ហេតុអ្វីបានជាគេបង្កើតតំបន់ហាមឃាត់មិនឲ្យហោះហើរនៅលីប៊ីមិនបាន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៨
នៅថ្ងៃពុធ ២ មីនា ២០១១នេះ កងកម្លាំងរបស់លោកកាដាហ្វ៊ី បានធ្វើការវាយប្រហារ ក្នុងគោលដៅដណ្តើមកាន់កាប់តំបន់ប្រេង ស្ថិតនៅប៉ែកខាងកើតប្រទេសលីប៊ី ដែលកាន់កាប់ដោយកម្លាំងប្រឆាំង។ ក្នុងពេលជាមួយគ្នានេះ ក្រុមប្រឆាំងកំពុងតែពិភាក្សាគ្នាអំពីការស្នើសុំអន្តរាគមន៍យោធា ពីអ.ស.ប.។ ប៉ុន្តែ រហូតមកទល់ពេលនេះ ប្រទេសលោកខាងលិចនៅតែមិនទាន់ឯកភាពគ្នានៅឡើយទេ អំពីការធ្វើអន្តរាគមន៍យោធានៅលីប៊ី។
កងកម្លាំងរបស់លោកកាដាហ្វ៊ីកំពុងបើកធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ដើម្បីវាយដណ្តើមកាន់កាប់ទីក្រុង Marsa El Brega ដែលស្ថិតនៅចម្ងាយប្រមាណ ៨០០គីឡូម៉ែត្រ ខាងកើតរដ្ឋធានីទ្រីប៉ូលី ហើយដែលបានធ្លាក់ក្នុងដៃកងកម្លាំងប្រឆាំង តាំងពីថ្ងៃទី២៤ កុម្ភៈមក។ ទីក្រុងនេះ គឺជាច្រកសំខាន់បំផុត សម្រាប់នាំប្រេងលីប៊ីចេញទៅក្រៅប្រទេស។
ប្រតិបត្តិការយោធារបស់កងកម្លាំងលោកកាដាហ្វ៊ីនៅ Marsa El Brega នេះ ទំនងជាប្រតិបត្តិការដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីមានចលនាបះបោរប្រឆាំងកើតឡើងមក។ យោងតាមកងកម្លាំងបដិវត្តន៍ (ក្រុមប្រឆាំង) កងកម្លាំងរបស់លោកកាដាហ្វ៊ីបានដណ្តើមកាន់កាប់ក្រុង Marsa El Brega កាលពីព្រឹកថ្ងៃពុធ ក៏ប៉ុន្តែ កងកម្លាំងបដិវត្តន៍បានដណ្តើមយកមកកាន់កាប់វិញ។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ ពីប្រភពឯករាជ្យណាមួយនៅឡើយទេ ដើម្បីបញ្ជាក់អំពីស្ថានភាពនៅ Marsa El Brega។
នៅពេលនេះ ក្រុមប្រឆាំងកំពុងតែពិភាក្សាគ្នាថា តើគេត្រូវស្នើសុំឲ្យអ.ស.ប.ធ្វើអន្តរាគមន៍យោធា ដើម្បីទម្លាក់លោកកាដាហ្វ៊ីដែរឬទេ? នៅក្នុងចំណោមមេដឹកនាំក្រុមប្រឆាំង គេឃើញមានគំនិតពីរផ្ទុយគ្នា។ មួយក្រុមប្រឆាំងនឹងអន្តរាគមន៍ពីសំណាក់ទាហានបរទេស ដោយលើកឡើងថា បដិវត្តន៍លីប៊ី ត្រូវទុកឲ្យប្រជាជនលីប៊ីជាអ្នកធ្វើដោយខ្លួនឯង។ ក៏ប៉ុន្តែ ក្រុមមួយទៀតយល់ថា អន្តរាគមន៍យោធារបស់អ.ស.ប. អាចនឹងជួយបណ្តេញកាដាហ្វ៊ីចេញពីអំណាចបានលឿន ហើយអាចចៀសវាងកុំឲ្យបាត់បង់ជីវិតប្រជាជនលីប៊ីច្រើន។
នៅពេលនេះ អាមេរិក និងកាណាដា កំពុងតែបញ្ជូននាវាចម្បាំងទៅក្បែរឆ្នេរសមុទ្រលីប៊ី។ ក៏ប៉ុន្តែ គេនៅតែមិនទាន់មានការស្រុះស្រួលគ្នា អំពីការធ្វើអន្តរាគមន៍ផ្នែកយោធានៅលីប៊ីនៅឡើយទេ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានអនុម័តកន្លងមក មិនបានអនុញ្ញាតឲ្យមានអន្តរាគមន៍យោធានៅលីប៊ីនោះទេ។ នៅក្នុងអង្គការអូតង់វិញ ក៏មានការខ្វែងគំនិតគ្នាដែរ អំពីការបង្កើតតំបន់ហាមឃាត់មិនឲ្យហោះហើរនៅក្នុងដែនអាកាសលីប៊ី (No-fly Zone)។ រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង ដែលជាសមាជិកសំខាន់មួយរបស់អូតង់ បានបញ្ជាក់ថា ការបង្កើតតំបន់ហាមឃាត់មិនឲ្យហោះហើរមិនអាចធ្វើទៅបានទេ ដរាបណាមិនមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ។
ទោះជាយ៉ាងនេះក៏ដោយ អាមេរិកនៅតែបន្តចល័តនាវាចម្បាំងទៅក្បែរឆ្នេរលីប៊ីដដែល។ យោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក កងម៉ារីនអាមេរិកចំនួន ៤០០នាក់ ក៏ត្រូវបានបញ្ជូនទៅក្បែរលីប៊ីដែរ។ អាមេរិកទំនងជាចង់ប្រើវត្តមានទាហានរបស់ខ្លួន ដើម្បីកំញើញលោកកាដាហ្វ៊ីផង និងដើម្បីប្រុងប្រៀបទុកជាមុនផង ក្នុងករណីមានការអនុញ្ញាតឲ្យធ្វើអន្តរាគមន៍នៅលីប៊ី។
បើមើលទៅ អន្តរាគមន៍យោធានៅលីប៊ីទំនងជាមិនអាចធ្វើទៅបានទេ លើកលែងតែស្ថានភាពនៅលីប៊ីមានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យជនស៊ីវិលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ