ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​ហាមឃាត់​អាវុធ​គីមី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​២០១៣

អគ្គនាយក​អង្គការ​ទទួល​បន្ទុក​ខាង​ហាមឃាត់​អាវុធ​គីមី (OIAC) លោក Ahmet Uzumcu
អគ្គនាយក​អង្គការ​ទទួល​បន្ទុក​ខាង​ហាមឃាត់​អាវុធ​គីមី (OIAC) លោក Ahmet Uzumcu REUTERS/Toussaint Kluiters/United Photos

ពានរង្វាន់​ណូបែល​សន្តិភាព ឆ្នាំ​២០១៣ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អង្គការ​ទទួលបន្ទុក​ខាង​ហាមឃាត់​អាវុធ​គីមី ដែល​កំពុង​បំពេញ​បេសកកម្ម​កម្ទេច​អាវុធ​គីមី នៅ​ស៊ីរី។ ពីដំបូង គ្រប់គ្នា​បាន​សំឡឹង​ឃើញ​ថា អ្នក​ដែល​គួរ​ត្រូវ​ទទួល​រង្វាន់​ណូបែល​សន្តិភាពនេះ គឺ​កុមារី ម៉ាឡាឡា។  

ផ្សាយពាណិជ្ជកម្ម

ណូបែល​សន្តិភាព​ ជា​រង្វាន់​ដែល​ពិភពលោក​រង់ចាំ​ និង​តាម​ដាន​ខ្លាំង​ជាងគេ។ ​ តាំង​ពី​ដើម​សប្តាហ៍​មក​ និង​រហូត​មក​ទល់​នឹង​ព្រឹក​មិញ​នេះទៀត អ្នក​វិភាគ​ អ្នក​តាមដាន និង​គ្រប់​កាសែត បាន​និយាយ​​គ្មាន​ដាច់​ពី​មាត់ ថា​បេក្ខភាព​កុមារី ប៉ាគីស្ថាន ម៉ាឡាឡា មាន​ប្រជាប្រិយភាព និង​សំណាង​ខ្លាំងព្រម​ទាំង​​សក្តិសម​ជាង​គេ​បំផុត​ក្នុង​ការ​ទទួល​បាន​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៣​នេះ​ព្រោះ​បាន​តស៊ូ​​ស្ទើរ​វិះ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ផង ដើម្បី​ការពារ​និង​ទាមទារ​សិទ្ធិ​ទទួល​ចំណេះ​ដឹង​​ឱ្យ​កុមារី​ប៉ាគីស្ថាន។

ប៉ុន្តែ​​​ គណៈកម្មាធិការ​ណូបែល​ បានជ្រើសរើស​​​ ការ​ភ្ញាក់ផ្អើល​​ដោយ​ប្រកាស​ប្រគល់​ជ័យ​លាភី​ឆ្នាំ​២០១៣ ទៅ​ឱ្យ​អង្គការទទួល​បន្ទុក​ខាង​​​ហាមឃាត់​​អាវុធ​គីមី ដែល​កំពុង​បំពេញ​បេសកកម្ម​កម្ទេច​អាវុធ​គីមី​នៅ​ប្រទេស​​ស៊ីរី និង​មិន​ធ្វើ​អត្ថាធិប្បាយ​​អ្វី​ទាក់ទង​នឹង​បេក្ខជន​មិន​ជាប់​ជម្រើស​ទេ។

ទោះ​ជា​មិន​បាន​ទទួល​ជ័យ​លាភី​នេះ​យ៉ាង​ណាក៏​ដោយ ក៏​ចំពោះ​នាង​ម៉ាឡាឡា មាន​បាន​ទទួល​ការ​គាំទ្រ​ និង​កត្តិយស​ល្បី​រន្ទឺ​ស្រេច​ទៅ​ហើយ ! លើស​ពី​នេះ​ទៅ​ទៀត​ នៅ​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ នាងបាន​ទទួល​រង្វាន់​ពី​សភា​អឺរ៉ុប​ ដែល​មាន​ឈ្មោះ​ថា សាការ៉ូហ្វ ក្នុង​បុព្វហេតុ​សេរីភាព​នៃ​ការ​គិត។ មុន​ការ​ប្រកាស​លទ្ធផល​ណូបែលសន្តិភាព​បន្តិច​ នាង​ម៉ាឡាឡា​ បាន​អះអាង​ថា​ មិន​បាន​ជ័យលាភី​ក៏​មិន​សំខាន់​ទេ ព្រោះ​បំណង​ប្រាថា្នរបស់​នាង​គឺ​ចង់​ឃើញ​សន្តិភាព​ និង​ឃើញ​គ្រប់​ក្មេង​ទាំង​អស់​បាន​រៀន​សូត្រ"។


 តើ​អង្គការ​ទទួល​បន្ទុក​ខាង​ហាមឃាត់​អាវុធ​គីមី មាន​ប្រវត្តិ​និង​ស្នាដៃ​យ៉ាង​ណា​ខ្លះ​ ?!

អង្គការ​ទទួល​បន្ទុក​ខាង​ហាមឃាត់​អាវុធ​គីមី ហៅកាត់​ជា​ភាសា​បារាំង OIAC ឬ​OPCWជា​ភាសា​អង់គ្លេស គ្មាន​ឈ្មោះ​បោះសំឡេង និង​មិន​សូវ​មាន​អ្នក​ស្គាល់​ជា​សាធារណៈ​ទេ។ ទើប​តែ​មាន​ការ​សម្រេច​ចិត្ត​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ថ្ងៃ​ទី ២៨​កញ្ញា​ ប្រគល់​ភារកិច្ច​ ឱ្យ​អង្គការ​នេះ ទទួល​បន្ទុក​កម្ទេច​អាវុធ​គីមី​នៅ​ស៊ីរី​ ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី​៣០​មិថុនា​២០១៤​ប៉ុណ្ណោះ ដែល​អង្គការ​ទទួល​បន្ទុក​​ខាង​ហាមឃាត់​អាវុធ​គីមី​ លេច​មុខ​នៅជួរ​ទី​មួយ​លើ​ឆាក​អន្តរជាតិ​នោះ។

អង្គការ​នេះ​មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កកើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​មាន​សន្ធិសញ្ញា​​ហាម​ឃាត់​ការ​ប្រើ​​ប្រាស់​អាវុធគីមី ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ១៣​មករា​ឆ្នាំ​១៩៩៣​មក។​ មាន​សមាជិក​ ជិត​កន្លះ លាន​នាក់​មក​ពី​ ១៨៩​ ​ប្រទេស​ អង្គការ​មាន​បេសកកម្ម​​ចម្បង​ គឺ​ត្រួតពិនិត្យ​​ការ​កម្ទេច​អាវុធ​គីមី និង​ជា​អ្នក​សម្រេច​ចាត់​វិធានការ​បិទ​បញ្ចប់​ការ​ផលិត​អាវុធគីមី និង​មាន​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​ក្រោម​១០០​លាន​ដុល្លារ​អាមេរិក។

សម្រាប់​គណៈកម្មាធិការ​ណូបែល ការ​ផ្តល់ជ័យ​លាភី ទៅ​ឱ្យ​អង្គការ​នេះ ក៏​ព្រោះតែ​ការងារ​កម្ទេច​អាវុធ​គីមី ជា​បន្ទុក​ដ៏​ធ្ងន់​មហិមារ។ អាវុធ​គីមីស៊ីរី ជាង​មួយ​​ពាន់​តោន​ដែល​មាន​ក្នុង​គ្រប់​រូប​ភាព​ទាំង​អស់ ៖ ខ្លះ​ជា​ល្បាយ​គីមី​ឆៅ ខ្លះ​ជា​គ្រាប់​បែក ខ្លះ​ជា​មីស៊ីល ជា​កាំជ្រួច...

អាវុធ​គីមី​នេះ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងទូលំទូលាយ​បំផុត​ ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​ និង​សង្គ្រាម​លោក​ទីពីរ​ ដោយ​ពួក​អ៊ីត្លែរ និង​ក្រោយ​ៗ​មក​ទៀត​ ដោយ​ក្រុម​រដ្ឋ​មួយ​ចំនួន​និង​ដោយ​ពួក​ភេរវជន។ សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩២៥ ហាមឃាត់​​ការ​ប្រើប្រាស់​អាវុធគីមី តែ​មិន​ហាមឃាត់​ការ​ផលិត និង​ការ​ស្តុក​ទុក​ទេ។ រហូត​មក​ដល់​ឆ្នាំ​១៩៩២-៩៣ ទើប​មានសន្ធិសញ្ញា​ហាមឃាត់​ការ​ស្តុក ការ​ផលិត ហើយ​អង្កការ​ទទួល​បន្ទុក​ខាងហាមឃាត់​អាវុធ​គីមី​នេះ​ បាន​ស្វះ​ស្វែង​រក​ជំនួយ​ត្រួតពិនិត្យ​ផង និង​កំណត់​ឱ្យ​ចេញ​ជា​ច្បាប់​អន្តរជាតិ​មួយ។

នៅ​ក្នុង​បណ្តាំ​របស់​លោក អាល់ហ្វ្រេត​ ណូបែល​ អ្នក​បង្កើត​រង្វាន់ណូបែល បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​ចាំ​បាច់​នៃ​ការ​រំសាយ​អាវុធ។ មាន​ការ​ផ្តល់​រង្វាន់​ផ្សេងៗ​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ ដូច្នេះ​ការ​ផ្តល់​កិត្តិយស​ដល់​អង្គការ​ហាមឃាត់អាវុធ​គីមី ក៏ព្រោះ​តែ​គណៈកម្មាធិការ​ណូបែល ចង់​ចូល​រួម​ចំណែក​​បំបាត់​អាវុធ​គីមី​ពី​លើ​លោក។​ ចំពោះ​អង្គការ​OIACវិញ ម្ចាស់​ជ័យលាភី​វិញ សង្ឃឹម​​ថា​រង្វាន់​នេះ​នឹង​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​ទាំង​អស់​ហាមឃាត់​ការ​ប្រើ​អាវុធគីមី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI