អានតួអត្ថបទ
កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បដិសេធ​សាលក្រម​ផ្តន្ទាទោស​លោក​ម៉ម សូណង់ដូ

លោកម៉ម សូណង់ដូ​នៅក្នុងតុលាការ​ដែល​បញ្ចប់​សវនាការកាត់ទោសនៅថ្ងៃសុក្រ១៤កញ្ញា២០១២​​
លោកម៉ម សូណង់ដូ​នៅក្នុងតុលាការ​ដែល​បញ្ចប់​សវនាការកាត់ទោសនៅថ្ងៃសុក្រ១៤កញ្ញា២០១២​​ RFI/Siv Channa
១៩ នាទី

បន្ទាប់​ពី​សាលាឧទ្ធរណ៍បាន​សម្រេចបដិសេធ​លើបណ្តឹងសុំនៅ​ក្រៅឃុំ​រប​ស់លោក​​ម៉ម សូណង់​ដូកាល​ពីថ្ងៃ​ម្សិល​ម៉ិញ​ អង្គការក្រៅ​រដ្ឋា​ភិបាល​ជា​ច្រើន​ដែល​ធ្វើការ​ទាក់​ទិន​ទៅ​នឹង​ការ​ការសិទ្ធិមនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍ ដោយ​អំពាវនាវ​ទៅ​ដល់រាជរដ្ឋាភិបាលកម្ពុជា និងតុលាការកំពូល ឲ្យ​បដិ​សេធ​​​សាល​ក្រមរបស់សាលាដំបូង ដែល​បាន​សម្រេច​ផ្តន្ទា​ទោស លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០ ឆ្នាំ​។ ការអំពាវ​នាវ​នោះ​ដោយ​សំអាង​ថា​ តុលាការ​ពុំ​មាន​ភស្តុតា​ង​គ្រប់​គ្រាន់​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​រូប​លោក​ម៉ម សូណង់​ដូ​។

ផ្សាយពាណិជ្ជកម្ម

អង្គការ​ក្រៅ​រដ្ឋាភិបាល​​ចំនួន​២៣ បាន​ចេញ​សចក្តី​ថ្លែង​ការ​ណ៍​​អំពាវនាវ​ទៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​តុលាការកំពូល​របស់​កម្ពុជា ឲ្យ​បដិសេធ​សាលក្រម​របស់​សាលាដំបូង​ដែល​បាន​សម្រេច​ផ្តន្ទា​ទោស​​ដល់ លោក ម៉ម សូណង់ដូ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​សម្រេច​បដិសេធ​លើបណ្តឹង​សុំនៅ​ក្រៅឃុំ​រប​ស់លោក​​ម៉ម សូណង់​ដូកាល​ពីថ្ងៃ​ម្សិល​ម៉ិញ​។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ អង្គការ-សមាគម​ការពារ​សិទិ្ធមនុស្ស​កម្ពុជា (CHRAC) ដែល​ជា​សម្ព័ន្ធ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មានសមាជិក​ចំនួន២១ បានកំពុង​តាមដាន​យ៉ាងជិតដិត​នូវ សវនា ការនេះ បាន​លើក​ឡើង​ថា​ សូមអំពាវនាវ​យ៉ាងខ្លាំង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង តុលា​ការ ជាន់ ខ្ពស់ ឲ្យបដិសេធ​សាលក្រម​របស់​សាលាដំបូង​ដែលបាន​សម្រេច​ផ្តន្ទាទោសដល់ លោក ម៉ម សូណង់ដូ ដើម្បី​ឲ្យលោក​មានសេរីភាព​ឡើងវិញ និង​បន្ត​រួមចំណែក​ការងារ​របស់លោក​ក្នុងការជួយ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទិ្ធមនុស្ស​ នៅក្នុង​ប្រទេស​កម្ពុជា។

តាម​ទស្សនៈរបស់​គណៈកម្មាធិការ​នេះ​បាន​លើក​ឡើង​ថា​ ការជម្រះក្តីរបស់លោក ម៉ម សូណង់ដូ មានជាប់ពាក់ព័ន្ធ​នឹងមូលហេតុ​នយោបាយ ហើយ​ពាក់ព័ន្ធនឹង​សាល​ដីកា​របស់​​សាលា​ឧទ្ធរណ៍ គឺ​ខ្វះ​មូល​ដ្ឋាន​ច្បាប់ និង​សំអាងហេតុ​មិន​គ្រប់គ្រាន់​ ​ដោយ​សារ​តុលាការបាន​ខកខានមិន​ពិចារណា​លើ​សារ​ណា​ដែល​បង្ហាញ​​ដោយមេធាវីការពារក្តី​របស់​លោក ម៉ម សូណង់ដូ។ ម្យ៉ាងទៀត ជុំវិញ​ករណីនេះ​ក៏មាន​ការ​ព្រួយ​បារម្ភ​អំពីការជ្រៀតជ្រែក​នយោ​បាយ​​ចូល​លាយ​ឡំនឹង​ការសម្រេចរបស់​តុលាការផងដែរ។

រី​ឯលោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិម​នុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា​ មិន​ត្រឹម​តែ​ក្រុម​គ្រួសារ​របស់​លោក​ម៉ម សូណង់ដូ​ប៉ុណ្ណោះទេ​ ដែល​រង​ការ​ឈឺចាប់​ដោយ​សារ​ការ​ដាក់​ពន្ធនាគារ​ដ៍​អយុត្តិ​ធម៌​នេះ។ លោក​ថា​ ការសម្រេចក្តី​ទាក់​ទង​នឹង​ប្រ​ព័ន្ធ​តុលាការ​ពុក​រលួយ​ ធ្វើ​ឲ្យ​អាក្រក់​ស្ថានភាព​សិទ្ធិមនុស្ស​​នៅ​ក្នុង​ប្រ​ទេសកម្ពុជា​។ ​បើ​ទោះ​បី​ជា​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ចាប់​តាំង​ពី​ចុះកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស​ ក៍​យុត្តិធម៌​ លទ្ធិ​ប្រ​ជា​ធិបតេយ្យ​និង​និតិរដ្ឋ​មិន​ទាន់​ទទួល​បាន​ដោយ​ប្រ​ជា​ពលដ្ឋ​កម្ពុជានៅ​ឡើយ​​។

ឆ្លើយ​តប​ទៅ​នឹង​ការលើក​ឡើង​របស់​អង្គការ​សង្គម​ស៊ី​វិល​ លោក​ទិត សុធា អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បានថ្លែង​ថា អង្គការក្រៅ​រដ្ឋាភិបាលទាំង​នោះ​បានកំពុង​ភ្លេច​​ភារកិច្ចរបស់​ខ្លួន​ ហើយ​ក៍​កំពុង​តែ​ជាន់​ឈ្លី​ទៅ​លើ​ស្ថាបន័​តុលាការ​។ តុលាការ​បាន​​សម្រេច​ដោយ​យុត្តិ​ធម៌​​ តើ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទាំង​នោះ​ចង់​អោយ​មាន​ស្ថាបន័តុលាការឺក៍​អោយប្រ​ទេស​​អត់​ច្បាប់។​​ លោក​ថា​អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​ធ្វើ​នោះ​គឺ​ជា​កាជ្រៀត​ជ្រែក​ការងារ​របស់​មេធាវី​ជន​ជាប់​ចោទ​។​

​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ សាលាដំបូង​រាជធានីភ្នំពេញ​សម្រេច ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២០ឆ្នាំ និង​ពិន័យជាប្រាក់ ១០លានរៀល ដោយ​ចោទ​ប្រកាន់​មេ​ក្លោង​បង្កើត​តំបន់​អពបគមន៍​ប្រ​ឆាំង​រដ្ឋា​ភិបាល​ នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយនេះ​ជា​ការ​ជាប់​ពន្ធនា​គារ​លើក​ទី​៣​ហើយរបស់​លោក​ម៉ម សូណង់ដូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ