កូរ៉េខាងជើង

កូរ៉េ​ខាង​ជើង​បង្ហាញ​ឲ្យគេ​ឃើញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មី

បណ្ឌិត Siegfried Hecker អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ ដែល​បាន​ទៅ​ឃើញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង
បណ្ឌិត Siegfried Hecker អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ ដែល​បាន​ទៅ​ឃើញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ©AFP / Stephen Jaffe

រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​អនុញ្ញាត​ឲ្យ​ អ្នកវិទ្យាសាស្រ្ត​អាមេរិក​ជំនាញ​ខាង​នុយក្លេអ៊ែរ​ចូល​ទៅមើល​មជ្ឈមណ្ឌល​ នុយក្លេអ៊ែរ​ទំនើប​មួយ ដែល​ទើប​តែ​សាងសង់ហើយ។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មីនេះ​​អាច​ជា​ផ្លូវមួយ​ទៀត​ឲ្យ​កូរ៉េ​ខាងជើង​​ ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ តាមរយៈ​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម។ ទោះជាយ៉ាងណា​ក្តី អាមេរិក​នៅតែ​បង្ហាញ​ជំហរ​ចង់ចរចា​ជាមួយ​កូរ៉េ​ខាងជើង។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

កូរ៉េ​ខាងជើង​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​ នុយក្លេអ៊ែរ​មួយ​កន្លែង និង​មជ្ឈមណ្ឌល​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ (Uranium) មួយ សាងសង់​ដោយ​ប្រើ​បច្ចេកវិទ្យា​ដ៏ទំនើប។

កន្លងមក កូរ៉េ​ខាងជើង​ធ្លាប់​មាន​កម្មវិធី​នុយក្លេអ៊ែរ​ផ្នែក​យោធា​រួចទៅហើយ ប៉ុន្តែ ជា​កម្មវិធី​ភ្លុយតូញ៉ូម (Plutonium)។ កូរ៉េ​ខាងជើង​ក៏​​​ធ្លាប់​បាន​ធ្វើការ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ចំនួន ​ពីរលើក​រួចមកហើយ​ដែរ។ គេ​ប៉ាន់ស្មានថា រហូតមកទល់ពេល​បច្ចុប្បន្ន​នេះ របប​កុម្មុយនិស្ត​ព្យុងយ៉ាង​មាន​ភ្លុយតូញ៉ូម​គ្រាប់គ្រាន់ សម្រាប់​ផលិត​​គ្រាប់បែក​នុយក្លេអ៊ែរ​​ពី៦ ទៅ​៨​គ្រាប់។

ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ថ្មីនេះ អាច​ឲ្យ​កូរ៉េ​ខាងជើង​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​បន្ថែម​ទៀត ដោយ​ប្រើ​អ៊ុយរ៉ាញ៉ូម។ អ្នក​ជំនាញ​ខាង​​នុយក្លេអ៊ែរ​បាន​ប៉ាន់ប្រមាណ​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មីនេះ បើសិន​ជា​ដំណើរការ​ពេញលេញ​ដូចការ​អះអាង​របស់​កូរ៉េ​ខាងជើង​មែន គឺ​អាច​បន្សុទ្ធ​ធាតុ​អ៊ុយរ៉ាញ៉ូម​បាន​គ្រប់គ្រាន់​ សម្រាប់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ១គ្រាប់ ក្នុង​មួយឆ្នាំ។

រដ្ឋាភិបាលកូរ៉េ​ខាង​ត្បូង​បាន​​លើកឡើង​ថា ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទីតាំង​នុយក្លេអ៊ែរ​ថ្មី​របស់​កូរ៉េ​ខាងជើងនេះ គឺ​ជា​កង្វល់​ដ៏ធំមួយ។ ចំណែក​ជប៉ុនវិញថា វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យកបាន​ជា​ដាច់ខាត។

នៅ​ពេលនេះ​ប្រេសិត​ពិសេស​របស់​អាមេរិក ទទួល​បន្ទុក​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ទើប​នឹង​បញ្ចប់​ទស្សនកិច្ច នៅ​​កូរ៉េ​ខាង​ត្បូង ហើយកំពុង​​បន្ត​ដំណើរ​ទៅ​ជប៉ុន និង​ចិន ជា​បន្តទៀត ដើម្បី​ជជែក​ពិភាក្សា​អំពី​ការ​ចរចា ៦ភាគី។ អាមេរិក​នៅ​តែ​រក្សា​ជំហរ​ចង់​បើក​ការចរចា ៦ភាគី ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង បើ​ទោះ​ជា​​កូរ៉េ​ខាង​ជើង​បាន​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មី​ទៀត​ ក៏ដោយ។

ការ​បង្ហាញ​អំពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មី និង​ទំនើប​របស់​កូរ៉េ​ខាងជើង នៅពេលនេះ គឺ​ជា​ភស្តុតាង​បង្ហាញ​ថា ការ​ដាក់​សម្ពាធ និង​ការ​ដាក់​ទណ្ឌកម្ម​ មិនមាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​កូរ៉េ​ខាងជើង​មិន​ឲ្យ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ នោះទេ។ ដូច្នេះ ជម្រើស​​ល្អ​ជាង​គេ គឺ​មាន​តែ​ចរចា​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI