កូរ៉េខាងជើង ត្រៀម​បាញ់មីស៊ីលអន្តរទ្វីប ដើម្បីជាកាដូថ្ងៃឆ្នាំថ្មី ជូន​លោក ដូណាល់ ត្រាំ

សំឡេង ០៧:១៩
​ប្រជុំពេញអង្គនៃ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​ខាងជើង​ ​មាន​លោក គីម ជុនអ៊ុន ជាអធិបតី​ក្នុង​អង្គមេទ្ទីញ ថ្ងៃទី​២៨ធ្នូ។
​ប្រជុំពេញអង្គនៃ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​ខាងជើង​ ​មាន​លោក គីម ជុនអ៊ុន ជាអធិបតី​ក្នុង​អង្គមេទ្ទីញ ថ្ងៃទី​២៨ធ្នូ។ KCNA / REUTERS

កូរ៉េខាងជើង ​ប្រកាស​ថា​​នឹង​បាញ់​សាកល្បង​មីស៊ីល​«រយៈ​ចម្ងាយ​ឆ្ងាយ» ធ្វើ​ជា«អំណោយចុងឆ្នាំ» ដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។​ នេះ​បើតាមទីភ្នាក់​ងារ​កាសែត​ផ្លូវ​រដ្ឋ​កូរ៉េខាងជើង ដែល​ផ្សាយ​ពី​ថ្ងៃសៅរ៍​ ទី​២៨ធ្នូ​។​ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុង​នាម​ជា​អគ្គមគ្គទេសក៍យោធា​ បាន​​កោះប្រជុំមន្ត្រីក្រាក់ៗ​របស់​​បក្សពលករកូរ៉េខាងជើង​ ដើម្បីត្រៀមរៀបចំ បាញ់សាកល្បងមីស៊ីលអន្តរទ្វីប នៅថ្ងៃ​ឆ្លង​ឆ្នាំ​ និង​ដើម្បីពិនិត្យ​មើល​ពីកិច្ចការបក្ស​និង​ប្រទេស​ជាតិក្នុង​មួយ​ឆ្នាំមកហើយ​នេះ​ ហើយ​ព្រមទាំង​ដើម្បី​​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម ក្នុងការ​ចរចា​ជាមួយ​ជាអាមេរិក ពី​ព្រោះថា ឱសានវាទ​ ចរចា​ជួយ​អាមេរិក នឹងត្រូវ​ផុត​កំណត់​ត្រឹម​ដាច់​ឆ្នាំ​២០១៩​។

ផ្សាយពាណិជ្ជកម្ម

តើ​កិច្ចប្រ​ជុំ​កំពូល​ដឹកនាំ​ដោយ​លោក គីម ជុនអ៊ុន មាន​ដាក់​ផែនការ​សំខាន់​អ្វីខ្លះ​?

នេះគឺ​ជា​ការ​ប្រជុំ​ថ្នាក់​កំពូល ពេញអង្គនៃ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​ខាងជើង​ ហើយ​ក៏​ជា​ជំនួបកំពូល​ដ៏​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាល ទទួល​បន្ទុក​អភិវឌ្ឍ​គម្រោង​យោធា​កូរ៉េខាង​ជើង ដែល​មាន​លោក គីម ជុនអ៊ុន ជាអធិបតី​ក្នុង​អង្គមេទ្ទីញ។ ខ្លឹម​សារ​ចម្បងនិង​វិធីសាស្ត្រ​ការងារ​ថ្មី គេ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​លាស់​ទូលំទូលាយ​នៅឡើយទេ ព្រោះ​សន្និបាត​របស់​បក្សកុម្មុយនីស្ត​នេះ បិទទ្វារ​ជិត​ឈឹង​ គ្មាន​ច្រក​ណា​ឱ្យ​អ្នក​កាសែត​អន្តរជាតិ ជ្រៀតខ្លួន​​ចូល​បា​នសោះឡើយ។

ដំណឹង​និង​រូប​ថត​មួយ​ចំនួន​ស្តី​ពី​ការ​ប្រជុំ​ដែល​ទីភ្នាក់​កាសែត​អន្តរជាតិ​ទទួល​បាន គឺបាន​ត្រូវ​ទម្លាយ​ចេញ​ដោយ​ទីភ្នាក់ងារកាសែតផ្លូវរដ្ឋកូរ៉េខាងជើង KCNA។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ផ្លូវ​ការ​របស់​រដ្ឋ​នេះ គឺកិច្ចប្រជុំ​នេះផ្តោត​សំខាន់​លើ​ការ​កសាង​រដ្ឋ​និង​ការពារជាតិ ហើយ​​យើង​អាច​ដឹង​ចំណុច​សំខាន់​យ៉ាងហោច​ពីរ។ ទី១ គឺ​កូរ៉េ​ខាង​ជើង​​កំពុង​តែ​ពិនិត្យ​មើលពី​ជំហរ​របស់ខ្លួន និង​ហាក់​ដូច​ជា​ចង់​ផ្លាស់ប្តូរ​ឥរិយា​បថ​ខ្លះ​ ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ពីព្រោះថា ឱសានវាទ​ ក្នុង​ការ​​ជជែក​គ្នា​រក​កិច្ចព្រមព្រៀម​កូរ៉េខាងជើង​និងអាមេរិក គឺនឹង​ត្រូវ​ដាច់​ផុត​កំណាត់​ ត្រឹម​ដាច់​ឆ្នាំ​២០១៩​។

ចំណុ​ច​ទី២ ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង ចង់​ផ្ញើ​សារធំ​និង​សំខាន់​ សម្រាប់​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ថ្មី​ នោះគឺកូរ៉េខាងជើងត្រៀម​បាញ់​​មីស៊ីល​អន្តរទ្វីប​«រយៈ​ចម្ងាយ​ឆ្ងាយ» នៅ​ថ្ងៃទី​៣១ធ្នូ​​តែម្តង។ ​បើ​តាម​​ KCNA ​​មីស៊ីល​អន្តរទ្វីបនេះគឺចាត់​ទុក​ថា ជា​កាដូ​ឆ្នាំ​ថ្មី​ សម្រាប់​ជូន​លោក ដូណាល់ ត្រាំ។ ហើយ​បើ​កូរ៉េខាងជើងសាកល្បង​​បាញ់​​មីស៊ីល​អន្តរទ្វីប​«រយៈ​ចម្ងាយ​ឆ្ងាយ»ពិត​មែននោះ​ ​គឺ​នឹង​ច្បាស់​ជាចលាចល​ ផ្ទុះភាព​តាន​តឹង​ខ្លាំង​ជា​មិន​ខាន​ សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំថ្មី​​នេះ​។​

អាមេរិក​របស់​លោក ដូណាល់ ត្រាំ ហាក់​ដូច​ជា​មិន​សូវ​អើពើ​ខ្លាំងក្លា​ណាស់ណា​ទេ? ព្រោះថា នេះ​ក៏​មិនមែន​ជារឿង​ថ្មី​ដែរ

ចំពោះលោក​ប្រធានាធិបតី​អាមេរិក ភ្លាម​ៗក្រោយ​បាន​ទទួល​ដំណឹង លោក ដូណាល់ ត្រាំ បែរ​ជាឆ្លើយ​តប​បែប​រៀង​កំប្លែង​ទៀត​ផង ថា​លោក​សង្ឃឹមថា «កូរ៉េខាងជើង​នឹង​ធ្វើ​អំណោយ​ជូន​លោក ជាកាដូ​ណា​ស្លូតៗ សុភាពៗ ដូច​ជា​ ផ្កា​ ឬថូផ្កា​អី​ចឹង​មក ជាជាង​កាដូ​ដោយ​បាញ់​គ្រាប់​មីស៊ីល​អី​នោះ​»។ លោក ដូណាល់ ត្រាំ មាន​ប្រសាន៍​បែប​លេង​សើច​បែប​នេះ ខណៈពេល​លោក​កំពុង​ដើរ​ឃោសនា​នយោបាយ​ ពីរដ្ឋ​ Florida ប៉ែក​អាគ្នេយ៍​​នៃប្រទេស​។

បើ​តាម​អ្នក​វិភាគ​និង​អ្នក​ជំនាញកិច្ចការ​អន្តរជាតិ​​ មា​នជាអាទិ៍​អ្នក​ស្រាវជ្រាវ​របស់​កូរ៉េ​ខាង​ត្បូង លោក Hong Min ពី​វិទ្យាស្ថាន​សា្រវជ្រាវ​ការ​បង្រួប​បម្រួប​កូរ៉េ គឺ​កិច្ចប្រជុំ​ពេញ​អង្គ​របស់​កូរ៉េ​ខាង​ជើង​ អាច​នឹង​ពិនិត្យ​ជំហរ​របស់​រដ្ឋបាល​ក្រុង​ព្យុង​យ៉ាង​ ហើយ​អាច​មានផែន​​ការ​កែប្រែ​នយោបាយ​កម្រិត​ខ្លាំង​ណា​មួយ​ នៅក្នុង​ការ​ប្រឈម​មុខ​ចរចា​ជាមួយ​អាមេរិក ដែល​ហាក់​ដូច​ជា​មិន​បា​នផល​សោះ ក្នុង​ឆ្នាំ ២០១៩​។ សូម្បីតែជំនួប​កំពូលរវាង​លោក​ប្រធានាធីបតី​ទាំងពីរ​ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នៅ​ក្រុង​ហាណូយ ប្រទេសវៀតណាម​ កាលពីខែ​កុម្ភៈកន្លងទៅនេះ​​ ក៏​ត្រូវ​មជ្ឈដ្ឋាន​អន្តរជាតិ​​ចាត់​ទុកថា «ជា​ជំនួប​មួយ​បរាជ័យ​ គ្មាន​បាន​សាច់​ការ​អ្វីដែរ»​។​

ដូច្នេះ​ សួរ​ថា តើកូរ៉េង​ខាង​ជើង​នឹង​​ធ្វើ​«ការ​ផ្លាស់​ប្តូរ​នយោបាយ​កម្រិត​ខ្លាំង»​នេះ ផ្លាស់ប្តូរ​កម្រិតណា? ហើយ​ផ្លាស់យ៉ាង​ម៉េច​ទៅវិញ​?​ គឺ​គេ​នៅ​មិន​អាច​ស្ទង់​បា​នថា​កម្រិត​ណានោះឡើយ​។ ​អាច​ថា​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ ទៅ​កាន់តែ​កាច​ខ្លាំង ដើម្បី​ដាក់​សម្ពាធ​ ឬ​ក៏​បន្ទន់​មែនទែន រហូត​អាមេរិក​អាណិត​ទន់ចិត្ត ឬយ៉ាងណា​? គេ​មិន​ទាន់​ដឹង​ច្បាស់ហើយ​ ហើយ​កូរ៉េ​ខាងជើងខ្លួន​ឯង​​ ក៏​មិន​បញ្ជាក់​លម្អិត​ដែរ។​ គឺគ្រាន់តែ​ កាសែត​រដ្ឋ​ KCNA បាន​លើកសម្តីរបស់​​ប្រមុខ​រដ្ឋ​ គីម ជុនអ៊ុន ដែល​បញ្ជាក់​ដាច់​ណាត់ថា «ជំហរ​របស់​ប្រទេស​​កូរ៉េខាង​ជើង ក្រោម​ការ​ដឹកនាំ​របស់អគ្គមគ្គទេស​ក៍​​ដ៏ឆ្នើម​ គីម ជុងអ៊ុន គឺប្រកាន់​ តម្លាភាព ឯករាជ្យ និង​ប្រឆាំង​នឹង​ពួក​ចក្រពត្តិនិយម»។

វិបត្តិ​កូរ៉េខាងជើង​ ទំនង​ជា​មិន​អាច​ត្រូវ​ដោះស្រាយ​ចប់​រយៈ​ពេល​ខ្លី​នោះទេ។​ បញ្ហា​ចំពោះ​អ្នក​ដែលត្រូវ​រង​​ក្តី​វេទនា​រងគ្រោះ​នោះ គឺមិនមែន​ថ្នាក់​ដឹកនាំ​កូរ៉េខាងជើង ហើយ​ក៏​មិនមែន​អាមេរិក​ដែរ តែ​អ្ន​កដែល​លំបាក​ជាងគេ គឺ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ទៅវិញទេ​​ ដែលជាអ្នក​ទទួល​រង​ទណ្ឌកម្ម​​ ជះចំហាយ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​​របស់​ប្រទេសធំៗ​។

រឿង​លំបាក​វេទនា​របស់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​នេះ គឺ​កាលពីពេល​ថ្មីៗនេះ ប្រទេស​ចិន​និង​រុស្ស៊ី បាន​លូក​ដៃ​លូក​មាត់​ ស្នើ​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ បន្ធូរបន្ថយ​ទណ្ឌកម្ម​ ដើម្បី​ជាកិច្ចការ​សប្បុរសធម៌​ មនុស្ស​ធម៌ ជួយ​ដល់​ពលរដ្ឋ​កូរ៉េខាងជើង ដែល​កំពុង​រងក្តី​​វេទនា។ ក៏ប៉ុន្តែ ហាក់​មិន​បា​ន​ផល​ឡើយ។ ចំពោះ​ប្រទេស​ជប៉ុនជាសម្ព័ន្ធមិត្តអាមេរិក ហើយ​ជប៉ុន​ដែល​នៅ​ជិត​បង្កើយ​នឹង​​គ្រោះថ្នាក់​នៃ​គ្រាប់​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង គឺ​ រដ្ឋបាល​ក្រុង​តូក្យូ​​យល់ថា «វាហាក់​ដូច​ជា​ឆាប់​ពេក​ហើយ​ដែល​ត្រូវ​ដក​ទណ្ឌកម្ម​ពី​កូរ៉េខាងជើង​»។​

ជាការ​រម្លឹក​ ទណ្ឌកម្ម​ដែល​អង្គការ​សហប្រជាជាតិ បាន​​ដាក់​កម្រិត​លើប្រទេស​កុម្មុយនីស្ត​​កូរ៉េខាងជើងនោះ​​ គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ ខាង​វិស័យ​សេដ្ឋកិច្ច​និង​ការ​នាំ​ចេញ។ ពោលគឺ​ហាម​ឃាត់​ការទិញ​​ធ្យូងថ្ម, ដែក, រ៉ែលោហធាតុ​​ និង​ផលិតសម្លៀកបំពាក់​ ជាដើម​ ដែល​ផលិត​នៅ​​កូរ៉េខាង​ជើង។  ហើយ​ក៏​នៅ​មា​នដែរ​ ទណ្ឌកម្ម​ទៅលើ​ពល​ករ គឺ​«​វិធានការ​បញ្ចូន​ពលករ​កូរ៉េខាងជើង ឱ្យ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ» ដែល​ដាក់​ចេញ​ដោយសហរដ្ឋ​​អាមេរិក កាល​ពី​ឆ្នាំ​២០១៧ ​។

ដូច្នេះសម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋ​កុម្មុយនិស្ត​កូរ៉េខាងជើង, ប្រទេស​​និងពលរដ្ឋ​របស់ខ្លួន​ទ្រាំ​លំបាក​វេទនា​យូរមកហើយ បើ​ទ្រាំ​បន្តិចត​​ទៀត ក៏​វា​មិន​អីដែរ។​

ក្នុងក្រសែ​ភ្នែក​អ្នក​វិភាគស្ថានការណ៍​​មួយ​ចំនួន គេមើលឃើញថា ក្នុង​រយៈកាល​ខ្លី​និង​មធ្យម ប្រសិន​បើ​គ្មាន​ស្ថានការណ៍​ប្រែប្រួលអ្វី​​ខ្លាំងក្លានិងធំដុំទេ ស្ថានភាព​ឧបទ្វីប​កូរ៉េ​ គឺនឹងនៅតែ​បន្ត​«ម្តង​ក្តៅ​ម្តង​ត្រជាក់»​តែ​ប៉ុណ្ណឹង​អ៊ីចឹងតទៅទៀត​។​ ពីព្រោះថា​ ចិន​និងរុស្ស៊ី ជាបងធំ​របស់កូរ៉េខាងជើង​ នៅតែ​មិន​ចង់​ឃើញ​កូរ៉េខាងជើង​ដួល​រលំឡើយ​។ អាមេរិក​ គឺនៅតែ​បន្ត​គំរាមស្តីបន្ទោស​​កូរ៉េខាងជើង, ​កូរ៉េខាង​ជើង ខ្លួន​ឯង អាច​​នឹងតែបន្ត​ឌឺដងដាក់​ផ្លែផ្កាឱ្យ​​អាមេរិកនិង​​ប្រទេស​ក្នុង​តំបន់​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដៃជើង​របស់​អាមេរិក​​។ ស្ថានភាព​ថេរតែបែប​នេះ​ នឹង​នៅតែកើត​មាន​តទៅទៀត សម្រាប់​ឆ្នាំថ្មី ប្រសិន​បើ​ ភាគី​កូរ៉េខាងជើង​និងអាមេរិក មិន​ធ្វើអ្វីខ្លាំង​ដៃជ្រុល​ហួស​ហេតុ​តែ​​រៀងៗខ្លួន ​នោះទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI