ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បាតុកម្ម​អហិង្សា​ជា​ការ​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​អំពើ​ហិង្សា​នៅ​ក្នុង​បាតុកម្ម​ជា​រឿង​ដែល​ពិបាក​ចៀសវាង​ពី​ព្រោះ​ជា​ទូទៅ​មនុស្ស​ច្រើនតែ​យក​បាតុកម្ម​ជា​ទី​លាន​ប្រយុទ្ធ​តតាំង​គ្នា។ ប៉ុន្តែ មហា​បាតុកម្ម​ជា​បន្តបន្ទាប់​រយៈពេល​ចុងក្រោយ​នេះ បើទោះបីជា​បាន​បង្ហាញ​ពី​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ​ក៏​ដោយ ក៏​មាន​ចំណុច​វិជ្ជមាន​មួយ​គួរ​ឲ្យ​កត់​សម្គាល់។ នោះ​គឺ​វា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា។ ភាព​អហិង្សា​នៅ​ក្នុង​មហា​បាតុកម្ម​បែប​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ វប្បធម៌​ប្រជាធិបតេយ្យ​កំពុង​ចាក់​ឫស​កាន់​តែ​រឹងមាំ​នៅ​កម្ពុជា។ ប៉ុន្តែ វប្បធម៌​នេះ​គួរ​ចាក់​ឲ្យ​ជ្រៅ​ទៅ​ក្នុង​បេះដូង​អ្នក​នយោបាយ។

បាតុកម្ម​អហិង្សា​ជា​ការ​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។
បាតុកម្ម​អហិង្សា​ជា​ការ​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ការសម្តែង​មតិ​តាមរយៈ​បាតុកម្ម​គឺជា​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​មួយ​មិនអាច​ខ្វះ​បាន។ ប៉ុន្តែ សម្រាប់​ប្រទេស​កម្ពុជា​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែរនោះ បាតុកម្ម​នៅតែ​ជា​រឿង​គួរ​ឲ្យ​ព្រឺ​ខ្លា​ចមួយ​ពីព្រោះថា បាតុកម្ម​តែងតែ​បង្ក​ឲ្យ​មាន​អំពើហិង្សា​ជា​ដរាប។ ម្យ៉ាងទៀត បាតុកម្ម​ហាក់​បានក្លាយ​ជា​សញ្ញា​អាសន្ន​មួយ​សម្រាប់​រដ្ឋាភិបាល។

 
ហេតុដូច្នេះ​ហើយ​បានជា​អាជ្ញាធរ​រដ្ឋាភិបាល​តែង​ប្រយ័ត្នប្រយែង​ខ្លាំងណាស់​ចំពោះ​ចលនា​បាតុកម្ម។ ជាក់ស្តែង​ពេលនេះ បើទោះបីជា​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​រយៈពេល២០ឆ្នាំ​ហើយក៏​ដោយ ក៏​អាជ្ញាធរ​នៅតែ​ព្យាយាម​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ការសម្តែង​មតិ​តាមរយៈ​បាតុកម្ម​ដែរ។ ចំណែកឯ​ប្រជាពលរដ្ឋ​ជាទូទៅ​ក៏​តែងមាន​អារម្មណ៍​ភ័យខ្លាច​នៅពេល​លឺថា​មាន​បាតុកម្ម​ផ្ទុះឡើង។

យ៉ាងណាក៏ដោយ អំពើហិង្សា​ក្នុង​បាតុកម្ម​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង។ ជាក់ស្តែង មហា​បាតុកម្ម​ដែល​កំពុង​កើតឡើង​នៅពេលនេះ​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ទាំង​ប្រជាពលរដ្ឋ ទាំង​អ្នកនយោបាយ និង​ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ទទួលយក​វប្បធម៌​ប្រជាធិបតេយ្យ​កាន់តែ​ទូលំទូលាយ​ឡើងជា​លំដាប់។
មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​អាច​បញ្ជាក់​បញ្ហា​នេះ​បាន៖
 
ទី១៖ ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ស្គាល់​សិទ្ធិ​និង​ចេះ​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន​ជាង​មុន។ ពួកគេ​ហ៊ាន​បញ្ចេញមតិ​ដោយ​ចំហ​មិនសូវ​ភ័យខ្លាច​ដូច​ពីមុន​ទេ។ មនុស្ស​រាប់ម៉ឺន​នាក់​ដែល​ចូលរួម​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ​គឺជា​ឧទាហរណ៍​ស្រាប់។ ក្រៅពីនោះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ចូលរួម​កាន់តែ​សកម្ម​ជាង​មុន​ដែរ​ក្នុង​វេទិកា​សម្តែង​មតិផ្សេងៗទៀត។
 
ទី២៖ អ្នកនយោបាយ​កាន់​តែមាន​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​ជាង​មុន​ដែរ។ ពួកគេ​កាន់តែ​ទទួលយក​វប្បធម៌​ជជែក​ពិភាក្សាគ្នា​ច្រើនជាង​មុន។ ជាក់ស្តែង អ្នកនយោបាយ​បាន​ឆ្លើយឆ្លង​គ្នា​តាមរយៈ​បណ្តាញ​ផ្សាយ​ព័ត៌មាន ក៏ដូចជា​នៅក្នុង​រដ្ឋសភា ដោយ​ចៀសវាង​បាន​អំពើហិង្សា​បើទោះបីជា​ពេលខ្លះ ពួកគេ​បាន​ប្រើប្រាស់​សង្គ្រាមពាក្យសម្តី​ជ្រុលជ្រួស​ខ្លះ​ក្តី។ ការជជែក​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ដើម្បី​កុំ​ឲ្យ​មាន​អំពើហិង្សា​ក្នុង​បាតុកម្ម​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ។
 
ទី៣៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​កាលពីមុន​តែងតែ​និយម​ប្រើ​កម្លាំង​និង​អំណាច​ទៅលើ​ប្រជាពលរដ្ឋ បច្ចុប្បន្ន ពួកគេ​ចេះ​សម្របសម្រួល​និង​អត់ធ្មត់​ជាង​មុន។ សមត្ថកិច្ច​បាន​ដើរតួនាទី​ជា​អ្នក​ជួយ​សម្រួល​ឲ្យ​ក្រុមបាតុករ​អាចធ្វើ​បាតុកម្ម​ដោយ​សុវត្ថិភាព។ ទាំងនេះ​សុទ្ធសឹង​ជា​សញ្ញាល្អៗដែល​បង្ហាញ​ពី​ការរីកលូតលាស់​នៃ​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពិត​ហើយ​ថា ចំណុច​វិជ្ជមាន​ទាំង​បីដូច​បានលើកឡើង​ខាងដើម​គឺជា​ផ្លែផ្កា​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​រយៈពេល២០ឆ្នាំ​នៅ​កម្ពុជា។ ប៉ុន្តែ ដើម្បី​ឲ្យ​ចំណុច​វិជ្ជមាន​ទាំងនេះ មាន​ស្ថិរភាព​និង​និរន្តរភាព វា​ទាល់តែ​វប្បធម៌​ប្រជាធិបតេយ្យ​ចាក់ឫស​នៅក្នុង​បេះដូង​របស់​ពលរដ្ឋ អាជ្ញាធរ និង​ជាពិសេស​គឺ​អ្នកនយោបាយ​តែម្តង។

ប៉ុន្តែ អ្វីដែល​គេ​អាច​កត់សម្គាល់​បាន​នៅពេលនេះ​គឺ ភាគច្រើន​វប្បធម៌​ប្រជាធិបតេយ្យ​បាន​ជ្រួតជ្រាប​ត្រឹម​បបូរមាត់​តែប៉ុណ្ណោះ តែ​នៅ​មិនទាន់​ចូលទៅ​ចាក់ឫស​ដល់​បេះដូង​នៅឡើយ​ទេ។ ហេតុដូច្នេះ​ហើយ​បានជា​អំពើហិង្សា​ងាយ​នឹង​កើតឡើង​គ្រប់ពេលវេលា។ម្យ៉ាងទៀត នៅ​រាល់ពេល​មាន​វិបត្តិ​នយោបាយ​កើតឡើង បញ្ហា​មិន​ងាយ​នឹង​ដោះស្រាយ​បានទេ​ដោយ​ភាគីនីមួយៗដណ្តើម​យកឈ្នះរៀងៗខ្លួន។ វិបត្តិ​នយោបាយ​ក្តៅគគុក​នៅពេលនេះ​ជា​ភស្តុតាង​យ៉ាងច្បាស់​ណាស់​ដែល​បញ្ជាក់ថា អ្នកនយោបាយ​ខ្មែរ​នៅ​មិនទាន់​ចាស់ទុំ​គ្រប់គ្រាន់​ក្នុង​ការរក​សេចក្តីសុខសាន្ត​ជូន​ប្រជាជន និង​ប្រទេសជាតិ​របស់ខ្លួន​នៅឡើយ​ទេ។

បាតុកម្មអហិង្សា​ជា​រឿង​ល្អ​មួយ​ហើយ ប៉ុន្តែ ប្រសិនបើ​អ្នកនយោបាយ​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​គោរព​ឆន្ទៈ​រាស្ត្រ​តាមរយៈ​ការបោះឆ្នោត​ដោយ​មិនចាំបាច់​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាត​ពេលវេលា​និង​ប្រាក់កាស​សម្រាប់ធ្វើ​បាតុកម្ម​នោះ ទើប​គេ​ហៅថា​ជា​នយោបាយឈ្នះ។ ដូច្នេះ ដើម្បី​ភាពសុខសាន្ត​នៃ​សង្គម​ខ្មែរ អ្នកនយោបាយ​គួរតែ​ព្យាយាម​បណ្តុះ​វប្បធម៌​ប្រជាធិបតេយ្យ​ក្នុង​ជម្រៅ​បេះដូង​របស់ខ្លួន​ជាជាង​ការបណ្តុះ​ត្រឹមតែ​លើ​បបូរមាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត