កូរ៉េខាងជើង

របប​ក្រុង​ព្យុងយ៉ាង​ប្តេជ្ញា​រួបរួមគ្នា​ជា​ធ្លុងមួយ ដើម្បី​ការពារ និង​គំាទ្រ​អគ្គមគ្គុទ្ទេសក៍​ថ្មី

អគ្គមគ្គុទ្ទេសក៍ថ្មី​កូរ៉េខាងជើង គីម យ៉ុងអ៊ុន
អគ្គមគ្គុទ្ទេសក៍ថ្មី​កូរ៉េខាងជើង គីម យ៉ុងអ៊ុន REUTERS

នៅ​ថ្ងៃ​អាទិត្យ ទី១ មករា ឆ្នំា ២០១២​នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​អំពាវនាវ​ប្រជាជន​កូរ៉េខាងជើង​គ្រប់​ជាន់ថ្នាក់​ឲ្យ​រួបរួម​គ្នា​ការពារ​អគ្គមគ្គុទ្ទេសក៍​ថ្មី គីម យ៉ុងអ៊ុន។ យោង​តាម​បទវិចារណកថា​ផ្លូវការ​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ កូរ៉េខាងជើង​បាន​កំណត់​ខ្សែបន្ទាត់​នយោបាយ​សម្រាប់​ឆ្នំា ២០១២ ដែល​ផ្តល់​អាទិភាព​ទៅ​លើ​ការ​ធានា​ឲ្យ​ការ​ផ្ទេរ​អំណាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ផ្សាយពាណិជ្ជកម្ម

« គណបក្ស​ទំាង​មូល កងទ័ព​ទំាង​អស់ និង​ប្រជាជន​នៅ​ទូទំាង​ប្រទេស​ត្រូវ​តែ​មាន​ជំនឿ​ស៊ប់​​លើ​អគ្គមគ្គុទ្ទេសក៍​ថ្មី គីម យ៉ុងអុន និង​ជួយ​ការពារ​គំាទ្រ​រូប​លោក​រហូត​ដល់​ថ្ងៃ​ស្លាប់ » នេះ​ជា​ឃ្លា​ដែល​មាន​សរសេរ​នៅ​ក្នុង​បទវិចារណកថា​មួយ​នៃ​កាសែត​ផ្លូវការ​របស់​គណបក្ស​កុម្មុយនិស្ត​កាន់​អំណាច​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ។ យោង​តាម​បទវិចារណកថា​ដដែល ទីក្រុង​ព្យុងយ៉ាង​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា អាទិភាព​របស់​ខ្លួន​សម្រាប់​ឆ្នំា​ថ្មី ឆ្នំា ២០១២ គឺ​ការ​បន្ត​រក្សា​ស្ថានភាព​ចាស់​ដដែល​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​អនុវត្ត​នៅ​ក្នុង​ជំនាន់​អគ្គមគ្គុទ្ទេសក៍ គីម យ៉ុងអ៊ីល។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក និង​មួយ​ថ្ងៃ ក្រោយ​ពី​លោក គីម យ៉ុងអ៊ុន​ត្រូវ​បាន​តែងតំាង​ជា​អគ្គមគ្គុទ្ទេសក៍​ថ្មី​ដ៏​មហិមា​ជំនួស​កន្លែង​ឪពុក​មក របប​ក្រុង​ព្យុងយ៉ាង​បាន​ចេញ​មុខ​ប្រកាស​ព្រមាន​ប្រាប់​ពិភពលោក​ជា​មុន​ថា ជាមួយ​លោក គីម យ៉ុងអ៊ុន កូរ៉េខាងជើង​នឹង​មិន​ផ្លាស់ប្តូរ​នយោបាយ​ទេ និង​ក៏​គ្មាន​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បច្ចុប្បន្ន​ដែរ។ ម្យ៉ាង​ទៀត ទីក្រុង​ព្យុងយ៉ាង​បាន​សន្យា​នឹង​ពង្រឹង​កម្លំាង​ទ័ព និង​អំពាវនាវ​អាមេរិក​ឲ្យ​ដក​ទ័ព​របស់​ខ្លួន​ទំាង ២៨ ៥០០នាក់​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត។ ប៉ុន្តែ​ជា​មួយ​គ្នា​នេះ កូរ៉េខាងជើង​ក៏​បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ដទៃ​ដែល​គោរព​បូរណភាព​ទឹកដី​របស់​ខ្លួន។

អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ខ្សែបន្ទាត់​នយោបាយ​សម្រាប់​ឆ្នំា ២០១២ នោះ គឺ​ការ​ពង្រឹង និង​បង្កើន​តួនាទី​របស់​គណបក្ស​កុម្មុយនិស្ត​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នៅ​ក្នុង​ជំនាន់​លោក គីម យ៉ុងអ៊ីល។ លោក គីម យ៉ុងអ៊ីល​ដែល​គិត​តែ​ពី​ពង្រឹង និង​បង្កើន​តួនាទី​របស់​កងទ័ព។ ការ​កត់​សម្គាល់​មួយ​ទៀត គឺ​ខ្សែ​បន្ទាត់​នយោបាយ​សម្រាប់​ឆ្នំា ២០១២ មិន​បាន​លើក​យក​មក​និយាយ​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ។ គឺ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ទទួល​រង​ទ័ណ្ឌកម្ម​អន្តរជាតិ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ត្រង់​ចំណុច​នេះ ទីក្រុង​ព្យុងយ៉ាង​មិន​ឈឺក្បាល​ទេ និង​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​ប្រយុទ្ធប្រឆំាង​នឹង​ការ​លួច​ជ្រាប​ចូល​ផ្នែក​មនោគមវិជ្ជា និង​វប្បធម៌​ពី​សំណាក់​ពួក​ចក្រពត្តិ។

សម្រាប់​ឆ្នំា​ថ្មី ឆ្នំា ២០១២ ដែល​ជា​ឆ្នំា​គម្រប់ ១០០ឆ្នំា​នៃ​កំណើត​អតីត​អគ្គមគ្គុទ្ទេសក៍ គីម អ៊ីលស៊ុង ត្រូវ​ជា​ឪពុក​លោក គីម យ៉ុងអ៊ីល និង​ជីតា​លោក គីម យ៉ុងអ៊ុន កូរ៉េខាងជើង​បាន​ប្តេជ្ញាចិត្ត​ក្លាយ​ជា​ប្រទេស​មហាអំណាច និង​សម្បូរណ៌រុងរឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI