កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ជើង​បដិសេធ​ព័ត៌មាន​ស្តីពី​គម្រោង​ធ្វើ​កំណែទម្រង់​នយោបាយ

លោក​គីម ជុងអ៊ុន ក្នុង​អំឡុង​សន្និបាត​បក្ស កាល​ពីខែ​មេសា ២០១២
លោក​គីម ជុងអ៊ុន ក្នុង​អំឡុង​សន្និបាត​បក្ស កាល​ពីខែ​មេសា ២០១២ REUTERS/KCNA

កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ កូរ៉េ​ខាង​ជើង​បាន​​បដិសេធ​ព័ត៌មាន​​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង ដែល​ថា កូរ៉េ​ខាងជើង​គ្រោង​ធ្វើ​កំណែទម្រង់​សំខាន់ៗ​មួយ​ចំនួន។ មន្រ្តី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​បាន​​ប្រាប់​ទៅ​​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ថា កុំ​​ស្រមើស្រមៃ​ឲ្យសោះ​​ថា ​ក្រោម​ការ​ដឹកនាំ​របស់​​លោក​គីម ជុងអ៊ុន កូរ៉េ​ខាងជើង​នឹង​មាន​ការ​​ផ្លាស់ប្តូរ​នយោបាយ​អ្វី​ណាមួយ​នោះ។

ផ្សាយពាណិជ្ជកម្ម

ការរំពឹង​ថា​នឹង​មាន​កំណែទម្រង់​ធំៗ​នៅកូរ៉េ​ខាងជើង​បាន​កើតមាន​ឡើង នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ ជាពិសេស នៅ​ក្រោយ​ពេល​ដែល​គេឃើញ​មានការ​ផ្លាស់ប្តូរ​មេទ័ព​កំពូលៗ​ និង​ការ​បើក​បង្ហាញ​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​គីម ជុងអ៊ុន។

ថ្មីៗនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​បាន​ប្រកាស​​ឲ្យដឹងជាសាធារណៈ​ថា ស្រ្តី​អាថ៌កំបាំង ដែល​គេ​តែងតែ​ឃើញ​នៅ​ក្បែរ​លោក​គីម ជុងអ៊ុន គឺ​ជា​ភរិយា​របស់​គាត់។ ការ​ប្រកាស​បង្ហាញ​ជាសាធារណៈ​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង​បែបនេះ គឺ​ជា​រឿង​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ​ កាល​ពី​ក្នុង​ជំនាន់​ឪពុក និង​ជីតា​របស់​លោក​គីម ជុងអ៊ុន នៅ​កាន់​អំណាច។ ដូច្នេះ​ហើយ​បាន​ជាធ្វើ​ឲ្យ​គេ​គិត​ថា លោក​គីម ជុងអ៊ុន ដែល​ទទួល​ការ​អប់រំ​នៅ​ប្រទេស​ស្វ៊ីស គឺ​ជា​មេដឹកនាំ​ជំនាន់​ថ្មី មាន​គំនិត​បើក​ចំហ ហើយ​​​មិន​ប្រកាន់​គំនិត​អភិរក្ស​និយម​ដូច​ឪពុក និង​ជីតា​របស់​គាត់។

ម្យ៉ាងទៀត គេ​គិត​ថា ការ​ផ្លាស់ប្តូរ​តំណែង​មេទ័ព​ចាស់ៗ​សល់​ពី​សម័យមុន គឺ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង ដើម្បី​ឲ្យ​លោក​គីម ជុងអ៊ុន​ ពង្រឹងអំណាច​ ហើយ​ឈាន​ទៅ​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ។

ក៏ប៉ុន្តែ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​​ប្រកាស​ថា ការ​រំពឹង​អំពី​ការ​ធ្វើ​កំណែទម្រង់​នៅ​កូរ៉េ​ខាងជើង គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​របស់​កូរ៉េ​ខាង​ត្បូង​តែ​ប៉ុណ្ណោះ។ លោក​គីម ជុង​អ៊ុន នឹង​នៅ​បន្ត​អនុវត្ត​នយោបាយ​របស់​ឪពុក និង​ជីតា​របស់​គាត់ គឺ​នយោបាយ​យក​កងទ័ព​ជាធំ ដោយ​គ្មាន​ផ្លាស់ប្តូរ​អ្វីនោះទេ។ អ្នកណា​ដែល​រង់ចាំ​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅកូរ៉េ​ខាងជើង គឺ​ដូចជា​រង់ចាំ​ព្រះអាទិត្យ​រះ​ពី​ទិស​ខាង​លិច​អ៊ីចឹង​ដែរ។

ក្នុងពេល​ជាមួយគ្នា គណៈកម្មការ​ការពារជាតិ​កូរ៉េ​ខាងជើង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ព្រមាន​​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​ប៉ុនប៉ង​បំផ្លាញ​រូបសំណាក​លោក​គីម អ៊ីលស៊ុង និង​លោក​​គីម ជុងអ៊ីល នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។ សេចក្តីថ្លែងការណ៍​នេះ​បាន​ព្រមាន​ថា ទង្វើ​បែបនេះ​ គឺ​មានន័យ​ស្មើ​នឹង​ការ​ប្រកាស​សង្រ្គាម ហើយ​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​វាយតទល់​នឹង​សព្វាវុធ​ទំនើបៗ​របស់​អាមេរិក។

គួររំឭកថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ដើមខែ​នេះ កូរ៉េ​ខាងជើង​បាន​​​បង្ហាញ​មុខ​មនុស្ស​ម្នាក់ ដែល​បាន​អះអាង​ថា ខ្លួន​ត្រូវ​បាន​ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ត្បូង​ជួល​ឲ្យ​មក​ដាក់​គ្រាប់បែក​បំផ្លាញ​រូបសំណាក់​អតីត​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI