មន្ត្រីរដ្ឋាភិបាលកូរ៉េទាំងពីរជួបគ្នាដើម្បីរៀបចំវេទិកាចរចាសំរាប់មេដឹកនាំរបស់ពួកគេ
ចុះផ្សាយនៅថ្ងៃ៖
មន្ត្រីរដ្ឋាភិបាលនៃបងប្អូនកូរ៉េ ទាំងពីរបានជួបគ្នាហើយ នៅព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងភូមិ ប៉ានមុនជុំ ជាប់ព្រំដែននៃប្រទេសទាំងពីរ។ មន្ត្រីទាំងពីរត្រូវជួបគ្នា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសម្រាប់ការចរចាថ្នាក់ខ្ពស់នៃប្រទេសទាំងពីរនៅពេលខាងមុខ។ គួរបញ្ជាក់ថា ការជួបចរចាគ្នារវាងបងប្អូនសត្រូវទាំងពីរបានកើតមានឡើង បន្ទាប់ពីមេដឹកនាំប្រទេសមហាអំណាចអាមេរិក និងចិនបានព្រមព្រៀងគ្នា លើការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
មានមន្ត្រីរដ្ឋាភិបាល៣រូបរបស់កូរ៉េខាងជើង និង៣រូបទៀតរបស់កូរ៉េត្បូង។ ពួកគេបានជួបគ្នានៅម៉ោង ១០ព្រឹកថ្ងៃអាទិត្យទី ៩ មិថុនា នៅក្នុងភូមិ ប៉ានមុនជុំ ជាភូមិជាប់ព្រំដែននៃប្រទេសសត្រូវបងប្អូនទាំងពីរ។ ភូមិនេះក៏ធ្លាប់ជាកន្លែងដែលមេដឹកនាំកូរ៉េទាំងពីរបានចុះហត្ថលេខាបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរផងដែរ ក្នុងទសវត្សរ៍ឆ្នាំ៥០។
មន្ត្រីរដ្ឋាភិបាលកូរ៉េទាំងពីរបានជួបពិភាក្សាអំពីការត្រៀមរៀបចំជំនួបជាន់ខ្ពស់រវាងមេដឹកនាំនៃប្រទេសបងប្អូនទាំងពីរ។ មេដឹកនាំកូរ៉េទាំងពីនឹងជជែកផ្តោត ជាសំខាន់ទៅលើការបង្កើតឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រួមទាំងការបើកឡើងវិញតំបន់ឧស្សាហកម្មកៃស៊ុងផងដែរ។ តំបន់ឧស្សាហកម្មនេះដែលស្ថិតនៅលើទឹកដីកូរ៉េខាងជើងត្រូវបានទីក្រុងព្យុងយ៉ាងសម្រេចបិទទ្វារ កាលពីខែមេសាកន្លងទៅ។
ស្ថានភាពធូស្រាលរវាងបងប្អូនកូរ៉េទាំងពីរនៅពេលនេះ កើតឡើងទន្ទឹមគ្នានឹងជំនួបកំពូលរវាងប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ ប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងពីរដែល លើកនេះបានជួបគ្នាក្នុងលក្ខណៈសាមញ្ញបំផុតនោះ បានព្រមព្រៀងគ្នាលើការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ចិនដែលជាសម្ព័ន្ធមិត្តដ៏មានទំងន់លើរបបព្យុងយ៉ាងនោះ ចុងក្រោយនេះបានបង្ហាញជំហរមិនគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកំពុងដឹកនាំដោយមេដឹកនាំវ័យក្មេង គឹម ជុងអ៊ុនឡើយ។
ការបន្ទន់ឥរិយាបទរបស់កូរ៉េខាងជើងដែលបានព្រមព្រៀងជួបគ្នាជាមួយកូរ៉េខាងត្បូងនៅពេលនេះ ត្រូវបានស្វាគមន៍ដោយកូរ៉េខាងត្បូង។ ប៉ុន្តែក្រុមអ្នកវិភាគមួយចំនួននៅតែមិនទាន់ទុកចិត្តទាំងស្រុងទៅលើកូរ៉េខាងជើងនៅឡើយ។
ក្រុមអ្នកវិភាគនិយាយថា ការបន្ទន់ឥរិយាបទរបស់កូរ៉េខាងជើងនេះ គឺជាអត្តចរិតការទូតរបស់របបព្យុងយ៉ាងដែលចង់អោយកូរ៉េខាងត្បូងដោះស្រាយបញ្ហានានាដែលខ្លួនឯង គឺកូរ៉េខាងជើងជាអ្នកបង្កើតឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ