កូរ៉េខាងជើង៖ សេអ៊ូលនឹងក្លាយជាសមុទ្រភ្លើង បើសិននៅបន្តធ្វើសង្រ្គាមចិត្តសាស្រ្ត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុងសេអ៊ូលបានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ ទី ៣ មីនានេះថា ខ្លួននឹងមិនអន្តរាគមន៍ហាមឃាត់សកម្មភាពបង្ហោះខិត្តប័ណ្ណស្តីពីការបះបោរនៅពិភពអារ៉ាប់ ទៅកាន់កូរ៉េខាងជើងទេ។ ការបង្ហោះគោមដែលគ្រោងនឹងរៀបចំ នៅដើមសប្តាហ៍ក្រោយ ដោយក្រុមសកម្មជនដែលធ្វើការ ដើម្បីសេរីភាពកូរ៉េខាងជើង។
ក្រុងព្យុងយ៉ាងខឹងក្រពុល ព្រោះក្រុងសេអ៊ូលមិនព្រមចេញបញ្ជាហាមឃាត់ក្រុមសកម្មជនដែលមានគម្រោងបង្ហោះគោមឃោសនាពីបដិវត្តន៍ផ្កាម្លិះទៅកាន់កូរ៉េខាងជើង។ នៅថ្ងៃចន្ទ ឬអង្គារសប្តាហ៍ក្រោយ មនុស្សមួយក្រុមនៅកូរ៉េខាងត្បូង ដែលមានឈ្មោះថា សកម្មជនដើម្បីសេរីភាពកូរ៉េខាងជើង មានបំណងបង្ហោះគោម ផ្ទុកទៅដោយក្រដាសផ្សព្វផ្សាយ DVD USB ដែលនិយាយជូនដំណឹង ពីបដិវត្តន៍ កំពុងពុះកញ្ជ្រោល នៅពិភពអារ៉ាប់ និងនៅអាហ្រ្វិក។ ក្នុងខិត្តប័ណ្ណ គេបានអំពាវនាវឲ្យប្រជាជនកូរ៉េខាងជើង ធ្វើការបះបោរប្រឆាំងមេដឹកនាំបក្សកុម្មុយនិស្ត ដូចនៅអេហ្ស៊ីប និងនៅទុយនីស៊ី។
អ្នកនាំពាក្យរបស់ក្រសួងទទួលបន្ទុកការបង្រួបបង្រួមកូរ៉េទាំងពីរ បាននិយាយថា គ្មានហេតុផលអ្វីដែលរដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវហាមឃាត់សកម្មភាពបង្ហោះគោមរបស់សកម្មជនទាំងនោះទេ ព្រោះDVD USBជាសម្ភារៈដែលសាលារៀន នៅកូរ៉េខាងជើងខ្វះខាត និងត្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ ក្នុងការសិក្សា។
កាលពីសប្តាហ៍មុន គឺកងទ័ពកូរ៉េខាងត្បូងផ្ទាល់តែម្តងដែលបានបង្ហោះគោម ដែលផ្ទុកទៅដោយខិត្តប័ណ្ណជិត ៣លានសន្លឹក ទៅក្នុងដែនអាកាសរបស់កូរ៉េខាងជើង។ ខិត្តប័ណ្ណទាំងនោះបង្ហាញប្រាប់ប្រជាជនកូរ៉េខាងជើងពីមេអំណាចផ្តាច់ការនានាដែលកំពុងដួលរលំជាបន្តបន្ទាប់ នៅអាហ្វ្រិកខាងជើង និងនៅអេហ្ស៊ីប។ លើកនេះទៀត ខិត្តប័ណ្ណ មាននិយាយបកអាក្រាតពីភាពមានបាន និងការចាយលុយខ្ជះខ្ជាយរបស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង នៅក្នុងពេលដែលប្រជាជនកូរ៉េខាងជើងកំពុងជួបគ្រោះអត់ឃ្លាន។ ឧទាហរណ៍ ខ្សែវិដេអូរមួយចំនួនបានបង្ហាញពីដំណើរទេសចរណ៍ ដើរចាយលុយរបស់កូនប្រុសលោកគីម ជុងអ៊ីលនៅក្នុង ប្រទេសសិង្ហបុរី។ តាំងពីការបង្ហោះគោមឃោសនាលើកមុនម្ល៉េះ របបកុម្មុយនិស្តព្យុងយ៉ាងបានគំរាមឲ្យកូរ៉េខាងត្បូងបញ្ឈប់ធ្វើសង្រ្គាមចិត្តសាស្រ្តរបស់ខ្លួន។
កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងគំរាមទុកមុនថា ខ្លួននឹងវាយប្រហារទៅលើភូមិដែលគេបង្ហោះគោម។ កូរ៉េខាងជើង ចាត់ទុក រាល់ទង្វើទាំងនេះ ថា ជាទង្វើញុះញង់បង្ក សង្រ្គាមរបស់កូរ៉េខាងត្បូង និងសន្យាធ្វើការវាយបកចាស់ដៃ នោះគឺធ្វើឲ្យទីក្រុងសេអ៊ូលក្លាយជាសមុទ្រភ្លើងមួយ។ ក្នុងកាលៈទេសៈនេះ ការវាយប្រហារពីកូរ៉េខាងជើងអាចនឹងកើតមានគ្រប់ពេលវេលា។
កាលពីខែ តុលាឆ្នាំមុន អាជ្ញាធរកូរ៉េខាងជើងបានព្រមានប្រាប់ទៅកូរ៉េខាងត្បូងឲ្យឈប់ តំរង់ទិសមីក្រូ ទៅខាងកូរ៉េខាងជើង ព្រោះមីក្រូផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យ និងការចម្រើនអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកូរ៉េខាងត្បូង។ ក្រោយការគំរាមរបស់កូរ៉េខាងជើងតែមួយខែ គឺនៅខែវិច្ឆិកាឆ្នាំ ២០១០ កូរ៉េខាងជើងបានបាញ់ទៅលើកោះ យ៉ុងព្យុន របស់ កូរ៉េខាងត្បូង រហូតសម្លាប់មនុស្ស៤នាក់ ដែលមានពីរនាក់ជាទាហាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ