទៅប្រទេស​ស៊ីរី។ ប៉ុន្តែ នៅមុន​ការបោះឆ្នោត គេឃើញ​នៅតែមាន​គំនិតប្រឆាំង​គ្នា។ អត្ថបទ​ស្នើ​ដោយ​ប្រទេស​រុស្ស៊ី ទាមទារ​ចង់​ឲ្យ​គេ​បញ្ជូន​អ្នកសង្កេតការណ៍​ ទៅ​ប្រទេស​ស៊ីរី ឆាប់ៗ ចំណែក​សហភាព​អឺរ៉ុបវិញ ដែល​បាន​ស្នើ​អត្ថបទ​មួយ​ដែរ មិន​ទាន់​ចង់​ឲ្យ​គេ​បញ្ជូន​អ្នកសង្កេតការណ៍​ទៅភ្លាមៗទេ និង​ទាមទារ​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម ប្រសិន​បើរដ្ឋាភិបាល​ស៊ីរី មិនគោរពធ្វើ​តាម ផែនការ​សន្តិភាព​របស់លោក​កូហ្វី អាណាន់ ​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប់។

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​អត្ថបទ​ដែល​ខ្លួនស្នើឡើង សហភាព​អឺរ៉ុប យល់ស្រប​ជាមួយ​រុស្ស៊ី គឺធ្វើ​តាមសំណើ​របស់​លោកបាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​ចង់​ឲ្យ​គេ​បញ្ជូន​អ្នកសង្កេតការណ៍​បន្ថែម គឺ​ឲ្យ​ដល់​៣០០​នាក់ ទៅ​ប្រទេស​ស៊ីរី។ ប្រទេស​នៅអឺរ៉ុប​សុទ្ធ​តែ​យល់ស្រប​ថា ចំនួន​អ្នកសង្កេតការណ៍​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្រេច​បញ្ជូន​ទៅ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍មុន មាន​ចំនួន​តិចតួច មិន​អាច​​ធ្វើ​ឲ្យ​ រដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆាំង​គោរព​បទ​ឈប់បាញ់​បានទេ។

ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមប្រទេស​អឺរ៉ុបស្នើសុំ​កុំ​ទាន់ ឲ្យ​គេ​បញ្ជូន​អ្នកសង្កេតការណ៍​ទៅប្រទេស​ស៊ីរី​ភ្លាមៗ ព្រោះ ដោយសារ​គេ​បារម្ភ​ពី​​បញ្ហា​អសន្តិសុខ។ ក្រុមប្រទេស​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​លោក​បាន គីមូន ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹងសម្រេច​បញ្ជូន​អ្នកសង្កេតការណ៍​ថ្មី​ទៅ​ស៊ីរី។

ក្នុង​អត្ថបទ​ស្នើ​របស់​ខ្លួន ក្រុមប្រទេស​អឺរ៉ុប​និយាយ​ថា វា​មាន​សារសំខាន់​ដែល​គេ​ត្រូវ​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ស៊ីរី។ ប៉ុន្តែ គេ​ក៏ត្រូវ​គិតគូរ​ពី​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ដល់​ក្រុមអ្នកសង្កេតការណ៍​ទាំងនោះ​ផងដែរ ព្រោះ​ថា អសន្តិសុខ​នៅកើត​មាន​ពេញផ្ទៃ​ប្រទេស​ស៊ីរី។ រហូត​មកដល់​ពេលនេះ រដ្ឋាភិបាល​ស៊ីរី នៅតែ​មិនទាន់​ដក​ទ័ព និង​អាវុធ​ធុនធ្ងន់​ពី​ទីក្រុង និង​ទីប្រជុំជន ក្នុង​ប្រទេស​ស៊ីរី ទៅតាម​ផែនការ​របស់​លោក​កូហ្វី អាណាន់។

អ្នកសង្កេតការណ៍​អន្តរជាតិ​៦រូប​ដែល​ពេលនេះ​កំពុង​ស្ថិតក្នុង​ទឹកដី​ស៊ីរី​បាន​រាយការណ៍​​ថា គេ​ឮ​រាល់ថ្ងៃ​សំឡេងគ្រាប់​កាំភ្លើង និង​​គ្រាប់ផ្លោង ផ្ទុះ។ នេះ​ជា​លើកទីមួយ ដែល​អង្គការ​សហ ប្រជាជាតិ​បាន​បញ្ជូន​អ្នកសង្កេតការណ៍​របស់ខ្លួន ទៅក្នុង​តំបន់​ដែល​កំពុង​ផ្ទុះ​មាន​សង្រ្គាម និង​អំពើ​ហិង្សា។

អំពើ​ហិង្សា និង​ករណី​មនុស្ស​ស្លាប់ ដោយ​ការបាញ់ប្រហារ​ដោយ​កើត​មាន​ជារៀងរាល់ថ្ងៃ។ បើតាម​លោក​បាន គីមូន ទាំង​រដ្ឋាភិបាល​ស៊ីរី និង​ទាំង​ក្រុម​ប្រឆាំង​ស៊ីរី​មិន​បាន​គោរព​បទ​ឈប់បាញ់​តាម​ផែនការ​សន្តិភាព​របស់​លោក​កូហ្វី អាណាន់ ដែល​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​បាន​តែងតាំង​ជា​បេសកជន​សម្រាប់​ដោះស្រាយ​វិបត្តិ​ស៊ីរី​នោះ​ទេ។

យ៉ាងណា​ក៏ដោយ បើតាម​មន្រ្តីទូត​អង់គ្លេស​ម្នាក់​នៅ​អង្គការ​សហប្រជាជាតិ គ្រប់ភាគី​ទាំងអស់​រួម​ទាំង​រុស្ស៊ី​និង​ចិនផង​ ទំនង​អាច​និយាយ​ចុះសម្រុង​គ្នា​លើ​លក្ខខណ្ឌ​បញ្ជូន​អ្នកសង្កេតការណ៍​សរុប ៣០០​នាក់​ទៅ​ស៊ីរី។ បេសកកម្ម​របស់​ពួកគេ​មាន​រយៈពេល​៣ខែ។ អ្នកសង្កេតការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​សុទ្ធតែ​ជា​អ្នកជំនាញ​ខាង​នយោបាយ សិទ្ធិមនុស្ស និង​រដ្ឋាភិបាល​មាន​តួនាទី​តាមដាន​មើល​បទឈប់បាញ់ និង​ស្ថានភាព​មនុស្សធម៌។ តាមខ្លឹមសារ​អត្ថបទ​ដែល​ស្នើដោយ​អឺរ៉ុប និង​រុស្ស៊ី ក្រុមអ្នកសង្កេតការណ៍​អន្តរជាតិ​ត្រូវ​មាន​សិទ្ធិ​ធ្វើដំណើរ​ទៅគ្រប់​កន្លែង ក្នុង​ទឹកដី​ស៊ីរី និង​ត្រូវ​ស្ថិតនៅក្រោម​កិច្ចការពារ​សុវត្ថិភាព​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ស៊ីរី ព្រោះ​ក្រុមអ្នកសង្កេតការណ៍​ទាំងនោះ​គ្មាន​អាវុធ​ក្នុង​ដៃទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ