កូរ៉េខាងជើងលើកថ្ងៃបាញ់បង្ហោះមីស៊ីល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃអាទិត្យទី ៩ធ្នូ ទីក្រុងព្យុងយ៉ាងបានប្រកាសលើកថ្ងៃបាញ់បង្ហោះរ៉ុកកែតផ្ទុកផ្កាយរណបរបស់ខ្លួន ដែលត្រូវគ្រោងធ្វើនៅចន្លោះ ថ្ងៃទី ១២ និងថ្ងៃទី ២០ធ្នូខាងមុខ។ តាមអ្នកវិទ្យាសាស្រ្តកូរ៉េខាងជើង បញ្ហាបច្ចេកទេស ជាមូលហេតុដែលធ្វើឲ្យគេលើកថ្ងៃបាញ់បង្ហោះមីស៊ីល។
អ្នកជំនាញបរទេសដែលតាមដានជាប់ស្អិតកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងជឿថា ការលើកថ្ងៃបាញ់បង្ហោះមីស៊ីលពិតជាអាចមកពីបញ្ហាបច្ចេកទេស ប៉ុន្តែ មិនមែនបណ្តាលមកពីគំនាបរបស់សហគមន៍អន្តរជាតិទេ។ បើតាមអ្នកវិភាគរបស់វិទ្យាស្ថានដើម្បីសន្តិភាព នៃសកលវិទ្យាល័យកូរ៉េខាងត្បូង បើសិនជាកូរ៉េខាងជើងចង់បន្ទន់ជំហររបស់ខ្លួន នៅចំពោះមុខសហគមន៍អន្តរជាតិ នោះ គឺរដ្ឋអំណាចកូរ៉េខាងជើង តាមរយៈគណបក្ស ឬកងទ័ពដែលជាអ្នកប្រកាសដំណឹងលើកថ្ងៃ។ ប៉ុន្តែ ការពិតជាក់ស្តែង អ្នកដែលប្រកាសដំណឹង នៅថ្ងៃអាទិត្យនេះ គឺក្រុមអ្នកវិទ្យាសាស្រ្ត មកពីគណៈកម្មាការដើម្បីវិទ្យាសាស្រ្តអវកាសកូរ៉េខាងជើង។ ចំណុចនេះធ្វើឲ្យគេជឿថា ការយឺតយ៉ាវពិតជាមានមែន ហើយវាពិតជាបណ្តាលមកពីបញ្ហាបច្ចេកទេស ឬក៏អាកាសធាតុ។
អ្នកវិទ្យាសាស្រ្តកូរ៉េខាងជើងបានត្រឹមនិយាយពីបញ្ហាបច្ចេកទេសដែលជាមូលហេតុធ្វើឲ្យគេលើកថ្ងៃបាញ់បង្ហោះ ប៉ុន្តែ មិនបានលម្អិតព័ត៌មានច្រើនទេ។ កាលពីថ្ងៃសុក្រ ម្សិលម្ង៉ៃ អាមេរិក និងកូរ៉េខាងត្បូងបានកត់សំគាល់ឃើញមានការយឺតយ៉ាវក្នុងគម្រោងបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចបណ្តាលមកពីការធា្លក់ទឹកកកខ្លាំងពេក នៅកន្លែងដំឡើងមីស៊ីល។
សម្រាប់សាស្ត្រាចារ្យYang Moo Jinnមកពីសកលវិទ្យាល័យដើម្បីសិក្សាពីកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងប្រញាប់រួសរាន់ចង់បាញ់មីស៊ីលលឿនពេក ក្នុងខណៈពេលដែលអ្នកវិទ្យាសាស្រ្តនៅមិនទាន់ត្រៀមខ្លួន។ កូរ៉េខាងជើងគ្រោងនឹងបាញ់បង្ហោះរ៉ុកកែត នៅពាក់កណ្តាលខែធ្នូនេះ គឺឲ្យចំថ្ងៃទី ១៧ធ្នូ ថ្ងៃ បុណ្យខួបមួយឆ្នាំនៃមរណភាពរបស់លោកគីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន។
នៅថ្ងៃបុណ្យពិសេស ថ្នាក់ដឹកនាំកូរ៉េខាងជើងចង់បង្ហាញដល់ប្រជាជនរបស់ខ្លួន និងពិភពលោកទាំងមូល ពីសមត្ថភាពជឿនលឿនរបស់កូរ៉េខាងជើង នៅក្នុងវិស័យបច្ចេកវិទ្យា។ ម្យ៉ាងទៀត របបកុម្មុយនិស្តជឿថា ការបាញ់សាកល្បងមីស៊ីលបានសម្រេចជោគជ័យ នឹងធ្វើឲ្យប្រជាជនកូរ៉េខាងជើង រួមគ្នាមកគាំទ្រមេដឹកនាំវ័យក្មេង។
សូមរំលឹកថា កាលពីខែមេសាកន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយ ដោយផ្គើននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែ ការបាញ់សាកល្បងបានទទួលបរាជ័យ ដោយមីស៊ីលបានឆេះធ្លាក់ទៅក្នុងទឹកសមុទ្រ បន្ទាប់ពីហោះបាន៥នាទី។ នៅចុងសប្តាហ៍នេះ វិញ អាមេរិក និងជប៉ុនបានប្រកាសហើយថា ពួកគេនឹងត្រៀមទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ចេញទណ្ឌកម្មថ្មីៗបន្ថែមទៀត លើកូរ៉េខាងជើង ក្នុងករណីទីក្រុងព្យុងយ៉ាងនៅតែរឹងរូស ចង់បាញ់មីស៊ីលរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ