កូរ៉េខាងជើងប្រកាសថានឹងមិនផ្លាស់ប្តូរនយោបាយនិងគំរាមកូរ៉េខាងត្បូង
មួយថ្ងៃក្រោយពីលោកគីម ជុងអ៊ុន ត្រូវបានប្រកាសតែងតាំងជាអគ្គមគ្គទេសក៍ថ្មីជំនួសលោកគីម ជុងអ៊ីល នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានប្រកាសប្រាប់សហគមន៍អន្តរជាតិថា កូរ៉េខាងជើងនឹងមិនធ្វើការផ្លាស់ប្តូរនយោបាយរបស់ខ្លួននោះទេ។ ក្នុងពេលជាមួយគ្នានេះ របបដឹកនាំក្រុងព្យុងយ៉ាងក៏បានឆ្លៀតធ្វើការគំរាមរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អស់រយៈពេលជាង១០ថ្ងៃមកហើយ ដែលគេទន្ទឹងរង់ចាំមើលថា តើនៅក្រោយការស្លាប់របស់លោកគីម ជុងអ៊ីល កូរ៉េខាងជើងនឹងមានការផ្លាស់ប្តូរអ្វីដែរឬទេ? តើការស្នងតំណែងនឹងប្រព្រឹត្តទៅដោយរលូនដែរឬក៏យ៉ាងណា? តើលោកគីម ជុងអ៊ុន ដែលជាអ្នកត្រូវឡើងមកស្នងតំណែង ហើយដែលធ្លាប់រស់នៅ និងសិក្សានៅប្រទេសលោកខាងលិច (ស្វ៊ីស) អាចនឹងកែប្រែរបៀបដឹកនាំខុសពីឳពុករបស់គាត់ដែរឬទេ?
នៅថ្ងៃសុក្រនេះ គណៈកម្មការការពារជាតិ ដែលជាស្ថាប័នមានអំណាចកំពូលរបស់កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា គេមិនត្រូវរំពឹងថានឹងមានការផ្លាស់ប្តូរណាមួយនៅកូរ៉េខាងជើងនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ កូរ៉េខាងជើងបានហៅរដ្ឋាភិបាលកូរ៉េខាងត្បូងជាក្រុមអាយ៉ង ហើយថា កូរ៉េខាងជើងនឹងមិនធ្វើការចរចាណាមួយជាមួយរដ្ឋាភិបាលរបស់លោកលី ម្យ៉ុងបាក់នោះទេ។
លើសពីនេះទៅទៀត របបដឹកនាំក្រុងព្យុងយ៉ាងបានរិះគន់សេចក្តីសម្រេចរបស់កូរ៉េខាងត្បូង ដែលបានអនុញ្ញាតឲ្យមានគណៈប្រតិភូក្រៅផ្លូវការតែពីរក្រុម ឆ្លងដែនទៅគោរពវិញ្ញាណក្ខន្ធលោកគីម ជុងអ៊ីល ដោយចាត់ទុកថាជារឿងដែល “មិនអាចអត់ឱនឲ្យបាន”។
ការផ្លាស់ប្តូរមេដឹកនាំកូរ៉េខាងជើង នៅតែជាសំណុំរឿងដ៏គួរឲ្យព្រួយបារម្ភរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលជាគូភាគីក្នុងកិច្ចចរចា ៦ភាគី ស្តីពីសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ ក្រសួងការបរទេសអាមេរិកបានប្រកាសឲ្យដឹងថា អាមេរិកនឹងបញ្ជូនមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួនមួយរូបឲ្យទៅជួបជជែកពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលជាដៃគូក្នុងតំបន់ អំពីស្ថានភាពនៅកូរ៉េខាងជើង។ លោក Kurt Campbell អនុរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វ៊ិក នឹងទៅបំពេញទស្សនកិច្ច នៅចិន កូរ៉េខាងត្បូង និងជប៉ុន ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមករា សប្តាហ៍ក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ