កូរ៉េខាងជើងទន្ទេញមេរៀនព្រមានធ្វើសង្គ្រាម ដដែលៗ ប្រឆាំងអាមេរិក
នៅថ្ងៃសៅរ៍ទី១២តុលានេះ របបកុម្មុយនិស្តកូរ៉េខាងជើង បានអំពាវនាវជាថ្មីម្តងទៀត ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់ ការធ្វើសមយុទ្ទ និងការបង្ខំឱ្យព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរជាថ្នូរនឹងការចរចាទ្វេភាគី។ ជាសេចក្តីថ្លែងការណ៍ព័ត៌មានដែលអម ដោយពាក្យព្រមាន ដូចទម្លាប់ ថានឹងអាចមានគ្រោះផ្ទុះសង្គ្រាមទូទៅ នៅឧបទ្វីបកូរ៉េផង។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងអត្ថន័យព្រមាន ចង់វាយប្រហារសហរដ្ឋអាមេរិក សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការការពារជាតិដែលជាស្ថាប័នកំពូលដឹកនាំដោយលោក គីម ជុងអ៊ុន បានទាមទារឱ្យវ៉ាស៊ីនតោនបញ្ឈប់រាល់សកម្មភាពស្អប់ខ្ពើមកូរ៉េខាងជើង ប្រសិនបើចង់ឃើញសន្តិភាពមានជានិរន្តក្នុងឧបទ្វីបកូរ៉េ និងលើទឹកដីអាមេរិក។ “អាមេរិកត្រូវដឹងថាកូរ៉េខាងជើងតែងសងសឹកដោយការវាយប្រហារតបនឹងសកម្មភាពផ្គើនបង្កហេតុ ដែលនៅទីបំផុតនឹងរាលដាលជាសង្គ្រាមទូទៅជាមួយអាមេរិក" ! នេះជាសម្តីរបស់ អ្នកនាំពាក្យគណៈកម្មាការយោធាជាតិ ចុះផ្សាយក្នុងសារព័ត៌មានផ្លូវការ កូរ៉េខាងជើង។
ម្យ៉ាងវិញទៀត ព្យុងយ៉ាងក៏ឆ្លៀតរិះគន់ លក្ខខណ្ឌរបស់អាមេរិក ដាក់បង្ខំឱ្យកូរ៉េខាងជើងឱ្យបង្ហាញចេតនាពិតបោះបង់កម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការបើកកិច្ចចរចាទ្វេភាគីថា ជាការម៉ាក់ងាយដែលមិនអាចអនុគ្រោះបានទេ។
ប្រតិកម្មរបស់ព្យុងយ៉ាងម្សិលមិញនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានធ្វើសមយុទ្ធរួមគ្នាពីរថ្ងៃ (ព្រហស្បតិ៍និងសុក្រ) នៅតាមបណ្តោយឆ្នេរសមុទ្ទខាងត្បូងឧបទ្វីបកូរ៉េ ដោយមានទាំងនាវាចម្បាំងនុយក្លេអ៊ែរអាមេរិកចូលរួមផង និងបន្ទាប់ពី លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង បាក់ គុនហឺ បានចាត់ទុកអ្នកជិតខាងកូរ៉េខាងជើងថាជាអ្នកគំរាមកំហែងស្ថិរភាពនិងសន្តិភាពប្រចាំតំបន់ និងមិនត្រូវការឃើញប្រទេសមួយនេះមានអាវុធនុយក្លេអ៊ែរឡើយ។
តាមការពិត ព្យុងយ៉ាងធ្លាប់បាននិយាយដដែលៗ រាប់សិបឆ្នាំមកហើយ ចង់រំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែការអភិវឌ្ឍន៍កម្មវិធីនេះ ក៏ព្រោះតែចង់ទប់ទល់នឹងអាមេរិកព្រោះតែងបានបញ្ជូននាវានុយក្លេអ៊ែរជាញឹកញយមកឧបទ្វីបកូរ៉េតែប៉ុណ្ណោះ។ កាលពីខែកុម្ភៈកន្លងទៅ ព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរក្រោមដីដោយជោគជ័យ ល្មើសនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងបានធ្វើឱ្យឧបទ្វីបកូរ៉េជួបភាពតានតឹង ស្ទើរធ្លាក់ក្នុងជ្រោះវិបត្តិយោធាផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ