អានតួអត្ថបទ
កម្ពុជា

ចុះឈ្មោះបោះឆ្នោតចំថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ៖ អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង សោកស្តាយលើការសម្រេចរបស់ គ.ជ.ប

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ)
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring
ដោយ៖ សឿង ភារៈ
១៥ នាទី

អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​ប្រឆាំង​ សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) ឲ្យ​​​ប្រជា​ពល​រដ្ឋ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បន្ថែម​ នៅ​ថ្ងៃ​អាទិត្យ​ ទី០២ ខែតុលា ដែលជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​។ កន្លង​មក​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ស្នើ​ឲ្យគ.ជ.​ប ទទួល​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល​២ថ្ងៃ​។

ផ្សាយពាណិជ្ជកម្ម

លោក​អេង ឆៃ​អ៊ាង ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេចរបស់​គ.ជ.​ប។ លោក​បាន​បញ្ជាក់​ថា​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ត្រឹ​ម​តែ​សោក​ស្តាយ​ប៉ុណ្ណោះ ​ព្រោះ​ពេល​នេះ គ.ជ.ប បាន​សម្រេច​យក​តែ​១ថ្ងៃ​រួច​ទៅ​ហើយ​។ កន្លង​មក​គណបក្ស​ប្រឆាំង​ធ្លាប់​​ស្នើ​ឲ្យគ.ជ.ប ទទួល​ចុះឈ្មោះ​បោះ​ឆ្នោត​២ថ្ងៃ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។ លោក​អេង ​ឆៃអ៊ាង ​ក្នុង​​វេទិកា​​កាល​​ពី​ចុង​ខែ​សីហា ​ធ្លាប់បាន​បញ្ជាក់​ពី​មូល​ហេតុ​ថា ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​២​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នឹ​ង​​ផ្តល់​ឱ​កាស​​​ឲ្យ​កម្មករនិយោជិត​ ដែល​បាន​ទៅ​ស្រុក​កំណើត​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ច្រើន​។

វិទ្យុ​បារាំង​អន្តរ​ជាតិ​មិន​អាច​ទាក់​ទង​លោក​គល់ ​បញ្ញា ​នាយក​ប្រតិ​បត្តិ​អង្គការ​ខុម​ហ្វ្រែល ​បាន​ទេ​នៅ​ថ្ងៃទី​០៣ កញ្ញា​នេះ​។ យ៉ាង​ណាមិញ​លោក​សួន ​យុធ្យា មន្ត្រី​ផ្នែក​ច្បាប់ ​និង​តស៊ូ​មតិ​របស់​អង្គការ​ខុម​ហ្វ្រែល​បាន​ឲ្យ​ដឹងថា​ ការ​ទទួល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​១ថ្ងៃ ​គឺ​ល្អ ​ប៉ុន្តែ​លោក​សោក​​ស្តាយ​ដែល​ គ.ជ.ប ធ្វើបាន​តែ​មួយ​ថ្ងៃ។ លោក​បន្ថែម​ថា​​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​នឹង​ទៅ​ស្រុក​កំណើត ហើយ​មិន​ដឹង​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​ថ្ងៃ​នោះ ​អាច​នឹង​ធ្វើទា​ន់ពេល​វេលា​ឬ​ទេ។​ 

លោកហង្ស ពុទ្ធា អ្នក​នាំពា​ក្យគ.ជ.ប ​បាន​ឲ្យ​ដឹង​ថា​ការ​សម្រេច​របស់គ.ជ.ប ក្នុង​ការ​ទទួល​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១ថ្ងៃ​នោះ ​មិន​ផ្អែក​ទៅ​លើអ្វី​មួយ​ទេ​(ការទាមទារ) ប៉ុន្តែ​អាស្រ័យ​លើ​ការខាត​បង់ ឬ​​ចំណេញ​​ដ​ល់​ប្រជា​ពលរដ្ឋ​។​ លោក​បញ្ជាក់​ថា​លទ្ធភាព​មួយ​ថ្ងៃនេះ​ ​គ.ជ.ប ក៏​ជួប​ការ​លំបាក​ខ្លះ​ដែរ ក្នុង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ ដើម្បី​ដំណើរ​ការ​។ ចំពោះ​ការ​ឧបត្ថម​បន្ថែម​ទៀត ​ដល់​មន្ត្រី​ដែល​ធ្វើ​ការ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​គ.ជ.ប​កំពុង​តែ​ពិចារណា​នៅ​ឡើយ​។ នេះបើតាម​លោក​ហង្ស​ ពុទ្ធា​។ 

សូម​បញ្ជាក់គ.ជ.ប បាន​សម្រេច​ឲ្យ​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បន្ថែម ​នៅ​ថ្ងៃ​អាទិត្យ ​ទី០២​ ខែ​តុលា ដែ​ល​ជាថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ​តាម​ការ​សម្រេច​ធ្វើ​ឡើង​ កាល​ពីថ្ងៃទី០២​ ខែ​កញ្ញា។​ នេះ​បើ​តាម​សេច​ក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ឝ.ជ.ប​។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី០១ ​ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ